(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ពលរដ្ឋក្រីក្រ១៥គ្រួសារ រស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម និងផ្តល់កង់ចំនួន១១កង់ ជូនក្មួយៗ ជាយុវជនកាកបាទក្រហម និងជាសិស្សរៀនពូកែមានជីវភាពក្រីក្រ ប្រចាំវិទ្យាល័យចាក់អង្រែក្រោមចំនួន១១នាក់ផងដែរ។
នៅក្នុងឱកាសនោះលោក ឌី រ័ត្នខេមរុណ ក៏បានថ្លែងអំណរគុណទៅកាន់ក្មួយៗ កាកបាទក្រហមកម្ពុជាទាំង១១នាក់ និងជាសិស្ស ឆ្នើមប្រចាំវិទ្យាល័យចាក់អង្រែក្រោម ដែលតែងតែចូលរួមគ្រប់សកម្មភាពជាច្រើនជាមួយ អនុសាខាកាកកបាទក្រហមប្រចាំខណ្ឌ មិនថា ជាកិច្ចការងារមនុស្សធម៌ ឬការងារទូទៅរបស់សង្គមជាតិ។
បន្ថែមពីនោះលោកបានស្នើរឲ្យក្មួយប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបជញ្ចក់យកទាំងចំណេះដឹង ចំណេះធ្វើមកដាក់ក្នុងខ្លួនឲ្យបានច្រើន ព្រោះនៅលើលោកនេះ ក្នុងខ្លួនមនុស្សម្នាក់ៗ គ្មានអ្វីអស្ចារ្យក្រៅពីចំណេះវិជ្ជានោះឡើយ ម្យ៉ាងមួយទៀត ក្មួយៗទាំងអស់ គឺជាសសរទ្រូងប្រទេសជាតិ ជាអ្នកមើលថែប្រទេសជាតិ ឲ្យរីកលូតលាស់កាន់តែខ្លាំងទៅថ្ងៃមុខនាពេលបច្ចុប្បន្ន។ លើសពីនេះ លោកប្រធានអនុសាខា បានអំពាវនាវឲ្យក្មួយៗ ចៀសឆ្ងាយពីគ្រឿងញៀន និងក្រុមសង្គមងងឹតផងដែរ។
ជាមួយគ្នានេះ លោកប្រធានអនុសាខាខណ្ឌ ក៏បានផ្ញើក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង១៥គ្រួសារផងដែរ។
លោកថា «ថ្វីត្បិតតែពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែទឹកចិត្តរបស់សម្តេច តែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាតព្រោះ សុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិតដូចគ្នា»។
ចំពោះគ្រឿងឧបភោគ បរិភោគ និងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋក្រីក្រចំនួន១៥គ្រួសាររួមមាន៖ អង្ករ១ប៉ាវ ៣០គីឡូក្រាម មី១កេស ទឹកសុទ្ធ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ ឃីត១ឈុត ( មុង ភួយ ក្រមា ) និងថវិការ៣ម៉ឺនរៀលក្នុង១គ្រួសារផងដែរ៕