(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ បានរិះគន់យ៉ាងខ្លាំងដល់អ្នកវិភាគមួយចំនួន នៅកម្ពុជាថា កំពុងសំងំលាក់ខ្លួនមិនហ៊ានចោទអាមេរិកថា រំលោភច្បាប់ គ្រាដែលភ្នាក់ងារស៊ើបការសម្ងាត់សហរដ្ឋអាមេរិក CIA បានលួចស្តាប់សំឡេង និងសាររបស់មេដឹកនាំប្រទេសដទៃ នៅលើពិភពលោក ហើយត្រូវបានទម្លាយដោយ គេហទំព័រ Wikileaks នាថ្មីៗនេះ។

សម្តេចតេជោ បានចាត់ទុកថា ការសម្ងំស្ងៀមរបស់ក្រុមអ្នកវិភាគទាំងនោះ ហាក់ដូចជាផ្តល់ភាពអយុត្តិធម៌ដល់កម្ពុជា ខណៈដែលមានការធ្លាយចេញ សំឡេងសន្ទនារបស់អ្នកនយោបាយខ្មែរកន្លងមក ពួកគេបែរជាចោទប្រកាន់វាយប្រហារលើរដ្ឋាភិបាល ឬប្រទេសកម្ពុជាថា រំលោភច្បាប់ ឬសិទ្ធិឯកជនទៅវិញ។

ថ្លែងក្នុងពិធីកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលផ្សេងៗមួយចំនួន នៅវត្តសិរីសាគរ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការងឿយឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីអ្នកវិភាគទាំងនោះ មិនជេរអាមេរិក ដូចជេរប្រទេសកម្ពុជា ដឹងច្បាស់ថា អាមេរិកលួចថតសំឡេង និងសាររបស់ប្រទេសដទៃយ៉ាងបើកចំហរ។

សម្តេចបានថ្លែងថា «មិនឃើញអ្នកវិភាគចេញមកវិភាគសោះ។ ឥឡូវអាមេរិកាំងលួចស្តាប់ និងចាប់ជាប់នូវការបញ្ជូនសារ តាមសារ តាម Whatsapp តាមអ្វីៗនោះ គេយកទាំងអស់ និយាយរួមរឿងគេយកបាននេះ គឺគេយកនៅផ្កាយរណបឯណោះ វាមិនពិបាកទេ ម្យ៉ាងទៀត ប្រដាប់ហ្នឹង បើចង់ឱ្យបាត់ ទាល់តែប្រទេសមហាអំណាចឈប់ផលិតរបស់អស់ហ្នឹង»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ឥឡូវហ្នឹង៨០ភាគរយនៃទូរស័ព្ទទាំងអស់គឺគេចាប់យក ប៉ុន្តែស្រុកយើងនេះ នៅពេលដែលបែកធ្លាយអ្វីៗ គឺ(គេថា)ខុសច្បាប់ទាំងអស់ ។ ឥឡូវអត់មានអ្នកណាចេញមុខជេរអាមេរិកាំង ជេរពួក CIA ថាខុសច្បាប់។ CIA វាលួចស្តាប់តាំងពីមេដឹកនាំ នៅអឺរ៉ុបនិយាយផង»

នាថ្មីៗនេះ គេហទំព័រដ៏ល្បីលើពិភពលោក Wikileaks បានចេញផ្សាយដោយផ្អែកឯកសារសម្ងាត់ Vault7 ដែលបែកធ្លាយថា ទីភ្នាក់ងារស៊ើបការ សម្ងាត់អាមេរិក CIA មានលទ្ធភាព Hack និងប្រមូលសារឆ្លើយឆ្លង ឬ Messages នៅលើ WhatsApp និងកម្មវិធីទូរស័ព្ទដៃជាច្រើន នៅលើពិភពលោក ហើយភ្នាក់ងារមួយនេះ កំពុងគ្រប់គ្រងទូរស័ព្ទដៃស្មាតដល់ទៅ ៨៥ភាគរយ នៅទូទំាងពិភពលោក។

យោងតាមឯកសារសម្ងាត់លេចធ្លាយជាង ៨,៧៦១ច្បាប់ក្រោមលេខកូដ Vault7 ស្ដីពីសមត្ថភាព Hack របស់ CIA ប្រព័ន្ធកម្មវិធី Android នៃក្រុមហ៊ុន Google ដែលប្រើនៅលើទូរស័ព្ទដៃស្មាតហ្វូនជាង ៨៥ភាគរយ នៅទូទំាងពិភពលោក ជាពិសេសគឺផលិតដោយក្រុមហ៊ុន Samsung និង Sony ជាដើមត្រូវបានទីភ្នាក់ងារចារកម្មអាមេរិក CIA មួយនេះគ្រប់គ្រង និងប្រើប្រាស់ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងប្រមូលព័ត៌មាន ឬក៏ទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់។ Wikileaks បានអះអាងថា CIA ក៏បានផលិតវីរុសព្រមទំាងកម្មវិធីរាប់ពាន់ ដែលអនុញ្ញាតឱ្យខ្លួនចូល Hack ប្រមូលសារឆ្លើយឆ្លងនៅលើកម្មវិធី WhatsApp, Weibo និង Clockman ចំណែកឯកសារជាអក្សរ ឬជាសំឡេងក៏ត្រូវបាន CIA Hack ផងដែរ។

សូមជំរាបថា ហ្វេសប៊ុក សីហា បានផ្សាយពីសំលេង និងសាររបស់អ្នកនយោបាយមួយចំនួនដូចជា សំលេងនិងសាររបស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងលោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្ររបស់គណបក្សប្រឆាំងនៅកម្ពុជា, ទាក់ទងគ្នាជាមួយសម្ដេចតេជោ ហ៊ុន សែន ដែលសំលេងឆ្លងឆ្លើយទាំងអស់នោះ ត្រូវបានអ្នកព័ត៌មានយកមកផ្សាយបន្តទាំងស្រុង ដោយដកស្រង់ ប្រភពពី Facebook នោះ ស្រាប់មានក្រុមអ្នកដែលតាំងខ្លួនឯងថា ជាអ្នកវិភាគឯករាជ្យមួយដំបរស្វាបានចេញមុខភ្លាមមកធ្វើការវិភាគ ខ្លះទាំងកំពុង នៅក្នុងមុង ខ្លះមិនទាន់ទាំងស្វាងស្រាសផង ចេញមុខមកអះអាងថា ការផ្សាយនោះវាខុសច្បាប់ ផ្សាយគ្មានវិជ្ជាជីវៈ សរសេរយោងតែម្ខាងជាដើម។

ប៉ុន្តែពេលនេះ Wikileaks បានចេញផ្សាយជាសាធារណៈនូវសារសំលេង និងឯកសារសម្ងាត់ៗបំផុតរបស់ រដ្ឋាភិបាល និងឯកជនជាថ្នាក់ដឹកនាំ នៅលើពិភពលោកជាច្រើនដោយទាំងសំលេង និងឯកសារសម្ងាត់ទាំងអស់នោះសុទ្ធតែបានមកពីប្រភពអនាមឹក ហើយមានបណ្ដាញ ព័ត៌មានអន្តរជាតិធំៗដកស្រង់យកទៅផ្សាយបន្តព្រោងព្រាតដូចជា បណ្ដាញព័ត៌មាន CNN របស់អាមេរិក, BBC របស់អង់គ្លេស, Reuters របស់អង់គ្លេស, AP របស់អាមេរិក....ជាដើម។ល។ តែគេមិនដែលឃើញមានអ្នកវិភាគខ្នាតអន្តរជាតិណាចេញមុខចោទប្រកាន់ថា បណ្ដាញព័ត៌មានទាំងអស់នោះផ្សាយ ខុសច្បាប់, ផ្សាយគ្មានវិជ្ជាជីវៈនោះឡើយ ហើយសូម្បីតែពួកអ្នកវិភាគត្បាញអាយនៅស្រុកខ្មែរមួយចំនួន ក៏មិនដែរបញ្ចេញប្រតិកម្មចោទបណ្ដាញ ព័ត៌មានអន្តរជាតិធំៗទាំងអស់នោះដូចគ្នា។

ចុះចំលែកអីតែព័ត៌មាននៅស្រុកខ្មែរ ឲ្យតែសរសេរខុសពីគំនិតដែរពួកគេចង់បាន គឺដឹងតែចោទថា ផ្សាយលំអៀង ផ្សាយគ្មានវិជ្ជាជីវៈ ផ្សាយខុសច្បាប់ជាដើម ចុះត្រង់ខ្លួនឯងវិភាគនៅតែក្នុងមុង វិភាគទាំងបិទភ្នែក វិភាគផ្កាប់មុខគាំទ្រតែបក្ខពួកខ្លួននោះ ម្ដេចមិនចោទខ្លួនឯងវិភាគល្មើសច្បាប់ វិភាគគ្មានវិជ្ជាជីវៈ វិភាគលំអៀងផងទៅ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖