(ភ្នំពេញ)៖ ដោយមានការផ្សព្វផ្សាយពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល អំពីផលប៉ះពាល់ នៃអាហារបំប៉នឈ្មោះ PC Organic Brand ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រព័ន្ធសរសៃប្រាសាទ ក្មេង និងកុមារតូចៗនោះ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្រ្តីកាំកុងត្រូលរាជធានីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដឹកនាំដោយលោក ទុំ សំណាង អនុប្រធាននាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសាធារណៈ បានចុះត្រួតពិនិត្យ និងស្វែងរកផលិតទាំងនេះនៅផ្សារ តាមម៉ាត និងហាងលក់ដូរ ក្នុងខណ្ឌពោធិ៍សែនជ័យ។
លោក តែ អ៊ិតលាង អនុប្រធានសាខាកាំកុងត្រូល អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានដឹកនាំមន្រ្តីជំនាញចូលរួមផងដែរនោះ បានបញ្ជាក់ថា «នៅថ្ងៃនេះយើង បានចុះស្រាវជ្រាវ រកផលិតផលអាហារបំប៉ន ដែលមានឈ្មោះខាងលើ សំដៅធ្វើយ៉ាងណា ដើម្បីកុំឲ្យមានការដាក់តាំងលក់ ឬធ្វើចរាចរណ៍ នៅក្នុងទីផ្សារនៅខណ្ឌពោធិ៍សែនជ័យ។ មន្ត្រីជំនាញរបស់យើងបានចុះត្រួតពិនិត្យ តាមម៉ាតធំៗ តាមហាងលក់ដូរ និងតាមផ្សារ តែជាលទ្ធផល យើងពុំបានរកឃើញ អាហារបំប៉ននេះទេ»។
បើតាមលោក តែ អ៊ិតលាង នៅថ្ងៃដដែលនេះ ក្រុមការងារបានតាមដានអនុលោមភាព តាមអនុក្រឹត្យ ដោយបញ្ជ្រាបអប់រំណែនាំដល់អាជីវករ ដែលប្រកបលក់ដូរ នូវផលិតផលនេះឲ្យបានយល់ដឹង ពីខ្លឹមសារនៃអនុក្រឹត្យ ក្នុងគោលបំណងរួមចំណែក ផ្តល់នូវអាហារូបត្ថម្ភ ឲ្យបានសព្វគ្រប់ និងមានសុវត្ថិភាពដល់ទារក និងកុមារតូចៗ ឲ្យកាត់បានយល់ដឹងថា គ្មានអ្វីប្រសើរផងទឹកដោះម្តាយ ក្នុងការចិញ្ចឹមទារក និងកុមារតូចៗឡើយ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងពីការរាំងខ្ទប់ និងតាមស្វែងរកផលិតផលអាហារ សម្រាប់ទារក និងកុមារតូច «PC Organic Brand» លើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីមន្រ្តីបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានជូនដំណឹងថា ក្រុមហ៊ុន Loblaw Company Limited បានប្រមូលផលិតផលទាំងនេះ ពីទីផ្សារប្រទេសកាណាដាវិញ ដោយសារតែរកឃើញមានបាក់តេរី កំពុងលូតលាស់ នៅក្នុងផលិតផលទាំងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលអង្គភាព Fresh News ទទួលបានកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា «ស្ព័ររបស់បាក់តេរីនេះ នៅក្នុងលក្ខខណ្ឌសមប្រកប (មានខ្យល់ មានភាពសើម) អាចលូតលាស់ដុះដាល និងផលិតសារធាតុពុលខ្លាំង ចំពោះកោសិកាសរសៃប្រសាទ ដែលនិងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ហើយក្នុងករណីធ្ងន់ធ្ងរ បណ្ដាលឲ្យស្លាប់បាត់ជីវិតផងដែរ»។
អគ្គនាយកដ្ឋានកាំកុងត្រូវ បាននិងកំពុងចាត់វិធានការ រួមមាន៖ រាំងខ្ទប់មិនឲ្យនាំចូលផលិតផលទាំងនោះ, ផ្ដល់ព័ត៌មានដល់ ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងរាយ ក្នុងករណីមាននាំចូល និងមានចរាចរណ៍លើទីផ្សារ និងត្រួតពពិនិត្យនៅតាមទីផ្សារធំតូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធី បើមានការដាក់តាំងលក់៕