(ភ្នំពេញ)៖ ចំណេះដឹងក្នុងការជ្រើសរើស ថែរក្សាចំណីអាហារឲ្យមានសុវត្ថិភាព និងការទទួលខុសត្រូវតាមផ្លូវច្បាប់​ក្នុងការនាំចូល ចែកចាយ ផលិត អាហារពុំមានសុវត្ថិភាព ត្រូវបានផ្សព្វផ្សាយដល់សិស្ស និងអាជីវករនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ។ វគ្គផ្សព្វផ្សាយមួយក្រោម ប្រធានបទ«សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់» បានប្រារព្ធធ្វើ​ឡើងនៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ នាល្ងាចថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧នេះ។

វគ្គផ្សព្វផ្សាយនេះបណ្តុះបណ្តាលដោយមន្ត្រីជំនាញមកពី សាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ និងមន្ត្រីជំនាញមក​ពីសាខាកាំកុងត្រូល រាជធានីភ្នំពេញ ដោយមានសិស្សចំនួន២២០នាក់ និងអាជីវករលក់ដូរម្ហូបអាហារ​ក្នុងវិទ្យាល័យទាំងអស់​ចូលរួម។ លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលសុវត្ថិភាពចំណីអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដែលដឹកនាំវគ្គ​ផ្សព្វផ្សាយនេះ បានថ្លែងក្នុងកម្មវិធីបើកវគ្គផ្សព្វផ្សាយនេះថា វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងឲ្យសិស្ស និងបងប្អូនអាជីវករមានការយល់ដឹង នូវចំណេះដឹងដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» ដែលត្រូវតែមានគ្រប់​តំណាក់កាល ចាប់តាំងពីកសិដ្ឋានរហូតដល់តុបរិភោគ។

ចំណុចសំខាន់ៗ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា និងបទដ្ឋានគតិយុត្តិមួយចំនួនទៀត ដែលផ្តោតទៅលើការទទួលខុសត្រូវរបស់ អ្នកនាំចូល អ្នកផលិត អ្នកចែកចាយ ក៏ត្រូវបានយកមកផ្សព្វផ្សាយដល់បងប្អូនអាជីវករផងដែរ។

ក្រុមមន្ត្រីជំនាញ ក៏បានចុះទៅណែនាំផ្ទាល់នូវចំណុចសំខាន់ៗ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា និងបទដ្ឋានគតិយុត្តិមួយចំនួនទៀត ដែលផ្តោតទៅលើការទទួលខុសត្រូវរបស់ អ្នកនាំចូល អ្នកផលិត អ្នកចែកចាយ ដល់បងប្អូនអាជីវករលក់ដូរក្នុងវិទ្យាល័យផងដែរ។

លោក ខៀវ បញ្ញាវឌ្ឍន៍ ក៏បានដឹងផងដែរថា ខ្លឹមសារដែលមន្ត្រីជំនាញកាំកុងត្រូល យកមកផ្សព្វផ្សាយក្នុងពេលនេះ រួមមាន៖ ចំណេះដឹង​ទូទៅអំពី «សុវត្ថិភាពម្ហូបអាហារពីកសិដ្ឋានផលិតដល់តុបរិភោគ» កិច្ចការការពារអ្នកប្រើប្រាស់, តួនាទី និងភារកិច្ចរបស់​អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងការការពារ ទប់ស្កាត់ បង្ក្រាបទល្មើសម្ហូបអាហារ និងកាតទទួលខុសត្រូវចំពោះមុខច្បាប់។ ចំណេះដឹងក្នុង​ការជ្រើសរើសចំណី​អាហារប្រកប​ដោយសុវត្ថិភាព ដែលក្នុងនោះមានចំណេះដឹងក្នុងការពិនិត្យមើលកាលបរិច្ឆេទ ការមើលអនាម័យ​លើចំណីអាហារផ្ទាល់ ការដាក់តាំងលក់ និង  ការពិនិត្យភាពគត់មត់នៃសំបកវេចខ្ចប់។ បង្ហាញបទពិសោធន៍​ជាក់ស្តែងក្នុងការពិនិត្យមើលគុណភាពទំនិញ តាមរយៈសំបកវេចខ្ចប់ និងភាពមិនប្រក្រតីក្នុងសំបកវេចខ្ចប់។ តួនាទីអ្នកប្រើប្រាស់ ក្នុងការរួមចំណែកទប់ស្កាត់ការចែកចាយ ចំណីអាហារពុំមានសុវត្ថិភាព។ សារធាតុគីមីមួយចំនួន ដែលត្រូវបាននិយមលបលួចដាក់បញ្ចូលក្នុងម្ហូបអាហារ និងផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពអ្នកប្រើប្រាស់។ សារសំខាន់របស់សារធាតុអ៊ីយ៉ូត ដែលត្រូវបានប្រើប្រាស់យ៉ាងទូលាយក្នុងអំបិល (អ៊ីយ៉ូត)។

ក្នុងមតិបិទវគ្គផ្សពផ្សាយ លោកខៀវ បញ្ញាវឌ្ឍន៍ បានពាំនាំការផ្តាំផ្ញើលោក ម៉ក់ ពេជ្ជរិទ្ទ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដែលសូមដល់បងប្អូនរកទទួលទានទាំងឡាយ រួមមានអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ មេត្តារួមសហការ​ជាមួយសមត្ថកិច្ចជំនាញ និងមានការទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់ ចំពោះសុខមាលភាពសង្គម កុំគិតតែពីផលចំណេញ។ ម្យ៉ាងទៀតសូមយុវវ័យទាំងអស់ ដែលជាទំពាំងស្នងឬស្សី សុំមេត្តាឆ្លើយយ៉ាងដាច់ខាតថា «ទេ !» ចំពោះគ្រឿងញៀន និងចៀសវៀងកុំប្រើប្រាស់គ្រឿងស្រវឹង និងជក់បារីក្នុងវ័យកំពុងសិក្សា៕