(ភ្នំពេញ)៖ មានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលផ្សេងៗមួយចំនួន ស្ថិតក្នុងវត្ត សិរីសាគរ ហៅវត្តកំពង់ត្របែក ស្ថិតនៅក្នុងភូមិ-ឃុំ-ស្រុក កំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវ កុំឲ្យប្រជាពលរដ្ឋជឿអ្នកនយោបាយមួយចំនួន ដើរសន្យាខ្យល់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពាក្យសន្យាដែលអ្នកនយោបាយនោះ សន្យាហើយគឺធ្វើមិនដែលបាននោះទេ។ សម្តេចតេជោក៏បានរិះគន់ ដល់អ្នកសន្យាមួយចំនួនផងដែរថា ខណៈពួកគេកំពុងជិះកង់ និងនៅផ្ទះស្បូវសោះ បែរជាសន្យាជាមួយប្រជាពលរដ្ឋថា នឹងផ្តល់ម៉ូតូ ឬផ្ទះក្បឿង នៅពេលគេឈ្នះឆ្នោត (សន្យាខ្យល់)។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចំពោះអាអ្នកបោកប្រាស់ត្រឹមពេលតែកន្លះម៉ោង គេរកស៊ីបោកប្រាស់ បាន២កន្លែង ចូលទៅក្នុងផ្សារសួរថាអង្ករ លក់ម៉ាន អ្នកលក់ឆ្លើយថា២ពាន់រៀល ចឹងទេ...គេស្រែកភ្លាមថា ថ្លៃណាស់ ថ្លៃណាស់ងាប់ហើយ បើសិនជាខ្ញុំឈ្នះ បក្សខ្ញុំឈ្នះក្លាយជានាយករដ្ឋមន្រ្តី ខ្ញុំនឹងធ្វើឲ្យចុះត្រឹម១៥០០រៀល។ ពេលគេចេញពីផ្សារកអណ្តើក គេចុះទៅវាលស្រែកម្តង ស្រូវ១គីឡូម៉ាន ១គីឡូ ៨០០រៀល អូថោកណាស់ ថោកណាស់ មិនរួចថ្លៃដើមទេ បើសិនជាបក្សខ្ញុំឈ្នះ ខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំធ្វើឲ្យឡើង១គីឡូ១៥០០រៀល អាលូវយើងគិតមើលមក១៥០០រៀល គាត់នៅក្នុងផ្សារ ២ពាន់ ឲ្យចុះមកត្រឹម១៥០០រៀល ចឹងស្រូវត្រូវចុះមក៦០០រៀលជាងបានត្រូវនឹងអង្ករ យកទៅលក់បាន១៥០០រៀល។ ចឹងបានសេចក្តីថា អ្នកភូតវាភូតបាន ម៉ាកន្លះម៉ោងបាន២កន្លះ ហើយយើងចេះតែចាំជឿអាពាក្យភូតហ្នឹងដែរ»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «បើគេបោកបានម្តងអ្នកភូត គឺជាអ្នកខុស យើងគឺជាអ្នកអត់ខុសទេ ភូតលើកទី២ អ្នកភូតខុស យើងមិនទាន់ខុស តែបើគេភូតបានលើកទី៣ បានសេចក្តីថា អ្នកភូតហ្នឹងអត់ខុសទេ ប៉ុន្តែយើងល្ងង់ម៉ង អាការសន្យាហ្នឹងតិចទៀត មកដល់ហើយ គ្រប់រឿងគ្រប់រ៉ាវទាំងអស់ ហើយមានអាអ្នកជិះកង់មកសន្យាថា បើខ្ញុំឈ្នះ ទិញម៉ូតូឲ្យជិះ ប៉ុន្តែខ្លួនឯងជិះកង់ទៅសោះ​ មានអាខ្លះថា បើខ្ញុំឈ្នះ ខ្ញុំធ្វើផ្ទះក្បឿងឲ្យគ្រប់ៗគ្នា ប៉ុន្តែខ្លួនវានៅផ្ទះស្បូវ អាធន់ហ្នឹងជឿបានអត់? អានេះជាស្ថានភាព១ ដែលខ្ញុំករុណសុំរំលឹក»

ជាការកត់សំគាល់ នេះគឺជាចលនាឃោសនារបស់គណបក្សនយោបាយ មុនពេលការបោះឆ្នោតមកដល់ ប៉ុន្តែឃើញថា ចលនាឃោសនានេះ ក៏មានគណបក្សនយោបាយខ្លះ គោរពទៅតាមការសន្យាជូនប្រជាពលរដ្ឋ តែក៏នៅមានគណបក្សនយោបាយមួយចំនួនទៀត មិនបានធ្វើទៅតាមការសន្យារបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋឡើយ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖