(ភ្នំពេញ)៖ រយៈពេល២ខែ ឆ្នាំ២០១៧ ចាប់ពីខែមករា ដល់ខែកុម្ភៈ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រមូល ចំណូលពន្ធ សម្រាប់ថវិកាជាតិ បានជាង៣៥០លានដុល្លារអាមេរិក។
ការបញ្ជាក់ពីការប្រមូលចំណូលពន្ធនេះ បានបញ្ជាក់ឡើង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន របស់អគ្គនាយកដ្ឋានពន្ធដារ។
ក្នុងឱកាសនោះ លោក គង់ វិបុល បានសម្តែងនូវការអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
លោកបានបញ្ជាក់ថា ជាលទ្ធផល ក្នុងខែកុម្ភៈ ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ចំណូលពន្ធ-អាករគ្រប់ប្រភេទនិងធ្វើបែបបទ សលាកបត្រ បង់ចូលថវិកាជាតិបានចំនួន ៤២១,០៨៦.៣១ លានរៀល (ប្រមាណ ១០៥.២៧ លានដុល្លារ) ប្រសិនបើធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៦ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៧ កើនឡើងចំនួន ៣៨,១៨៥.៧២ លានរៀល (ប្រមាណ ៩.៥៤ លានដុល្លារ) ឬស្មើនឹងអត្រាកំណើន ៩.៩៧%។
លោកបានបញ្ជាក់ថា «សម្រាប់រយៈពេលពីរខែ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភទប្រមូលបាន មានចំនួន ១,៤០៦,៣១៣.១២ លានរៀល (ប្រមាណជា ៣៥១.៥៨ លានដុល្លារ) ស្មើនឹង ២០.៤៩ %នៃគោលដៅកំណត់ដោយច្បាប់»។
ប្រសិនបើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៦ ឃើញថា ចំណូលពន្ធតាមប្រភេទពន្ធ ដែលប្រមូលបានក្នុងខែកុម្ភៈ ឆ្នាំ២០១៧ មានការ កើនឡើងស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេស ប្រភេទពន្ធ-អាករសំខាន់ៗ មានជាអាទិ៍៖ ពន្ធលើប្រាក់ចំណូល កើនឡើង១៦%, ពន្ធលើ ប្រាក់បៀវត្ស កើនឡើង៥៣.១% និងអាករពិសេសកើនឡើង៤៧.៩% ខណៈដែលអាករលើតម្លៃបន្ថែម មានការថយចុះ២.២%។
ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការកំណត់ដោយច្បាប់ចំនួន ៦,៨៦៣,៣០០លានរៀល (គិតជាដុល្លារ ១,៧១៥.៨៣ លានដុល្លារ)។
លោក គង់ វិបុល បានផ្តល់នូវអនុសាសន៍ណែនាំ ដល់អង្គភាពក្រោមឱវាទពន្ធដារ ឲ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយ ប្រសិទ្ធភាពនូវ គោលនយោបាយកែទម្រង់ដ៏មុតស្រួច របស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេល មធ្យមរបស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបានចេញនូវវិធានការ សំខាន់ៗមួយចំនួនដូចខាងក្រោម៖
* បន្តពង្រឹងយន្តការនៃការចុះបញ្ជីពន្ធដារ និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ
* បន្តពង្រឹងប្រសិទ្ធភាពនៃការចាត់ចែងការដាក់លិខិតប្រកាសសារពើពន្ធរបស់អ្នកជាប់ពន្ធ
* បន្តពង្រឹងការធ្វើសវនកម្មលើសហគ្រាសដែលមានហានិភ័យខ្ពស់ ដែលព្យាយាមគេចវេះកាតព្វកិច្ចបង់ពន្ធ តាមគ្រប់រូបភាព
* បន្តពង្រឹង និងបណ្តុះបណ្តាលសមត្ថភាពរបស់មន្ត្រីរាជការពន្ធដារ តាមរយៈការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជំនាញបន្ថែម ទាំងក្នុងនិងក្រៅប្រទេស
* បន្តពង្រឹងអភិបាលកិច្ចល្អនិងកែប្រែផ្នត់គំនិតរបស់មន្ត្រីពន្ធដារ ឲ្យក្លាយជាអ្នកបម្រើសេវាសាធារណៈបានល្អ
* បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសរៀបចំអភិវឌ្ឍកម្មវិធីគ្រប់គ្រងការប្រមូលពន្ធគ្រប់ប្រភេទតាម បច្ចេវិទ្យាព័ត៌មាន
* បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ក្នុងចំណោមធុរជនគ្រប់ មជ្ឈដ្ឋានតាមរយៈ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធពន្ធដារកម្ពុជា។
* បន្តអប់រំណែនាំ ពង្រឹងការអនុវត្តច្បាប់ និងសមត្ថភាពមន្រ្តីពន្ធដារគ្រប់លំដាប់ថ្នាក់ ពង្រឹងអភិបាលកិច្ចល្អរបស់រដ្ឋបាលសារពើពន្ធ ជាពិសេសការកែប្រែផ្នត់គំនិត (Mindset) របស់មន្រ្តីរាជការពន្ធដារគ្រប់រូប ឲ្យយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដោយឈរលើមនសិការវិជ្ជាជីវៈ និងស្មារតីតម្កល់ផលប្រយោជន៍ជាតិ ជាចម្បង ដោយចូលរួមអនុវត្តព្រមៗគ្នានូវកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាធានា បាននូវប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ ដោយផ្អែកលើអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង ព្យាបាលជម្ងឺ» ដែលបានដាក់ចេញដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និងអភិក្រមការងារទាំងបួនដែលបានដាក់ ចេញដោយទេសរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច។
ជាមួយគ្នានេះ លោក គង់ វិបុល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ គ្រប់អង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការខិតខំ ប្រឹងប្រែងប្រមូលចំណូលរហូត ទទួលបានលទ្ធផលយ៉ាង ល្អប្រសើរ ដែលនេះគឺជាជោគជ័យរួម របស់អគ្គនាយកដ្ឋានពន្ធដារ ព្រោះថា ប្រសិនបើមិនមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធលទ្ធផល ប្រមូលចំណូលពន្ធនេះ នឹងមិនអាចសម្រេចទៅប្រកបដោយលទ្ធផលត្រចះត្រចង់បែបនេះបានឡើយ៕