(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចមានបំណងនឹងបញ្ជូនមន្រ្តីនយោបាយមួយចំនួនរបស់កម្ពុជា ទៅចូលរួមផ្តល់ប្រឹក្សាយោបល់ដល់ប្រទេសមីយ៉ាន់ អំពីគោលនយោបាយឈ្នះៗ ដែលកម្ពុជាអនុវត្តជោគជ័យកន្លងមក។
ការអះអាងអំពីគម្រោងបញ្ជូនមន្រ្តីទៅប្រឹក្សាយោបល់ ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ានេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានដំណើរទស្សនកិច្ច របស់ លោក Min Aung Hlaing អគ្គមេបញ្ជាការជាន់ខ្ពស់របស់មីយ៉ាន់ម៉ា នៅប្រទេសកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះ លោក Min Aung Hlaing ក៏បានជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ ដើម្បីស្នើសុំរៀនសូត្រពីកម្ពុជាអំពីគោលនយោបាយឈ្នះៗ។
ថ្លែងក្នុងពិធីកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលផ្សេងៗមួយចំនួន នៅវត្តសិរីសាគរ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គម្រោងបញ្ជូនមន្រ្តីទៅប្រទេសមីយ៉ាន់ម៉ានេះ គឺដើម្បីរៀនសូត្រពីប្រទេសមីយ៉ាន់ម៉ាផង និង ផ្តល់ប្រឹក្សាដល់មីយ៉ាន់ម៉ាផង ដែលធ្វើឡើងក្នុងគោលបំណងដោះដូរបទពិសោធន៍គ្នា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅក្នុងជំនួបពិភាក្សានោះ គឺបានស្វះស្វែងដកពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេស ខាងមីយ៉ាន់ម៉ាគឺទទួលយល់ដឹងអំពីបញ្ហាទាក់ទិននឹង ជាមួយនឹងជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់កម្ពុជា ដែលមីយ៉ាន់ម៉ាមានបំណងនឹង ដកបទពិសោធន៍ អំពីនយោបាយឈ្នះៗរបស់កម្ពុជា។ តាមរយៈនោះ យើងក៏អាចប្រឹក្សាយោបល់ តែមិនមែនជាគ្រូនោះទេ ប៉ុន្តែយើងអាច ប្រឹក្សាយោបល់ជាមួយនឹងថា របៀបរកសន្តិភាពបញ្ចប់ជម្លោះប្រដាប់អាវុធ តើគួរធ្វើរបៀបម៉េច យើងគ្រាន់តែអាចផ្តល់នូវបទពិសោធន៍របស់យើង ប៉ុន្តែបទពិសោធនរបស់យើង មិនទាន់ល្មមគ្រប់គ្រាន់ ដើម្បីយកទៅអនុវត្តនៅប្រទេសមីយ៉ាន់ម៉ានោះទេ»។
កម្ពុជាបានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ រយៈពេលជាង៣ទសវត្សរ៍ ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ដោយលោកសេនាប្រមុខ លន់ នល់ ដែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ក្រោយមកក្រុមបដិវត្តប៉ុលពត បានវាយកម្ទេចរបបសាធារណរដ្ឋ ខ្មែរបស់លោក លន់ នល់ នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ហើយបង្កើតជាវិនាសកម្មសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់។ របបខ្មែរក្រហមត្រូវបានផ្តល់ រំលំដោយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុន្តែសង្រ្គាមផ្ទៃក្នុងនៅមិនទាន់ចប់នោះទេ។ កម្ពុជាត្រូវបានចែក ជាប្រទេសដែលមានតំបន់ត្រួតត្រា៤។
ក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលមានសម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាក្សត្រ និងសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ។ កម្ពុជាក៏មិនទាន់ស្រុះស្រួលគ្នាទាំងស្រុងនៅឡើយទេ ដោយគ្រាន់តែប្តូរពីកម្ពុជា មួយមានតំបន់ ត្រួតត្រា៤ មកជាកម្ពុជាមួយមានតំបន់ត្រួតត្រា២ប៉ុណ្ណោះនោះគឺត្រួតត្រាដោយ ខ្មែរក្រហម នៅភាគពាយ័ព្យ និងដោយគណបក្ស ប្រជាជនកម្ពុជា។ គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានដាក់ចេញកាលពីឆ្នាំ១៩៩៦ ដោយធ្វើសមាហរណកម្ម ក្រុមទាំងពីរនេះ ដែលនាំឱ្យមានការឯកភាពជាតិពេញ ហើយមានសន្តិភាពរហូតដល់សព្វថ្ងៃនេះ។
ជាមួយនឹងបទពិសោធន៍នៅក្នុងការបង្រួបបង្រួមក្រោមគោលនយោបាយឈ្នះៗនេះ កម្ពុជាក៏ធ្លាប់បានចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការ បញ្ចប់សង្រ្គាម បញ្ចប់ជម្លោះប្រដាប់អាវុធ ដល់ប្រទេសមួយចំនួន នៅលើពិភពលោកផងដែរ ហើយក៏បានទទួលការគាំទ្រខ្លាំងថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «យើងធ្លាប់បានផ្តល់នូវបទពិសោធន៍នេះ នៅប្រទេសនេប៉ាល់ ទាក់ទឹងនឹងបទឈប់បាញ់និងការ រំសាយនូវការគ្រប់គ្រង កម្លាំងប្រដាប់អាវុធ និងកងទ័ពបន្ទាប់ពីមានការបោះឆ្នោត។ កម្ពុជាមានបទពិសោធន៍សម្បូរបែបហើយចាត់ទុកថា ជាបទពិសោធន៍ដ៏ល្អ ពីប្រទេសមួយដែលមានតំបន់ត្រួតត្រាច្រើន មានកម្លាំងប្រដាប់អាវុធច្រើន ទៅជាប្រទេសមួយដែលមានកម្លាំងត្រួតត្រាតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ នេះហើយជារឿងអច្ឆរិយៈចំពោះព្រះរាជាណាចក្រកម្ពុជា ដែលនៅលើពិភពលោកនេះ មិនទាន់មានច្រើនទេ»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ទៀតថា «នៅស្រីលង្កាបានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីវ៉ៃផ្តាច់ពួកឧទ្ទាមខ្លាតាមិលតែម្តង។ នេះមិនមែនជាការអនុវត្តនូវនយោបាយឈ្នះៗនោះទេ។ នៅហ្វីលីពីនកំពុងបែងចែកនូវកោះ ម៉ារ៉ូណាវ ...ឥឡូវពួកអាប៊ុលសាយ៉ាត ទៅចូលរួមជាមួយពួក ISIS ទៅកាត់ក្បាលពួកអាល្លឺម៉ង់ រឿងរ៉ាវមិនធម្មតាពេកទេ ប៉ុន្តែនៅកម្ពុជាយើង ពីសម័យហែកហួរដោយសង្គ្រាម យើងមានលទ្ធភាពកសាងសន្តិភាពតាមរយៈសន្តិភាពនោះហើយ»៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖