(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានព្រមាន និងស្នើសុំឲ្យលុបកិច្ចសន្យាវិនិយោគចោលភ្លាម បើសិនប្រធានផ្សារ ទាំងឡាយណា នៅក្នុងខេត្ត បន្តយកថ្លៃភាស៊ីពីក្រុមអាជីវករលក់ដូរតាម កញ្ច្រែង កញ្ជើញ និងល្អី ផ្ទុយពីការសម្រេច និងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ បងប្អូនអាជីវករនៅផ្សារស្ទោង ក្នុងឃុំ កំពង់ចិនត្បូង ស្រុកស្ទោង និងផ្សារថ្នល់បែក ក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ដើម្បីស្វែងយល់អំពីស្ថានភាពជីវភាព និងការប្រកប មុខរបររបស់ពួកគាត់។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្តបានជម្រាបជូនដល់អាជីវករទាំងអស់ថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញាត ឲ្យបងប្អូនអាជីវករដែលលក់ដូរ នៅក្នុងផ្សារតាមតូបនីមួយៗ ឬកន្លែងដែលបងប្អូនអាជីវករកំពុងលក់ដូរសព្វថ្ងៃនេះ អាចលក់ដូរតកូន តចៅ និងមិនមានអាណត្តិឡើយ ហើយសម្រាប់បងប្អូនដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី...(ផលិតផលរបស់ខ្លួន ដែលយកមកលក់ផ្ទាល់ ម្តងម្កាល) គឺមិនឲ្យបង់ថ្លៃភាស៊ីទេ»។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជីវករទាំងអស់ ឲ្យផ្តល់ព័ត៌មានដល់អាជ្ញធរមូលដ្ឋាន ឬមករដ្ឋបាលខេត្ត ប្រសិនណាបើមាន ជនខិលខូច ដើរយកភាស៊ី ពីបងប្អូនអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី...។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង កញ្ជើ និងល្អី បានជម្រាបលោកអភិបាលខេត្តថា កន្លងមកអ្នកយក ភាស៊ីពេលខ្លះ យកភាស៊ីពីពួកគាត់ ពេលខ្លះមិនយកដែរ។ រីឯបងប្អូនអាជីវករក្នុងផ្សារ ក៏ធ្លាប់បានដឹងដែរ ពីការដែលសម្តេចឲ្យលក់ដូរ ដោយគ្មានអាណត្តិ តាមរយៈFacebook របស់សម្តេចផ្ទាល់ និងតាមរយៈការផ្សព្វផ្សាយរបស់អាជ្ញាធរ ឃុំ-ស្រុក។
បងប្អូនអាជីវករ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហា ទាន់ពេលវេលា ហើយបងប្អូនអាជីវករទាំងអស់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជារាស្រ្ត ពិសេសស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ និងផ្តល់ជំនឿជឿជាក់ដល់ប្រជារាស្រ្ត។ បងប្អូននៅតែគោរពស្រឡាញ់សម្តេចតេជោជានិច្ច និងសូមឲ្យសម្តេចបន្តដឹកនាំប្រទេសឲ្យបាន កាន់តែយូរតទៅទៀត ដើម្បីអភិវឌ្ឍន៍ប្រទេស និងរក្សាសុខសន្តិភាពយូរអង្វែងទៀត៕