(សៀមរាប)៖ លោក អឿន សំអុន អនុប្រធានលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ក្នុងខែកុម្ភៈ កន្លងទៅ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានចុះអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីបេតិកភណ្ឌដល់ ប្រជាពលរដ្ឋបានចំនួន ៩ភូមិ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៥១៨នាក់ ដើម្បីឲ្យពួកគាត់ចូលរួមជួយក្នុងកិច្ចការថែរក្សា ការពារនិងអភិរក្សសម្បត្តិ បេតិកភណ្ឌ។

លោកបានបន្ថែមទៀតថា ក្រុមការងារ បានពិនិត្យ និងអនុញ្ញាតសំណើសុំសាងសង់សំណង់តូចតាច ដល់មូលដ្ឋានជូន ប្រជាពលរដ្ឋផ្ទាល់ បានចំនួន ៦០ករណី និងចែកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកជូនដល់ស្រ្តី ទើបឆ្លងទន្លេរួច ចំនួន១៦៤គ្រួសារ។

ក្រៅពីនេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ក៏បានចុះសាកសួរសុខទុក្ខ ដោយនាំយកថវិការបស់ អាជ្ញាធរជាតិ អប្សរា ចំនួន២លានរៀល ទៅឧបត្ថម្ភ លោក ឈួន ឯម មេឃុំស្វាយចេក ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ និងថវិកាចំនួន ១លានរៀលទៀត ទៅឧបត្ថម្ភការសាងសង់សាលាឆទាន នៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាបផងដែរ។

គួរបញ្ជាក់ថា អង្គរជារមណីយដ្ឋានមានជីវិត ដែលផ្តុំឡើងដោយសមាសធាតុសំខាន់ៗ ចំនួន៣គឺ ប្រាង្គប្រាសាទ, បរិស្ថាននិង សហគមន៍មនុស្ស។ ការធ្វើឲ្យមានសុខដុមនីយកម្មទៅ នឹងសមាសធាតុខាងលើនេះ គឺវាកាន់តែជួយលើកតម្លៃ រមណីយដ្ឋានអង្គរ ឲ្យលេចធ្លោជាសកលឡើងថែមទៀត និងបានក្លាយទៅជាចលករយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវ ចម្រុះជាតិសាសន៍ឲ្យមក ទស្សនារមណីយដ្ឋានអង្គរ កាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ។

ក្នុងបរិបទនេះហើយបានជា អាជ្ញាធរជាតិអប្សរាត្រូវផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងស្តីពីបេតិកភណ្ឌ ដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់ បានយល់សំដៅធ្វើយ៉ាងណា ដើម្បីឲ្យបេតិកភណ្ឌនេះគង់វង្ស ដល់កូនចៅជំនាន់ក្រោយទៀត។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរជាតិអប្សរាក៏បានឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ដែលស្នើសុំសាងសង់សំណង់ តូចតាច និងអនុញ្ញាតជូនពួកគាត់ភ្លាមៗនៅនឹងកន្លែង ដើម្បីជួយសម្រួលដល់ពេលវេលា និងការធ្វើដំណើររបស់ពួកគាត់។ បន្ថែមពីនេះទៀត ក្រុមការងារសហគមន៍ ក៏ជាក្រុមជួយសង្គ្រោះបន្ទាន់ ក្នុងករណីគ្រោះថ្នាក់ធម្មជាតិ ដែលកើតមានឡើង ចំពោះប្រជាពលរដ្ឋ ក្នុងតំបន់អង្គរ និងនាំយកកញ្ចប់ទារក ចែកជូនស្ត្រីទើបសម្រាលកូនផងដែរ៕