(កំពង់ស្ពឺ)៖ នៅទីបំផុត! អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ លោកចៅក្រម ម៉ែន វណ្ណៈ បានចេញមុខសុំទោសក្រឡាបញ្ជីរបស់ខ្លួន គឺលោក ឈៀង គីមហាក់ ជាសាធារណៈចំពោះទង្វើ និងការប្រមាថយ៉ាងធ្ងន់ធ្ងរ ដែលបានយកកាំភ្លើងទៅភ្ជង់ក្បាលបង្ខំឲ្យផឹកស្រា និងយកឈើច្រត់ គ្រវែងចោលទៀតផង។
សម្រាប់ការចេញមុខមកសុំទោសជាសាធារណៈដោយទទួលស្គាល់នូវកំហុសរបស់ខ្លួនខាងលើនេះ ក្រឡាបញ្ជីជាជនពិការផងនោះលោក ឈៀង គីមហាក់ ក៏បានទទួលយកដោយពេញចិត្ត ព្រមទាំងសុំអំពាវនាវដល់មហាជន ជួយលើកកម្ពស់ជនពិការទូទាំងប្រទេសផងដែរ។
សេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ លោក ម៉ែន វណ្ណៈ បានបញ្ជាក់ថា «ខ្ញុំបាទឈ្មោះ ម៉ែន វណ្ណៈ ជាអនុប្រធាន សាលាដំបូងខេត្តកំពង់ស្ពឺ សូមសុំទោសជាសាធារណៈចំពោះលោក ឈៀង គីមហាក់ និងមហាជនចំពោះទង្វើរបស់ខ្ញុំ»។
លោក ម៉ែន វណ្ណៈ ក៏បានលើកផងដែរ រាល់ទង្វើរបស់លោកចំពោះក្រឡាបញ្ជីរូប គ្រាន់តែជាការលេងសើចក្នុងនាមជាមេ និងកូនចៅប៉ុណ្ណោះ ហើយសូមកោតសរសើ និងមានចិត្តអាណិតស្រឡាញ់យ៉ាងខ្លាំង គឺរាប់អានជាងកូនចៅផ្សេងទៀតផងដែរ។ លោកបន្តថា «ជាចុងក្រោយ ខ្ញុំសូមសុំទោសលោក ឈៀង គីមហាក់ ជាសាធារណៈ ហើយសូមលោក ឈៀវ គីមហាក់ ឈប់ខឹងនិងប្រកាន់ខ្ញុំតទៅទៀត»។
នៅរសៀលថ្ងៃដដែលនេះ លោក ឈៀវ គីមហាក់ បានថ្លែងប្រាប់អង្គភាព Fresh News ថា «ចំពោះការសុំទោសនេះ ខ្ញុំអាចទទួលយកបាន និងដោយមិនចង់បានអ្វីក្រៅពីនេះទេ តែសូមឲ្យមានការលើកកម្ពស់ និងគោរពស្រឡាញ់ដល់ជនពិការនៅទូទាំងប្រទេសផងដែរ»។
សូមបញ្ជាក់ថា លោក ឈៀវ គីមហាក់ ក្រឡាបញ្ជីដែលជាជនពិការមួយរូប នៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ បានដាក់ពាក្យប្ដឹងទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទៅលើអនុប្រធានសាលាដំបូងលោកចៅក្រម ម៉ែន វណ្ណៈ ពីបទគំរាមកំហែងអាយុជីវិតដោយយក កាំភ្លើងភ្ជង់ក្បាល ព្រមទាំងយកឈើច្រត់របស់លោកគ្រវាត់ចោល ដែលបង្ហាញពីការមាក់ងាយ និងប្រមាថដល់មន្រ្តីរាជការ ជាជនពិការយ៉ាងធ្ងន់ធ្ងរ។
ពាក្យបណ្ដឹងដែលបានរៀបរាប់ ហេតុការណ៍កើតឡើង២ដង ដោយលើកទី១ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី២ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ សុធា ចារបានឃើញ និងគោរពជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សូមមេត្តាពិនិត្យ និងសម្រេច។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្រឡាបញ្ជីជាជនពិការរូបនេះ ភ្លាមៗនៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា ក៏បានបញ្ជាឲ្យធ្វើអធិការកិច្ចជាបន្ទាន់មួយចំពោះរឿងនេះ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អង្គភាព Fresh News ថា «ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យចុះធ្វើ អធិការកិច្ចបន្ទាន់មួយ ពាក់ព័ន្ធនឹងករណីនេះហើយ ដើម្បីរកខុសត្រូវ និងរកយុត្តិធម៌ជូនជនរងគ្រោះ»។
មន្រ្តីសាលាដំបូងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សម្រាប់ករណីនេះថ្នាក់ដឹកនាំ និងភាគីទាំង២ បានធ្វើការដោះស្រាយគ្នាហើយ ដើម្បីឈានទៅដល់ការបញ្ចប់រឿង៕