(កំពង់ធំ)៖ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ជូ សំអាន នៅមួយរយៈពេលចុងក្រោយនេះ បានរងនូវការប្តឹងផ្តល់យ៉ាងខ្លាំង ពីសំណាក់មន្រ្តីនគរបាលក្រោមឱវាទរបស់ខ្លួន តាំងពីថ្នាក់នាយនគរបាលប៉ុស្តិ៍ រហូតដល់ស្នងការរងសំខាន់ៗចំនួន៥រូប ដោយស្នើសុំឲ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើការផ្លាស់ប្តូរចេញ ដោយសារតែការដឹកនាំពោពេញទៅដោយ បក្ខពួកនិយម ពុករលួយ និងមិនទទួលខុសត្រូវរួមនៅក្នុងអង្គភាពតែម្តង។

បន្ទាប់ពីមានរឿងរ៉ាវខាងលើនេះកើតឡើង ស្រាប់តែនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ មានការធ្លាយឯកសារថ្មីមួយទៀត បានកើតឡើងនោះ គឺលោកឧត្តមសេនីយ៍ទោ ជូ សំអាន បានធ្វើរបាយការណ៍ភូត អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត​ សាវឿន គឺយករថយន្តមួយគ្រឿងម៉ាក Highlander ដែលដឹកឈើក្រញូងទៅលក់ឲ្យឈ្មួញវិញ តម្លៃខ្ទង់ម៉ឺនដុល្លារ ខុសពីខ្លឹមសារដែលលោកបានស្នើសុំទៅថ្នាក់លើថា «យកមកបម្រើក្នុងអង្គភាព»

យោងតាមរបាយការណ៍មួយ ដែលលោកឧត្តមសេនីយ៍ស្នងការ ផ្ញើជូនទៅនាយឧត្តមសេនីយ៍ នេត សាវឿន នៅចុងឆ្នាំ២០១៦ ដែលអង្គភាព Fresh News ទទួលបានពីក្រុមមន្រ្តីនគរបាលខេត្តកំពង់ធំនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ បានបង្ហាញថា នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានស្ទាក់ចាប់រថយន្តម៉ាក Highlander មួយគ្រឿង ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ2Z-9276 ដឹកឈើក្រញូងចេញពីខេត្តសៀមរាប។

បន្ទាប់ស្ទាក់ចាប់បានហើយលោកឧត្តមសេនីយ៍ស្នងការ ជូ សំអាន បានធ្វើរបាយការណ៍ទៅនាយឧត្តមសេនីយ៍​ នេត សាវឿន ដោយរៀបរាប់ថា លោកបានទាក់ទងទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងស្នើសុំរថយន្តនេះ «យកមករក្សាទុកសម្រាប់ពាក់ស៊ីរ៉ែនបម្រើការងារ នៅក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្ត»។ ការស្នើសុំនេះត្រូវបានលោកព្រះរាជអាជ្ញាឯកភាព​ផងដែរ។

ប៉ុន្តែ​បើតាមមន្រ្តីនគរបាលខេត្តកំពង់ធំ លួចបង្ហើបថា តាមការពិតរថយន្តម៉ាក Highlander ដែលស្ទាក់ចាប់បាននោះ ត្រូវបានលោកស្នងការ ជូ សំអាន យកទៅលក់ឲ្យក្រុមឈ្មួញឈើវិញតម្លៃខ្ទង់ម៉ឺនដុល្លារ ហើយបានយកស្លាកលេខរថយន្តនេះ ទៅបំពាក់លើរថយន្តផ្សេងវិញ គឺម៉ាកលុចស៊ីស RX-300 ពណ៌ខ្មៅ ​ដែលជាកម្មសិទ្ធិរបស់លោក។

សូមបញ្ជាក់ថា កាលពីពេលកន្លងថ្មីៗនេះ ស្នងការរងទាំង៥រូបរបស់ខេត្តកំពង់ធំ រួមមាន៖ លោកឧត្តមសេនីយត្រី ឱម ទីលី លោកឧត្តមសេនីយ៍ត្រី លឹម ហេន លោកឧត្តមសេនយ៍ត្រី លន ណាឡោម លោកឧត្តមសេនិយ៍ត្រី កែ ខាន់ណាឡា និងលោកវរសេនីយ៍ឯក កែវ សុផល ក៏បានប្តឹងលោកស្នងការ ស្នងការរង អ៊ិត​ គឹមស្រ៊ន ទៅសម្តេចក្រឡាហោម អំពើពុករលួយ​នៃការដឹកនាំ។

ស្នងការរងទាំង៥រូប បានរៀបរាប់ថា លោកឧត្តមសេនីយ៍ទោ ជូ សំអាន អសមត្ថភាពដឹកនាំ គ្មានការទទួលខុសត្រូវ ជឿតែការ​ចាក់រុកពីស្នងការរង អ៊ិត គឹមស្រ៊ន មានភាពយឺតយ៉ាវ ស្ពឹកស្រពន់ ពេលមានបញ្ហាមិនចេះផ្ដល់យោបល់ ឬគោលការណ៍​ច្បាស់លាស់ ពុំដែលប្រជុំគណៈស្នងការ ក៏ដូចជា គណៈកម្មាធិការស្នងការ ធ្វើតែតាមអារម្មណ៍របស់ស្នងការរង អ៊ិត គឹមស្រ៊ន។

ពាក្យបណ្ដឹងនេះ បានលើកឡើងថា លោកស្នងការ បានឃុបឃិតជាមួយស្នងការរង អ៊ិត គឺមស្រ៊ន តែងតាំងមន្រ្តីថ្នាក់​នាយ​រងប៉ុស្តិ៍ និង​នាយការិយាល័យពី៥០០ទៅ៣០០០ដុល្លារ ពីនាយ នាយរងផ្នែក និងអធិការដ្ឋាន ពី៥០០ទៅ១០០០ដុល្លារ ព្រមទាំង​លួចដំឡើងស័ក្តិ​តែបក្ខពួករបស់ខ្លួន។

ជាមួយគ្នានេះមន្រ្តីនគរបាលថ្នាក់នាយប៉ុស្តិ៍ ក៏បានប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង ផងដែរ ឲ្យដកតំណែងលោក​ឧត្តមសេនីយ៍ទោ ជូ សំអាន និងស្នងការរង អ៊ិត គឹមស្រ៊ន និងស្នងការរងទទួលការងារសន្តិសុខ លោក ខៀវ ចាន់នី ដោយពួកគេចោទថា «មានភាពមិនប្រក្រតី ពុករលួយ និងបក្ខពួកនិយម ក្នុងការដឹកនាំជាពិសេសនោះ​ការតែងតាំង​មន្ត្រីឲ្យ​កាន់តំណែង និងឈរជើងនៅកន្លែងណាមួយ គឺត្រូវកំណត់តម្លៃយ៉ាងជាក់ច្បាស់»

យ៉ាងណាក៏ដោយអង្គភាព Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីលោកស្នងការ ជូ សំអាន បាននៅឡើយទេ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ៕

លោកវរសេនីយ៍ឯក អ៊ិត គឹមស្រ៊ន