(បន្ទាយមានជ័យ)៖ ដើម្បីអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនោះ កម្លាំងនគរបាលការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ និងកម្លាំង BLO ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបគ្រឿងញៀនមួយដ៏ធំ នៅទីរួមខេត្ត ដោយចាប់ខ្លួនទាំងមេក្លោង និងបក្ខពួកសរុប៧នាក់ មានជនជាតិថៃម្នាក់ ព្រមទាំងដកហូតថ្នាំញៀនជិត២គីឡូក្រាម រថយន្ត៥គ្រឿង និងកាំភ្លើងខ្លីមួយដើម (៩៨គ្រាប់)។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងតាំងពីថ្ងៃទី៩ មកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត​សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ទទួលផែនគ្រឿងញៀន និងលោក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រោមការ សម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាព Fresh Newsថា នៅវេលាម៉ោង ១២៖១៥នាទី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ បានប្រតិបត្តិការបង្រ្កាបករណីជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់ស្ថិតនៅចំណុចផ្លូវលំ ក្រោយស្ថានីយ៌ប្រេងតូតាល់ ភូមិសុភី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាលទ្ធផលចាប់ឃាត់ខ្លួនជនសង្ស័យ៧នាក់ ក្នុងនោះមានស្រី០៣នាក់ ក្នុងនោះចាប់ឃាត់ជាក់ស្ដែង ចំនួន០២នាក់។

លោកបានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះ យ៉ាន់ មាន ភេទប្រុស អាយុ៤២ឆ្នាំ ស្រុកកំណើតភូមិឈូក ឃុំចង្ហារ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរលក់ដូរ និងទី២-ឈ្មោះ តេង ផូង ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្ន ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មុខរបរធ្វើចំការ។

លោកបានបន្តទៀតថា ពេលចាប់ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលបានដកហូតថ្នាំញៀនបាន៨កញ្ចប់ធំ ស្មើនឹងទម្ងន់សរុប១៧៧៥.៣៣ក្រាម ក្នុងនោះប្រភេទមេតំហ្វេតាមីន (ទឹកកក) ទម្ងន់សុទ្ធ៩៨០.៤២ក្រាម និងប្រភេទមេតំហ្វេតាមីន (YW) ៧៩៤.៩១ ក្រាម និងរថយន្ត២គ្រឿង។

លោក យិន បញ្ញារិទ្ធ បានបន្តថា បន្ទាប់មកកម្លាំងយើង បានបន្តទៅឆែកឆេរផ្ទះចំនួន២ ជាលទ្ធផលឃាត់ខ្លួនមនុស្ស៥នាក់ មានស្រី៣នាក់ទី១-ឈ្មោះ ឃុត ដារ៉ុង ទីលំនៅភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត មុខរបរធ្វើចំការ ទី២-ឈ្មោះ យ៉ាន់ មុំ ភេទស្រី ទីលំនៅភូមិទួលប្រាសាទ សង្កាត់ ក្រុងប៉ោយប៉ែត មុខរបរលក់ដូរ ទី៣-ឈ្មោះ រ៉ុង វាសនា ទីលំនៅភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត មុខរបរកម្មករ ទី៤-ឈ្មោះ ឃឿត កញ្ញា ភេទ ស្រី អាយុ២១ឆ្នាំ ទីលំនៅភូមិតាផូក ឃុំចង្ហារ ស្រកអូរជ្រៅ មុខរបរកម្មករ និងទី៥-ឈ្មោះ សំរូឌី  រូមក្លាង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិថៃ ទីលំនៅភូមិ ផាង ខេត្តនគររាជសីម៉ា ប្រទេសថៃ ដែលជាលទ្ធផលដកហូតអាវុធខ្លី១ដើម គ្រាប់៩៨គ្រាប់ ដាវ២ ជញ្ជីងថ្លឹងគ្រឿងញៀន១ ថង់វេចខ្ចប់មួយចំនួន និងរថយន្ត៣គ្រឿង។

សម្រាប់ជនសង្ស័យទាំង៧នាក់នេះ ស្ថិតក្រោមការសួរនាំបន្តទៀត ដើម្បីចាត់ការតាមច្បាប់៕