(ភ្នំពេញ)៖ សំបុត្រសម្រាប់ការចូលរួមទស្សនាផ្ទាល់នៃការប្រកួតបាល់ទាត់ម្ចាស់ផ្ទះកម្ពុជា ប៉ះក្រុមភ្ញៀវឥណ្ឌា ត្រូវបានដាក់លក់ជាផ្លូវការហើយនាព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧ នេះនៅមុខពហុកីឡដ្ឋានជាតិ ដោយមាន២ប្រភេទគឺតម្លៃ ១០០០០រៀល ក្រោមដំបូល និងតម្លៃ ៥០០០រៀលនៅក្រៅដំបូល នេះបើយោងតាម Facebook Page របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
យោងតាមពី Page ផ្លូវការរបស់ FFC ខាងលើក៏បានឲ្យដឹងទៀតថា គ្រូបង្វឹកក្រុមជម្រើសជាតិថ្មីសញ្ជាតិប្រេស៊ីល លោក Luis Leonardo ក៏បានចាប់ផ្តើមធ្វើសន្និសីទប្រកាសជ្រើសរើស ក៏ដូចជាប្រមូលផ្តុំកីឡាករលើកដំបូងផងដែរ នៅពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមក្រុមគោព្រៃមួយនេះប៉ះក្រុមជម្រើសជាតិមកពីទ្វីបអាស៊ីដូចគ្នា ឥណ្ឌា នាថ្ងៃម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧ ខាងមុខនៅស្តាតអូឡាំពិក ក្នុងជំនួបមិត្តភាពអន្តរជាតិ។
កម្ពុជា ធ្លាប់មានប្រវត្តិជួបឥណ្ឌូម្តងដែរកាលពីឆ្នាំ២០០៧កន្លងទៅ ដោយកាលនោះ កម្ពុជាបានបរាជ័យ ៦-០ ស្ពឹកមុខ ក្នុងទឹកដីរបស់គេក្នុងជំនួបមិត្តភាពអន្តរជាតិ គ្រាដែល១ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជាកាលពីខែមករា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon បានចាញ់ក្រុម ជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ៧-២ នៅទឹកដីកណ្តាលនៃប្រទេសអារ៉ាប់រួមក្នុងមិត្តភាពដូចគ្នា៕