(ពោធិ៍សាត់)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តដឹកទំនិញ ម៉ាកហ៉ីយ៉ាន់ដាយមួយគ្រឿង បុកជាមួយនឹងរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន «ហុងលីហុង» បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ ដែលជាអ្នកបើកបររថយន្តម៉ាកហ៉ីយាន់ដាយ និងមនុស្សប្រុស-ស្រីចំនួន២នាក់ទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៣៖៣៥នាទីទៀបភ្លឺ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែតលេខ២២០-២២១ ស្ថិតនៅភូមិនិគមន៍ លើឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហ៉ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-5274 បើកបរដោយឈ្មោះ យឹម ធំ ភេទប្រុស អាយុ២៩ឆ្នាំ (ស្លាប់) មានទីលំនៅ នៅភូមិកាំភ្លើង ឃុំកាំងភ្លើង ស្រុកទូកមាស ខេត្តកំពត ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចខាងលើ ក៏បានបុកជាមួយនឹងរថយន្តដឹកអ្នកដំណើរក្រុមហ៊ុន «ហុង លីហុង» ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ3D-7044 ពណ៌សលាយខៀវ ម៉ាក KIA ទិសដៅ ពីកើតទៅលិចបណ្ដាលឲ្យ អ្នកដំណើរប្រុស-ស្រីចំនួន២នាក់ រងរបួសធ្ងន់ស្រាល រីឯអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នវត្ថុតាងត្រូវរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកខេត្តពោធិ៍សាត់។ ចំណែកសពបានប្រគល់ ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់៕