(ភ្នំពេញ)៖ ភ្លើបគប់ស៊ីហ្គេម ដែលជានិមិត្ដសញ្ញានៃពិធីបើកការប្រកួតកីឡាជើងឯកអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេម ត្រូវបានរត់ចេញដំណើរពីប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី៥ ខែមីនាកន្លងទៅ ដើម្បីធ្វើដំណើរឆ្លងកាត់ប្រទេស សមាជិកអាស៊ាន រហូតដល់ប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ ដើម្បីរៀបចំពិធីបើកការប្រកួតនៅថ្ងៃទី១៩ ខែសីហាខាងមុខ។

បើយោងតាមកម្មវិធីរត់ភ្លើងគប់ ដើម្បីធ្វើដំណើរឆ្ពោះទៅប្រទេសម៉ាឡេស៊ីនេះ បានឲ្យដឹងថា បន្ទាប់ពីចេញដំណើរពី ប្រទេសប្រ៊ុយណេ ភ្លើងគប់នោះ នឹងត្រូវឆ្លងកាត់ប្រទេសហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និងទីម័រខាងកើត បន្ទាប់មកទើបធ្វើដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមេសាខាងមុខ ហើយបន្ដដំណើរឆ្លងកាត់ប្រទេស ឥណ្ឌូនេស៊ី, សិង្ហបុរី និងម៉ាឡេស៊ីចុងក្រោយគេ ដែលគ្រោងនឹងបញ្ចប់ត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ។

គួរបញ្ជាក់ថា នេះគឺជាសកម្មភាពមួយ ស្របតាមគោលការណ៍អូឡាំពិកអន្ដរជាតិ (IOC) ដើម្បីឈានទៅបើកការប្រកួត កីឡាលក្ខណៈអន្ដរជាតិមួយជាផ្លូវការឲ្យកើតឡើង។ ហើយការចាប់ផ្ដើមបេសកកម្មរត់ភ្លើបគប់នេះ គឺធ្វើឡើងស្រប ពេលប្រទេសម៉ាឡេស៊ី ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ដែលនឹងបើកការប្រកួតពីថ្ងៃទី១៩-៣១ ខែសីហាខាងមុខ ក្នុងនោះម៉ាឡេស៊ីបានកំណត់កីឡាចំនួន ៣៨ប្រភេទ ស្មើនឹង ៤០៥វិញ្ញាសាដាក់ឲ្យប្រកួតដណ្ដើមមេដាយ ហើយក៏មាន វត្តមានក្រុមអត្តពលិកកម្ពុជាចូលរួមផងដែរ៕