(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០១៧នេះ​ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានបន្តសួរចម្លើយ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គមបន្ថែមទៀត ពាក់ព័ន្ធនឹងបទល្មើស២ករណី រួមមានបទ«ញុះញង់ឱ្យប្រព្រឹតិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ» ដែលបានវាយប្រហារធ្ងន់ធ្ងរ​លើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដោយមិនមានមូលដ្ឋាន ចំពោះឃាតកម្មលើ លោក​ កែម ឡី។​

លោក គឹម សុខ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៧ ខែកុម្ភៈនេះ បន្ទាប់ពីលោកចូលបំភ្លឺជូនតំណាងអយ្យការ ពាក់ព័ន្ធនឹងករណីដែលលោកបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋានច្បាស់លាស់។ ចំពោះការចូលទៅបំភ្លឺថ្ងៃនោះ លោក គឹម សុខ បានដើរដង្ហែតាមផ្លូវដោយមានព្រះសង្ឃ សកម្មជនដីធ្លី និងយុវជនមួយចំនួន អមដំណើរចេញពីវត្តចាស់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលធ្វើឱ្យលោកមានការយឺតយ៉ាវក្នុងការចូលបំភ្លឺរហូតដល់ជាង២ម៉ោង។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក គី តិច មេធាវីរបស់សម្តេច បានដាក់ពាក្យប្តឹង លោក គឹម សុខ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីលោក គឹម សុខ និយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។ ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានទាមទារសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារពីលោក គឹម សុខ។

លោក គឹម សុខ ក៏ត្រូវបានប្តឹងមួយករណីទៀត ដោយមេធាវីការពារក្តីឱ្យសម្តេចតេជោ ហ៊ុន សែន ចំពោះករណីដែលលោកបានចោទរាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ។ កាលពីម្សិលមិញលោក គឹម សុខ ក៏បានស្នើសុំពន្យារពេលចូលបំភ្លឺ ចំពោះករណីនេះផងដែរ ប៉ុន្តែត្រូវបាន លោក សៀង សុខ ព្រះរាជអាជ្ញារង ដែលកាន់សំណុំរឿងនេះមិនអនុញ្ញាតទេ៕