(មូស្គូ)៖ បន្ទាប់ពីចិនឥឡូវដល់វេនរុស្ស៊ីវិញម្ដង ដែលសម្ដែងក្ដី​បារម្ភ​ជំទាស់នឹងការដាក់​ពង្រាយ​ប្រព័ន្ធខែល​ការពារ​មីស៊ីល THAAD នៅលើទឹកដី​កូរ៉េខាងត្បូង ហើយថែមទំាង​ព្រមាន​ដែរថា THAAD នឹងនំា​ទៅរកការរត់​ប្រណាំង​សព្វាវុធ​សាជាថ្មី និងធ្វើឱ្យ​ប៉ះពាល់ដល់​ស្ថេរភាព​នៅក្នុង​តំបន់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។

សហរដ្ឋអាមេរិក​បានចាប់ផ្ដើម​នីតិវិធីដាក់​ពង្រាយ THAAD​ នៅលើទឹកដី​កូរ៉េខាងត្បូងបើទោះ​ជាមានការ​ជំទាស់​ពីរុស្ស៊ី ជាពិសេស​គឺចិនក៏ដោយ។ ជុំវិញ​បញ្ហានេះ​ដែរ​នៅក្នុង​សេចក្ដីថ្លែងការណ៍ចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ​ក្រសួង​ការបរទេស​រុស្ស៊ី​បានព្រមានថា​ ផែនការ​របស់ទីក្រុងវ៉ាស៊ីនតោន នឹងបង្ក​ជាផលវិបាក​ដ៏ធ្ងន់ធ្ងរ។ ក្រសួងការបរទេសរុស្ស៊ី​បានបញ្ជាក់ដូច្នេះថា «ការដាក់ពង្រាយ THAAD នឹងបង្កជា​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​អន្តរជាតិ និងស្ថេរភាព​យុទ្ធសាស្ត្រ​នៅក្នុងតំបន់ ខណៈ​ស្ថានភាព​នៃតំបន់​អាស៊ី​ប៉ាស៊ីហ្វិក កំពុងមាន​ភាពតានតឹង​ស្រាប់។ មួយវិញទៀតផលវិបាក​ដ៏ធ្ងន់ធ្ងរដែលនឹងកើតឡើង​អាចនឹង​ធ្វើឱ្យបញ្ហានុយក្លេអ៊ែរ និងវិបត្តិជាច្រើន​ក្នុងតំបន់ឧបទ្វីបកូរ៉េ​រឹតតែស្មុគស្មាញ ក៏ដូចជាជំរុញ​ឱ្យមានការរត់​ប្រណាំង​សព្វាវុធ​តែប៉ុណ្ណោះ»

គួរបញ្ជាក់ថា​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​សម្រេចចិត្តដាក់​ពង្រាយ THAAD ភា្លមៗ​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់សាកល្បង​មីស៊ីលផ្លោងបួន​គ្រាប់ទៅកាន់​សមុទ្រជប៉ុន កាលពីព្រឹក​ថ្ងៃចន្ទ ហើយនៅតែ​អះអាងថា THAAD​ មានគោលដៅ​តែមួយគត់​ទៅលើ​ទីក្រុងព្យុងយ៉ាង។ ក៏ប៉ុន្តែចិន និងរុស្ស៊ី នៅតែជំទាស់​ដោយព្រមាន​ចាត់វិធានការ​ឆ្លើយតបផងដែរ បើសិនជា​ប្រព័ន្ធមីស៊ីល​នេះ ត្រូវបានដាក់​ពង្រាយ៕
 ​