(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសថា លោកនឹងប្តឹងគណ​បក្សសង្គ្រោះជាតិ (CNRP) នៅតុលាការ ចំពោះការប្រើពាក្យស្លោកគោលនយោបាយរបស់ខ្លួន ដោយចោទមកលើមេឃុំ-ចៅសង្កាត់ថា «បម្រើបក្ស»។ យ៉ាងណាក៏ដោយ លោក ប៉ា​ សុជាតិវង្ស មិនទាន់បានបញ្ជាក់ឲ្យច្បាស់ថា នៅថ្ងៃណាលោកដាក់ពាក្យបណ្តឹងនោះទេ។

នៅក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង ឡុង ឈិន និងស្ថាបនាផ្លូវបេតុងឆ្អឹងដែកស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស បានថ្លែងថា លោកព្រមទទួលយកនូវញត្តិថ្កោលទោស​របស់គ្រប់ចៅសង្កាត់ទូទាំងរាជធានភ្នំពេញ ដើម្បីស្នើឲ្យគណបក្សប្រឆាំង ដកនូវពាក្យស្លោករបស់ខ្លួនចេញ។

លោកបញ្ជាក់ថា «បើមិនដូចនេះទេ ខ្ញុំនឹងប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ជូនក្រុមប្រឹក្សាសង្កាត់។ ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ ពាក្យនេះគួរតែដូរគោលនយោបាយចេញទៅ ក្រុមប្រឆាំងចូលចិត្តតែឃោសនាប្រជាភិថុតិចឹង»

សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃនេះមេឃុំ និងចៅសង្កាត់របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស បានចេញញត្តិថ្កោល​ទោសជាបន្តបន្ទាប់ ចំពោះគណបក្សសង្គ្រោះជាតិដែលបាន ប្រើពាក្យគោលនយោបាយចោទទៅលើពួកគេថា បាន​បម្រើបក្ស។

តាមរយៈញត្តិរបស់មេឃុំ និងចៅសង្កាត់ទាំងនោះ បានចាត់ទុកថា «សារនយោបាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា «មេឃុំធ្វើការបម្រើបក្ស» គឺជាចរិតដ៏អាក្រក់​ដែលមានចេតនា ចង់បំផ្លាញ ចំពោះវីរភាព​របស់មេឃុំ-ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋដែលបាន បោះឆ្នោតជូនមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់​ប្រព័ន្ធបោះឆ្នោតសមាមាត្រ នៅកម្ពុជា»