(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ បានអញ្ជើញបើកការដ្ឋាន​ស្ថាបនាស្ពានបេតុង ឡុង ឈិន ប្រវែង៥៤ម៉ែត្រ ទទឹង២០.៧ម៉ែត្រ និងស្ថាបនាផ្លូវបេតុងឆ្អឹងដែក ឆ្លងកាត់តំបន់នេះប្រវែង​១១៩០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់២តឹក ដោយតភ្ជាប់ពីផ្លូវទំនប់កប់ស្រូវទៅផ្លូវ១៥១ ឆ្លងកាត់តំបន់ ឡុងឈិន ស្ថិតនៅ​សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីអភិបាលរងរាជធានីភ្នំពេញ អភិបាលតាមខណ្ឌ ប្រធានម​ន្ទីរសាធារណការ មន្រ្តីពាក់ព័ន្ធពាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ប៉ា សុជាតិវង្ស បានថ្លែងថា ក្រោយការស្ថាបនាផ្លូវស្ពាននេះរួច នឹងអាចដោះស្រាយការកកស្ទះចរាចរណ៍ នៅចំណុចប្រសព្វផ្លូវជាតិលេខ៥ និងផ្លូវលេខ១៥១ ក៏ដូចជា តំបន់ផ្សារព្រែកព្នៅទាំងមូល ដែលកន្លងមកតំបន់ផ្សារនេះ មានការកកស្ទះយ៉ាងខ្លាំង ហើយសមិទ្ធផលនេះ សម្រេចរួចរាល់ និងធានាលំហូរចរាចរណ៍ចេញចូលរាជធានី ក៏ដូចការដឹកជញ្ជូនរបស់ប្រជាកសិករជុំវិញតំបន់នេះផងដែរ។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋ និងអ្នកដំណើរចំពោះការប៉ះពាល់​ការដ្ឋាន​ស្ថាបនានេះ។ តាមគម្រោងផ្លូវស្ពាននេះ នឹងស្ថាបនាឲ្យរួចរាល់នៅអំឡុងខែមេសា ឆ្នាំ២០១៧ មុនចូល​ឆ្នាំប្រពៃណីខ្មែរ៕