(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីភាពកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលផ្សេងៗមួយចំនួន ស្ថិតក្នុងវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្ថិតនៅក្នុងភូមិ-ឃុំ-ស្រុក កំពង់ត្របែក ខេត្តព្រៃវែង។ ព្រះវិហារនិង សមិទ្ធផលនានា ដែលនឹងត្រូវកាត់ឫសសីមា និងបុណ្យឆ្លងនៅថ្ងៃនេះ បានចំណាយថវិកាសាងសង់សរុបជាង ៥៣ម៉ឺនដុល្លារអាមេរិក។ ទូទាំងស្រុកកំពង់ត្របែកមានវត្តសរុប៤៦វត្ត និងមានព្រះសង្ឃជាង ៣០០អង្គ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាទម្លាប់របស់សម្តេចអញ្ជើញកាត់ឫសសីមាតែពីរវត្តទេ ក្នុងមួយឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមអធ្យាស្រ័យពីព្រះចៅអធិការវត្តមួយចំនួន ដែលសម្តេចមិនបានអញ្ជើញទៅចូលរួមកាត់ឫសសីមា តាមសំណើ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់វត្តដែលកើតមុនឆ្នាំ១៩៧០ គឺត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ព្រោះតែភ្លើងសង្រ្គាម និងក្នុងរបបប៉ុលពត។ ប៉ុន្តែក្រោយពេលប្រទេសត្រូវបានរំដោះនៅថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩ គ្រប់ទីអារាម និងសាសនាទាំងអស់ ក៏មានជីវិតរស់រៀនឡើងវិញ ហើយក៏មានការ អភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ សម្តេចតេជោបញ្ជាក់ថា នៅទូទាំងប្រទេសនាពេលបច្ចុប្បន្នមានវត្តជាង៤០០០វត្ត និងមានព្រះសង្ឃជាង៥ម៉ឺនអង្គ។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃទុក្ខក្រៀមក្រំមួយរបស់សម្តេច ព្រោះជាថ្ងៃគម្រប់ខួប១៩ឆ្នាំ នៃការទទួលមរណភាព ម្តាយរបស់សម្តេច ដែលធ្វើឲ្យសម្តេចភ្ញាក់ពីដំណេកតាំងពីម៉ោង ៣ទៀបភ្លឺមកម្ល៉េះ។
* ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាព គឺផ្សារភ្ជាប់យ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍ និងការរីកចម្រើនទាំងអណាចក្រ និងពុទ្ធចក្រ។ សម្តេចតេជោថា ជាពិសោធន៍ក្នុងទសវត្សរ៍ឆ្នាំ៧០ គឺបានឃើញយ៉ាងច្បាស់ សង្រ្គាមបានធ្វើឲ្យប្រទេសខ្ទេចខ្ទាំ កុំថាឡើយឱកាសអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន ថា បើប្រទេសគ្មានសន្តិភាពហើយ កុំនិយាយទៅដល់ការទាមទារសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ។
* សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងបញ្ជូនមន្រ្តីកម្ពុជា ទៅដកស្រង់បទពិសោធន៍ស្តីពីបទឈប់បាញ់ និងស្វែងរកសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្តល់ការប្រឹក្សាមួយចំនួនដល់ប្រទេសមីយ៉ាន់ម៉ា នូវយុទ្ធសាស្រ្តជោគជ័យរបស់កម្ពុជាក្នុងការបញ្ចប់សង្រ្គាមនាពេលកន្លងមក។ សម្តេចតេជោ ហ៊ុន សែន ការដែលកម្ពុជាអាចបញ្ចប់សង្រ្គាម និងបញ្ចប់ការត្រួតត្រាប្រទេសពីច្រើនបក្ខពួកមកក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ គឺជារឿងអច្ឆរិយរបស់ ប្រទេសកម្ពុជា ខណៈប្រទេសមួយចំនួនមិនអាចរកផ្លូវរួបរួមគ្នាឃើញនៅឡើយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាខេត្តដែលសម្តេចបានអញ្ជើញមកដល់ កាលពីនៅកាន់តំណែងជាប្រធាន ក្រុមប្រឹក្សារដ្ឋមន្រ្តីនាឆ្នាំ១៩៨៥ ពោលក្រោយឡើងកាន់តំណែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ពេលនោះហើយ ដែលសម្តេចបានដាក់ចេញទ្រឹស្តី មិនត្រូវទុកឲ្យប្រជាជនណាម្នាក់អត់ឃ្លានដែលមិនបានដឹង និងបានដោះស្រាយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងតម្លៃស្រូវ អង្ករ ចុះថោក គឺជារឿងដែលរាជរដ្ឋាភិបាលបានគិតគូរ និងយកចិត្តទុកដាក់ខ្លាំងណាស់។ សម្តេចនាយករដ្ឋមន្រ្តីថា តម្លៃធ្លាក់ថ្លៃនេះ ដោយសារប្រទេសផលិតស្រូវបានដូចជាថៃ វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌាជាដើម ផលិតស្រូវបានរាប់ លានតោន ហើយការនាំចេញគឺធ្លាក់ចុះដូចគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាធ្លាក់ថ្លៃស្រូវនេះ គឺត្រូវបានគណបក្សនយោបាយមួយចំនួនកំពុងយកធ្វើជាប្រជាភិថុតិក្នុងការស្វែងរក សំឡេងឆ្នោត។ សម្តេចបានហៅអ្នកឃោសនានោះ គឺដើម្បីតែសំឡេងឆ្នោត ដោយគ្មានដំណោះស្រាយនោះឡើយ ពោលពេលចូលផ្សារ និយាយសន្យាទម្លាក់ថ្លៃអង្ករ ហើយពេលចុះស្រែបែរជានិយាយសន្យាថា នឹងដំឡើងថ្លៃស្រូវជូនប្រជាពលរដ្ឋទៅវិញ។
* សម្តេចតេជោ បានថ្លែងដល់ប្រជាពលរដ្ឋថា រដូវសន្យាបានធ្លាក់មកដល់ហើយ។ សម្តេចតេជោ ក៏បានរិះគន់ដល់អ្នកសន្យាមួយចំនួនផងដែរថា ខណៈពួកគេកំពុងជិះកង់ និងនៅផ្ទះស្បូវសោះ បែរជាសន្យាជាមួយប្រជាពលរដ្ឋថា នឹងផ្តល់ម៉ូតូ ឬផ្ទះក្បឿងនៅពេលគេឈ្នះឆ្នោត (សន្យាខ្យល់)។
* សម្តេចតេជោ ហ៊ុន សែន បានរិះគន់ដល់អ្នកវិភាគថា នៅពេលភ្នាក់ងារ CIA របស់អាមេរិកលួចស្តាប់ការសន្ទនារបស់មនុស្សលើពិភពលោក អត់មានឃើញអ្នកវិភាគចេញមករិះគន់អាមេរិកសោះ, រាល់ថ្ងៃ CIA លួចស្តាប់ទូរស័ព្ទនៅលើពិភពលោកជាង៨០%។
* ក្រៅពីការផ្តល់ថវិកាដើម្បីព្រះសង្ឃទូទាត់សងថ្លៃកសាងព្រះវិហារហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងរៀបចំសាលាបឋមសិក្សា នៅក្នុងភូមិកំពង់ត្របែក ចំនួន២ខ្នង ១ខ្នង៣ជាន់ ស្មើ១៨បន្ទប់ សរុបស្មើនិង ៣៦បន្ទប់ និងទីចាក់ការ ១ខ្នង ស្មើនិង ៣បន្ទប់ ព្រមទាំងដំឡើង កម្រិតពីបឋមទៅអនុវិទ្យាល័យផងដែរ។ ការសម្រេចផ្តល់អគារសិក្សានេះ បានធ្វើឲ្យប្រជាពលរដ្ឋ ក្នុងពិធីនាំគ្នាទះដៃសម្តែងការរីករាយខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចដំឡើងកម្រិតអនុវិទ្យាល័យកំពង់ត្របែក ទៅជាកម្រិតវិទ្យាល័យ ព្រមទាំងបានផ្តល់អគារសិក្សា ២ខ្នង ក្នុងនោះ ១ខ្នង មានកម្ពស់ ៣ជាន់ ស្មើ ១៨បន្ទប់ សរុបទាំងពីរខ្នងស្មើនិង ៣៦បន្ទប់ និងអគារទីចាត់ការ១ខ្នង ស្មើនិង ៣បន្ទប់។
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អគារសិក្សាចំនួនពីរខ្នងដល់វិទ្យាល័យកំពង់ត្របែក ក្នុងមួយខ្នងមានកម្ពស់ ៣ជាន់ ៣០បន្ទប់ សរុបទាំងពីរខ្នងស្មើនិង ៦០បន្ទប់ និងទីចាត់ការ ១ខ្នងស្មើនិង ៣បន្ទប់។ សម្តេចតេជោ ក៏បានផ្តល់អគារស្នាក់នៅរបស់គ្រូ និងសិស្សចំនួន២០បន្ទប់ ព្រមទាំងរៀបចំតារាងបាល់ទាត់ បាល់ទះ និងកីឡាផ្សេងៗផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានរំពឹងថា ការផ្តល់អគារសិក្សាទាំងអស់នេះ នឹងជួយកាត់បន្ថយការលំបាករបស់សិស្សានុសិស្ស នៅក្នុងស្រុកកំពង់ត្របែក។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖៤០នាទី, សូមអរគុណចំពោះការទស្សនការផ្សាយផ្ទាល់៕