(ភ្នំពេញ)៖ រយៈពេល២ខែដំបូង ឆ្នាំ២០១៧នេះ កម្ពុជានាំចេញអង្ករ ដែលចាត់ទុកថាជាមាសស ទៅកាន់បណ្តាប្រទេសនានា​នៅលើពិភពលោក បានបរិមាណចំនួនជាង១០ម៉ឺនតោន កើនឡើងជាង១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។

របាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលអង្គភាព Fresh News ទទួលបានៅថ្ងៃទី១០ ខែមីនានេះ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែកុម្ភៈ ឆ្នាំ២០១៧ អង្កររបស់កម្ពុជាចំនួន ១០៩,៥៥១តោន កើនឡើង១៤.២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មានចំនួន ៩៥,៩៤៤តោន។

បើតាមរបាយការណ៍ ចិនបានក្លាយជាប្រទេស ដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ដោយបរិមាណអង្ករស្ទើរ៥០% នៃបរិមាណទាំងអស់ ត្រូវបាននាំចូលទៅចិន មានជាង៤ម៉ឺនតោន ខណៈបារាំងត្រឹមតែ១.៥ម៉ឺនតោនប៉ុណ្ណោះ ឈរលំដាប់លេខ២។

សូមជម្រាបថា នៅឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានជាង៥៤ម៉ឺនតោន៕