(ភ្នំពេញ)៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ ពាក្យស្លោកនយោបាយរបស់គណបក្សប្រឆាំង «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» បានទទួលការរិះគន់ពី ចៅសង្កាត់ និងមេឃុំ របស់គណបក្សប្រជាជនកម្ពុជាស្ទើរទូទាំងប្រទេស ដោយចេញលិខិតថ្កោលទោសចំពោះពាក្យស្លោកនយោបាយនេះ ដែលហាក់បីចង់បំផ្លាញចំពោះវីរភាពរបស់មេឃុំ-ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ។
បើទោះបីការចេញលិខិតថ្កោលទោសយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ នៅមិនទាន់មានការផ្លាស់ប្តូរនោះទេ។
ដោយឡែកនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ ពាក្យស្លោកនយោបាយថ្មីមួយដែលទំនងគាំទ្រដល់គណបក្សប្រជាជនកម្ពុជា បានបង្ហោះនៅលើ បណ្តាញសង្គម Facebook ព្រោងព្រាតថា «មេឃុំប្រូពូកែសន្យា មេឃុំទេវតាពូកែធ្វើការ»។ ទោះបីមិនទាន់មានការបញ្ជាក់ពីមន្រ្តីគណបក្សកាន់អំណាចក៏ដោយ ក៏គេដឹងថាមានជំហរទៅរកគណបក្សទេវតា។
ពាក្យស្លោកនយោបាយទាំងពីរនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម Facebook វាយប្រហារគ្នា រិះគន់ទៅវិញទៅមកយ៉ាងចាស់ដៃ ខណៈអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែមីនានេះថា បើទោះបីមានការរិះគន់គ្នា និងថ្កោលទោសយ៉ាងណានេះក៏ដោយ គ.ជ.ប មិនទាន់ដល់ពេលធ្វើការងារលើរឿងនេះនៅឡើយទេ ព្រោះមិនទាន់ដល់ពេលនៃយុទ្ធនាការឃោសនា ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។
បើតាមបណ្តាញសង្គម Facebook នៅថ្ងៃព្រហស្បត្តិ៍នេះក៏បានបង្ហាញថា ពាក្យស្លោកគោលនយោបាយក្រៅផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា ក្រៅពី «មេឃុំប្រូពូកែសន្យា មេឃុំទេវតាពូកែធ្វើការ» ក៏មានពាក្យស្លោកមួយទៀត ដែលកំពុងចាប់អារម្មណ៍នោះគឺ «កុំយកមេឃុំប្រូ ដូរមេឃុំទេវតា»៕