(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសេវាកម្មព្រៃឈើកូរ៉េខាងត្បូង លោក Shin Won Sop បានបង្ហាញការគាំទ្រយ៉ាងខ្លាំងទៅលើគម្រោងដាំដើម ឈើឡើងវិញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមបង្កើនគម្របព្រៃឈើ និងការបន្ថយការបម្រែបម្រួលអាកាសាធាតុ ដែលជាបញ្ហាប្រឈម និងជាក្តីបារម្ភមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ន។

លោក Shin Won Sop បានដឹកនាំគណៈប្រតិភូមួយក្រុមចុះមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ដោយបានអញ្ជើញជួបសំណេះសំណាលជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន។ ក្នុងជំនួបសំណេះសំណាលនោះ លោក Shin Won Sop និង លោក វេង សាខុន បានជជែកផ្តោតជាសំខាន់លើកិច្ចសហការរវាងកម្ពុជា និងកូរ៉េ ក្នុងការដាំដើមឈើឡើងវិញ។

លោក វេង សាខុន បានជម្រាបលោក Shin Won Sop ពីគម្រោងវិនិយោគលើដីសម្បទានសេដ្ឋកិច្ចមួយចំនួន ដែលដកហូតពីក្រុមឈ្មួញ ក្នុងគោលបំណងបង្កើនគម្របព្រៃនៅក្នុងប្រទេសកម្ពុជា។ លោក វេង សាខុន ក៏បានស្នើសុំការជួយឧបត្ថម្ភគាំទ្រពីរដ្ឋមន្រ្តីក្រសួង សេវាកម្មព្រៃឈើកូរ៉េខាងត្បូង។

លោក Shin Won Sop បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយក្រសួងសេវាកម្មព្រៃឈើនៃសាធារណៈរដ្ឋកូរ៉េ។ លោកបានបន្តថាកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងសច្ចាប័នក្នុងការបង្កើត AFoCO ជាមួយប្រទេសមួយចំនួនរួចមកហើយក្នុងនោះមាន វៀតណាម ឥណ្ឌូនេស៊ី បូតាន និងកម្ពុជា ហើយក្រសួងនឹងបន្តចុះហត្ថលេខាជាមួយប្រទេសទីម័រ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

លោករដ្ឋមន្រ្តីព្រៃឈើកូរ៉េ បានបញ្ជាក់ថាកូរ៉េនឹងបញ្ជូនវិស័យឯកជនដែលមានសក្តានុពលវិនិយោគលើការដាំព្រៃឈើមកកាន់កម្ពុជា ដើម្បីចាប់ដៃគូសហការវិនិយោគជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខនេះ។ លោកក៏សង្ឃឹមដែរថា ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរួច ប្រទេសទាំងពីរនឹងកាន់តែបង្កើនកិច្ចសហប្រតិបត្តិល្អប្រសើរជាងមុន ព្រមទាំងការរក្សាបានធនធានព្រៃឈើប្រកប ដោយនិរន្តរភាព។

ក្រោមជួបសំណេះសំណាលជាមួយលោករដ្ឋមន្រ្តី វេង សាខុន ហើយនោះ លោក Shin Won Sop ក៏បានបន្តដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីពិនិត្យគម្រោងសហប្រតិបត្តិការព្រៃឈើកម្ពុជា-កូរ៉េនៅខេត្តសៀមរាប។ ដំណើរចុះទៅកាន់ខេត្តសៀមរាបនេះ គណៈប្រតិ ភូកូរ៉េ ត្រូវបានជូនដំណើរដោយលោកបណ្ឌិត ឆេង គឹមស៊ុន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឆេង គឹមស៊ុន បាននាំគណៈប្រតិភូកូរ៉េចុះពិនិត្យគម្រោងស្តារព្រៃឈើឡើងវិញ ចម្ការពិសោធន៍ផលិតពូជឈើ ព្រមទាំងបានចូលដាំដើមឈើទុកជាអនុស្សាវរីយ៍ នៅសួនអនុស្សាវរីយ៍របស់ផ្នែករដ្ឋបាល ដែលមានទីតាំងស្ថិតនៅ ភូមិខ្នារង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បន្ទាប់ពីបានពិនិត្យលើគម្រោងដាំដើមឈើរបស់កម្ពុជាហើយនោះ លោករដ្ឋមន្ត្រីក្រសួងសេវាកម្មព្រៃឈើនៃសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងគម្រោងសហប្រតិបត្តិការព្រៃឈើកម្ពុជា ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីពេញចិត្ត ព្រមទាំងសន្យាថានឹងគាំទ្រដល់គម្រោងនេះឲ្យកាន់តែរឹងមាំថែមទៀត។

មុននឹងចាកចេញពីកម្ពុជា គណៈប្រតិភូបានអញ្ជើញទៅទស្សនាប្រាសាទបុរាណខ្មែរមួយចំនួនមានដូចជា៖ ប្រសាទបន្ទាយស្រី ប្រសាទតាព្រហ្ម ប្រាសាទបាយ័ន្ត និងប្រសាទអង្គវត្តជាដើម។

លោករដ្ឋមន្ត្រីក្រសួងសេវាកម្មព្រៃឈើនៃសាធារណរដ្ឋកូរ៉េ មានការចាប់អារម្មយ៉ាងខ្លាំង​​ ចំពោះភាពអស្ចារ្យនៃក្បូរក្បាច់រចនៅតាមប្រសាទទាំងនោះ ព្រមទាំងបានសន្យាថា នឹងនាំក្រុមគ្រួសារមកទស្សនានៅពេលក្រោយទៀត៕