(ភ្នំពេញ)៖ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ (CNRP) បានប្រើពាក្យស្លោក «ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» កាលពីពេលកន្លងទៅនោះ ហើយបានបង្កជាប្រតិកម្មជះត្រឡប់ទៅវិញពីសំណាក់មេឃុំ-ចៅសង្កាត់ របស់គណបក្សកាន់​អំណាចស្ទើរទូទាំងប្រទេស និងបង្ខំឲ្យបញ្ឈប់ការប្រើពាក្យ ស្លោកនេះ ជុំវិញបញ្ហានេះលោក អេង ឆៃអ៊ាង ក្នុងឋានៈជាអនុប្រធានថ្មីនៃគណបក្សប្រឆាំងបានបតទៅវិញថា មានតែគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) តែមួយគត់ ទើបអាចបញ្ឈប់ការប្រើពាក្យពេចន៍នេះបាន។

ឆ្លើយតបទៅនឹងការឆ្លើយដាក់របស់អនុប្រធាន CNRP ខាងលើនេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានអះអាងថា បញ្ហានេះមិនទាន់ដល់ពេល គ.ជ.ប មានចំណាត់ការនោះទេ អ្នកដែលមានសិទ្ធិដោះស្រាយនោះ គឺក្រសួងមហាផ្ទៃ ដែលជាអ្នកគ្រប់គ្រងលើគណបក្សនយោបាយនៅកម្ពុជា។

ថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ លោក ហង្ស ពុទ្ធា បានបញ្ជាក់ពីមូលហេតុ ២ចំណុច ដែល គ.ជ.ប មិនទាន់មានសិទ្ធិលូកលាន់ ចំពោះការប្រើពាក្យស្លោកបាន ក្នុងនោះរួមមាន បញ្ហាទី១៖ គ.ជ.ប ទទួលខុសត្រូវតែការឃោសនាផ្សព្វផ្សាយណា ដែលស្ថិត នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ «ប៉ុន្តែអំឡុងពេលនេះ(បច្ចុប្បន្ន) គឺស្ថិតក្រោមការទទួលខុសត្រូវ របស់ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នគ្រប់គ្រងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល»

បញ្ហាទី២៖ ចំពោះខ្លឹមសារគោលនយោបាយ ឬពាក្យស្លោក ឬសារនយោបាយនានា ដែលគណបក្សនយោបាយ គ្រោងយកទៅផ្សព្វផ្សាយ នៅពេលយុទ្ធនាការឃោសនានោះ ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ២ចំណុច៖ ទី១៖ យកពាក្យពេចន៍ទាំងនោះ មកឆ្លងកាត់ការត្រួតពិនិត្យរបស់ គ.ជ.ប ជាមុនសិន, ទី២៖ មិនចាំបាច់ឆ្លងក៏បានដែរ ព្រោះច្បាប់ក៏បានចែងបែបនេះដែរ ប៉ុន្តែត្រូវសាម៉ីគណបក្សនយោបាយ ត្រូវទទួលខុសត្រូវខ្លួនឯង «តែពាក្យស្លោកនោះ មិនទាន់ឃើញឆ្លងមក គ.ជ.ប នៅឡើយទេ»

លោកអ្នកនាំពាក្យដដែលរូបនោះបានបន្តថា បញ្ហាការប្រើពាក្យស្លោកទាំងនេះ មិនទាន់ដល់ពេលដែលច្បាប់តម្រូវឲ្យ គ.ជ.ប ពិចារណានៅឡើយទេ ព្រោះមិនមែនជាពេលវេលា ដែល គ.ជ.ប ត្រូវគ្រប់គ្រងលូកដៃចូលទេ គឺស្ថិតក្នុងដែនសមត្ថកិច្ច​របស់ក្រសួងមហាផ្ទៃនៅឡើយ។

អ្វីដែលលោកចង់បំភ្លឺទៅមហាជននោះ «ប្រសិនបើគណបក្សនយោបាយទាំងឡាយណា ព្យាយាមទាញ គ.ជ.ប ឲ្យលូកលាន់ពាក់ព័ន្ធនឹងរឿងនយោបាយ គឺ គ.ជ.ប សុំមិនធ្វើការវិភាគអ្វីទេ គឺ គ.ជ.ប ចង់រក្សាតម្លៃ និងតួនាទីរបស់ខ្លួន ឲ្យស្ថិតក្នុងអព្យាក្រឹត ដើម្បីរក្សាប្រយោជន៍ដល់ការបោះឆ្នោត និងទំនុកចិត្តជូនបងប្អូនប្រជាពលរដ្ឋ»

លោកបន្តថា ប្រសិនគណបក្សសង្គ្រោះជាតិ នៅតែប្រើប្រាស់ពាក្យស្លោកដដែលនេះ នៅអំឡុងពេលយុទ្ធនាការឃោសនា​រកសម្លេងឆ្នោតដដែលនោះ គ.ជ.ប នឹងធ្វើការពិភាក្សា និងឆ្លងយោបល់ពីសមាជិក គ.ជ.ប ទាំង៩នាក់សិន ដើម្បីជ្រើសរើសយកសម្លេង «៥០ភាគរយបូក១» ទើបអាចឈានទៅសម្រេចបាន៕