(ភ្នំពេញ)៖ ល្បែងកន្ទុយលេខ ឬហៅយ៉ាងសមញ្ញាថា «ចាក់ឆ្នោតយួន»នោះ បាននិងកំពុងពេញនិយមយ៉ាងខ្លាំង និងរីកកាន់តែខ្លាំងឡើង ក្នុងរាជធានីភ្នំពេញ ហើយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានងប់ងល់នឹងល្បែងស៊ីសងមួយនេះ ​ចាក់រាល់ថ្ងៃតែម្តង រហូតបន់ឲ្យតែយប់នោះទេ អាងដេកយល់សុបិន្ត ហើយព្រឹកឡើងនាំគ្នាកាត់ចេញជាលេខឆ្នោត។

ពាក្យស្លោកសម្រាប់អ្នកចាក់កន្ទុយលេខ ដែលគេតែងតែឮនោះ គឺថា «ព្រឹកស្តាយលេខ​ ល្ងាចស្តាយលុយ» ប៉ុន្តែសម្រាប់ពលរដ្ឋខ្លះ បានចាក់ល្បែងមួយនេះ រហូតបង្កជាអំពើហិង្សានៅក្នុងគ្រួសារ និងប្រព្រឹត្តបទល្មើសផ្សេងៗ នៅក្នុងសង្គមទៀតផង។ សម្រាប់សមត្ថកិច្ច និងអាជ្ញាធរវិញ បានតែហៃអើៗ ពោលមិនមានវិធានការតឹងរឹង និងចុះទៅបង្ក្រាបឲ្យខ្លាំងក្លានោះទេ ពោលមន្រ្តីសមត្ថកិច្ចខ្លះ បានទទួលលាបសក្ការៈប្រចាំខែ ដូច្នេះហើយចេះតែបិតភ្នែកទៅ។

ប្រជាពលរដ្ឋលើកឡើងថា រូបភាពល្បែងកន្ទុយលេខ ឬឆ្នោតវៀតណាមនេះ មើលទៅវាតូចមែន តែចំហាយឥទ្ធិពលរបស់វាធំណាស់ ដែលនាំឲ្យសង្គមកើតមានបញ្ហាប្រឈមយ៉ាងខ្លាំង ជាពិសេសបទល្មើសតែម្តងនៅពេលជនខ្លះចាញ់អស់លុយពីខ្លួន ហើយទាល់ច្រកហ៊ានទៅប្រព្រឹត្តអ្វីផ្សេងៗ។

មិនខុសពីខណ្ឌផ្សេងៗដែរ សម្រាប់ខណ្ឌសែនសុខវិញ ក៏មានទីតាំងល្បែងកន្ទុយលេខនេះមិនតិចដែរ ដែលប្រជាពលរដ្ឋ បានមើលឃើញ តែការចុះបង្ក្រាបហាក់បីដូចជា មិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ដែលធ្វើឲ្យគាត់មានការព្រួយ បារម្ភយ៉ាងខ្លាំង។

ជាក់ស្តែងល្បែង កន្ទុយលេខមួយដ៏ធំ ដែលមានប្រជាពលរដ្ឋទៅចាក់រាល់ថ្ងៃដូចរាប់សិបនាក់ មានទីតាំងស្ថិតនៅផ្ទះលេខA1 ផ្លូវA សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ប្រជាពលរដ្ឋរស់នៅក្បែរនោះ បានឲ្យដឹងថា មួយថ្ងៃៗមានប្រជាពលរដ្ឋរាប់សិបនាក់ បានចូលទៅចាក់ឆ្នោតវៀតណាម មួយនេះ ដែលមានម្ចាស់ផ្ទះជាស្រ្តីម្នាក់។ ស្រ្តីជាម្ចាស់ផ្ទះបាននិយាយថា សម្រា​ប់សមត្ថកិច្ច និងអាជ្ញាធរវិញ គាត់បានបង់លុយគ្រប់អស់ហើយ មិនមានការព្រួយបាម្ភនោះទេ និងប្រាប់ទៅអ្នកចាក់ថា «កុំភ័យខ្លាចសមត្ថកិច្ចចុះចាប់»។ ប្រជាពលរដ្ឋសូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយមានវិធានការ និងចុះបង្ក្រាបទីតាំងឆ្នោតវៀតណាមមួយនេះផង ដើម្បីចូលរួមរក្សាគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕