(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉មប៊ុនហេង បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ហៅកាត់ UNFPA បានជួយការងាររបស់ក្រសួងសុខាភិបាល បានច្រើនណាស់ ហើយសង្ឃឹមថា UNFPA នឹងបន្ដនូវសកម្មភាពការងារនេះ ឲ្យកាន់តែប្រសើរបន្ថែមទៀតទៅថ្ងៃខាងមុខ។
លោករដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសដែរលោក អនុញ្ញាតឲ្យលោកស្រី ឡេនេ គ្រីស្ទៀនសិន តំណាងអង្គការមូលនិធិ សហប្រជាជាតិសម្រាប់ប្រជាជន ហៅកាត់ UNFPA ប្រចាំកម្ពុជា និងជាអ្នកតំណាងទី៧ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីសី្តការក្រសួង។
រដ្ឋមន្ដ្រីបន្ដថា ក្រសួងសុខាភិបាល និងUNFPA បានធ្វើការទៅលើការបង្កើនសមត្ថភាពជួយដល់ស្ថាប័ន ក្នុងការលើកកម្ពស់ សុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតា រួមទាំងការពន្យាកំណើត និងធ្វើការងារជាមួយ យុវវ័យលើកសុខភាព បន្តពូជផងដែរ ហើយយើងនឹងរួមគ្នា ក្នុងការឆ្លើយតបឲ្យទាន់ពេលវេលា ទៅនឹងបញ្ហាការប្រើ អំពើហិង្សានៅលើស្ដ្រី និងកុមារ។
រដ្ឋមន្រី្តក៏បានថ្លែងអំណរគុណដល់ UNFPA ដែលបានធ្វើការជាមួយគ្នាកន្លងមក នៅលើការងារសុខភាពនេះ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនថវិកាជាតិបន្ថែម លើវិស័យសុខាភិបាលក្នុង គោលបំណង ពង្រីកបន្ថែមនូវមនី្ទរពេទ្យបង្អែក និងមណ្ឌលសុខភាពស្របជាមួយ និងការបង្កើនកម្មវិធីបង្ការ ការពារ និងព្យាបាល ។ វិស័យសុខាភិបាលមានវឌ្ឍនភាពជាច្រើន ដូចជាការពង្រីក ការគ្របដណ្តប់ នៃសេវាសុខភាពបន្ថែម ការពង្រឹងការធ្វើអន្តរាគមន៍សុខភាពសាធារណៈ ការកែលម្អគុណភាពសេវាសុខភាព ការពង្រឹងសមត្ថភាព ការគ្រប់គ្រងធនធានមនុស្ស និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ។
ជាក់ស្តែងសមិទ្ធិផលមួយ ក្នុងចំណោមសមិទិ្ធផលផ្សេងទៀត គឺអត្រាមរណៈភាព របស់ទារកក្នុងចំនោម១០០០នាក់ បានធ្លាក់ចុះពី៥៣នាក់ មក២៤នាក់ ក្នុងចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០១៥ ។ អត្រាមរណៈភាពកុមារ អាយុក្រោម៥ឆ្នាំ ក៏បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយចំពោះអនុបាតមរណៈភាពមាតា ក្នុងចំណោម១០០,០០០បានធ្លាក់ចុះពី២៨៨ មកត្រឹម១៧០នាក់ ក្នុងរយៈពេលដូចគ្នា ក្នុងនោះក្រសួងសុខាភិបាល មានកិច្ចការជាច្រើនទៀត ដែលត្រូវពុះពារ ដើម្បីអភិវឌ្ឍ បន្ថែមលើវិស័យសុខាភិបាលកម្ពុជា ដូចជាការបង្កើនការគ្របដណ្តប់សេវាសុខភាព ឲ្យកាន់តែទូលំទូលាយ មានស្តង់ដារ គុណភាពខ្ពស់ក្នុងការប្រតិបតិ្តការ ធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពប្រជាជន និងជាពិសេសការប្តេជ្ញារួមចំណែកធ្វើឲ្យ កម្ពុជាសម្រេចឲ្យបាននូវគោលដៅទី៣ (សុខុមាលភាព និងសុខភាពល្អ) នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព សហ ប្រជាជាតិ ដែលក្នុងនោះមានដូចជាការបង្កើនអាយុរស់នៅមធ្យម កាត់បន្ថយអត្រាមរណភាពមាតា និងទារក កាត់បន្ថយ ជំងឺគ្រុនចាញ់ ជំងឺរបេង ជំងឺស្វិតដៃជើង និងការរីករាលដាល នៃជំងឺអេដស៍។
ទន្ទឹមនឹងនោះ លោកស្រី ឡេនេ គ្រីស្ទៀនសិន បានថ្លែងផងដែរថា ក្នុងឆ្នាំ២០១៧នេះ UNFPA នឹងបន្តជួយធ្វើយ៉ាងណា ក្នុងការកែលម្អស្ថានភាព សង្រ្គោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបនឹងកើត ដើម្បីកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក និងកែលម្អការទទួលបាននូវការពន្យាកំណើត និងធ្វើយ៉ាងណាឲ្យការទទួលបាននូវសេវាប្រកបដោយគុណភាព ចំពោះប្រជាជនរងគ្រោះដោយអំពើហឹង្សា ជាពិសេស ស្រី្ត និងកុមារី និងធ្វើយ៉ាងណាឲ្យយុវវ័យទទួលបានព័ត៌មាន ក៏ដូចជាសេវាក្នុងផ្នែកសុខភាពផ្លូវភេទ និងបន្តពូជផងដែរ៕