(ព្រៃវែង)៖ មិនមែនទើបតែឥឡូវៗនោះទេ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ក្នុងគោលបំណងទប់ស្កាត់រាល់អំពើហិង្សា បោសសម្អាតបនល្បែងគ្រប់ប្រភេទ ដែលប្រតិបត្តិការនេះ ទទួលបានលទ្ធផលគាប់ប្រសើរជាបន្តបន្ទាប់ ប្រជាពលរដ្ឋក៏មានការគាំទ្រ និងចូលរួមអនុវត្តគ្រប់ទិសទីផងដែរ។

ក៏ប៉ុន្តែគោលនយោបាយ ដែលអាជ្ញាធរទូទាំងប្រទេស សហការគ្នាចុះបង្ក្រាបជាប្រចាំ ដូចភ្លៀងរលឹមនោះ បែរជាមិនបានហូរជ្រាបដល់មូលដ្ឋានកោះស្កូ ស្ថិតក្នុងឃុំកោះសំពៅ ស្រុកពាមជរ៍ ខេត្តព្រៃវែងនោះឡើយ ដោយសារប្រជាពលរដ្ឋនៅទីនោះ បានត្អូញត្អែរគ្រប់គ្នាថា បនល្បែងស៊ីសង កើតឡើងយ៉ាងគគ្រឹកគគ្រេង គ្មានអាជ្ញាធរណាចេញបង្ក្រាបបន្តិចសោះ។

សារស័ព្ទរិះគន់ចេញពីមូលដ្ឋាន បានបន្លឺឡើងថា កម្មវិធីល្បែងស៊ីសងដ៏ឱឡារឹក មានដូចជា៖ បៀរ អាប៉ោង ប្រជល់មាន់រាប់សិបគូ នៅលើកោះស្កូ ស្រុកពាមជរ៍នេះ ត្រូវបានប្រារព្ធឡើងរៀងរាល់ថ្ងៃ គ្មានសៅរ៍-អាទិត្យឡើយ ហើយមួយថ្ងៃៗ មានទ័ពស្ដេចល្បែង អមដោយជនប្រមឹកនឹងល្បែង ចូលរួមលេងមិនក្រោមពី ៤០០នាក់ ទៅ៥០០នាក់ឡើង។ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ពិភពល្បែងដុះស្លែនេះ ប្រហែលជារបស់អ្នកធំណាមួយហើយមើលទៅ។

កាស៊ីណូខុសច្បាប់បែបស្រុកស្រែនេះ មិនមានច្បាប់អនុញ្ញាតឡើយ ព្រោះមិនដែលឃើញមាន អនុក្រឹត្យ ឬសេចក្ដីជូនដំណឹង ឬអាជ្ញាបណ្ណអនុញ្ញាតពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ នេះបើតាមការខ្សឹបខ្សាវគ្នារបស់មន្រ្តីនៅទីនោះ។ សូម្បីតែអ្នកលែងល្បែងទាំងនោះ ក៏មិនស្គាល់ថា ទីតាំងល្បែងនោះ មានឈ្មោះអ្វីផង ឃើញតែរបងព័ទ្ធជុំវិញ មិនដឹងម្ចាស់ទីតាំងជាអ្នកណា ធ្វើការនៅឯណា មានឋានៈអ្វី ពោលគឺដឹងតែពីចាក់លេងៗ ចាញ់អស់ប៉ុណ្ណា ឈ្នះបានប៉ុន្មាន ល្ងាចឡើងទៅផ្ទះវិញ។

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា កាស៊ីណូស្របច្បាប់មួយ ត្រូវតែមានអនុក្រឹត្យ ឬសេចក្ដីជូនដំណឹងបញ្ជាក់ពី រាជរដ្ឋាភិបាល និងមានអាជ្ញាបណ្ណអនុញ្ញាតត្រឹមត្រូវ ហើយក៏តម្រូវឲ្យមានទីតាំង នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងមានស្តង់ដារលក្ខណៈបច្ចេកទេស មានស្លាកយីហោត្រឹមត្រូវហើយ ច្បាស់លាស់ទៀត។

ម្យ៉ាងវិញទៀត រាល់កាស៊ីណូទាំងអស់ មិនអនុញ្ញាតឲ្យជនជាតិខ្មែរ ចូលលេងនោះឡើយ មានតែជនជាតិបរទេសតែប៉ុណ្ណោះ ទើបអាចចូលលេងបាន។ តែចំពោះកាស៊ីណូកោះស្កូ ស្រុកពាមជ័រនេះ គ្មានស្លាកយីហោហើយ ទីតាំងតូច ផ្លូវចូលក៏តូច ហើយនៅជាប់ច្រករបៀងទៀត ពោលគឺគ្មានត្រឹមត្រូវតាមបច្ចេកទេសបន្តិចណាឡើយ។

យ៉ាងណាក៏ដោយ អភិបាលស្រុកពាមជរ៍ លោក ប្រសុទ្ធ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ បានប្រាប់ភ្នាក់ងារ Fresh News ថា​ ទីតាំងកាស៊ីណូមួយនេះមាន ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី តាំងពីឆ្នាំ២០១០៕