(ភ្នំពេញ)៖ ដូចណាត់គ្នាស្លាប់! បុរស២នាក់ត្រូវបានមន្ត្រីការិយាល័យជំនាញចក្ខុកោសល្យវិច្ច័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ពិតជាបានស្លាប់ដោយសារតែគាំងបេះដូង ខណៈកំពុងដេកពិតប្រាកដមែន។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីជនរងគ្រោះ២នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារ គាំងបេះដូងខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ខណៈជនរងគ្រោះទី១-ឈ្មោះទិន ផាយ អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅត្រង់ចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុម៣ ស្ថិតភូមិទួលគោក សង្កាត់ទួលសង្កែ ដែលជាចំណុចកើតហេតុ ជនរងគ្រោះទី២-ឈ្មោះហង់ យ៉ានហបូ អាយុ៣០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ដែលជាចំណុចកើតហេតុ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានបញ្ជាក់ពីដំណើររឿង របស់ជនរងគ្រោះទី១ថា មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី៨ ជនរងគ្រោះបានចេញពីកន្លែងធ្វើការ សំដៅមកបន្ទប់ជួល ក៏ត្រូវមិត្តភក្ត្របបួលដើរលេង តែជនរងគ្រោះមិនទៅ ហើយក៏ចូលទៅដេកមើលទូរទស្សន៍ ជាមួយមេជាងក្នុងបន្ទប់លុះដល់ម៉ោង៣ទាបភ្លឺ ពួកម៉ាកបានមកពី ដើរលេងវិញ ក៏ចូលទៅរកកន្លែងដេក និង បានដាស់ឲ្យជនរងគ្រោះខិតបន្ទិច ស្រាប់តែឃើញជនរងគ្រោះស្លាប់ បាត់បង់ជីវិតទៅហើយ។

មន្ត្រីនគរបាល បានបញ្ជាក់ពីដំណើររឿង របស់ជនរងគ្រោះទី២ថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី៨ដូចគ្នា ជនររងគ្រោះ និងមិត្តភក្ត្រ២នាក់ទៀត បានហូបបាយជាមួយគ្នារួច ហើយជនរងគ្រោះ បាននិយាយប្រាប់ពួកម៉ាកថា មានអារៈចុកពោះ ក៏ចូលទៅដេកតែម្ដង ស្រាប់តែព្រឹកឡើងមិត្តភក្ត័បាន ទៅដាស់ ក៏បានឃើញជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយពីមានការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ របស់ក្រុមគ្រូពេទ្យដោយសហការជាមួយនគរបាលមូលដ្ឋាន ដើម្បីត្រួតពិនិត្យវាយតម្លៃ បានរកឃើញថា សាកសពបុរសទាំង២ ពិតជាបានដេកស្លាប់ ដោយគាំងបេះដូង ពិតប្រាកដមែន ព្រមទាំងបានប្រគល់សព ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណីផងដែរ៕