Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងការងារ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ាន លើកទី១៧ នៅហ្វីលីពីន

09-03-2017 18:30

(ហ្វីលីពីន)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសហគមន៍សង្គម-វប្បធម៌អាស៊ាន នៃកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៍អាស៊ាន (ASCC) លើកទី១៧ នៅទីក្រុងអ៊ីឡូអ៊ីឡូ ប្រទេសហ្វីលីពីន ដើម្បីពិនិត្យពិភាក្សា និងផ្តល់សេចក្តីសម្រេចយល់ព្រម លើឯកសារពាក់ព័ន្ធ សម្រាប់ត្រៀមដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នាពេលខាងមុខ។

ពីទីក្រុងអ៊ីឡូអ៊ីឡូ លោករដ្ឋមន្រ្តី អ៊ិត សំហេង បានបញ្ជាក់ថា កិច្ចប្រជុំ ASCCនេះធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ហើយលោកបានដឹកនាំប្រតិភូចេញដំណើរពីកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាប្រទេសមាជិកអាស៊ាន។

លោករដ្ឋមន្រ្តីបានបន្តថា កិច្ចប្រជុំ ASCC នេះ ដឹកនាំដោយ លោកស្រី Judy M. Taguiwalo រដ្ឋលេខាធិការ នៃលេខាធិការដ្ឋានសុខុមាលភាពសង្គម និងការអភិវឌ្ឍនៃប្រទេសហ្វីលីពីន ដើម្បីពិនិត្យ និងពិភាក្សា ទៅលើឯកសារពាក់ព័ន្ធមួយចំនួន ដែលនឹងត្រូវផ្តល់សេចក្តីសម្រេចយល់ព្រម ដោយក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ាន ក្នុងកិច្ចប្រជុំខាងលើនេះ។

ក្នុងនាមជាម្ចាស់ផ្ទះ លោកស្រី Judy បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំលើកទី១៧ នាពេលនោះ។

អង្គប្រជុំបានបង្ហាញពី របាយការណ៍នៃដំណើរការការងារ ក្នុងអំឡុងពេលដែលហ្វីលីពីន ធ្វើជាប្រធានអាស៊ាន
ដូចជា វិស័យអាទិភាពនៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ឆ្នាំ២០១៧ ជាដើម។

អង្គប្រជុំក៏បានដាក់ចេញ នូវឯកសារដែលនឹងត្រូវផ្តល់សេចក្តីយល់ព្រម ដោយកិច្ចប្រជុំ ASCC លើកទី១៧នេះ សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣០ នាពេលខាងមុខ ផងដែរ ក្នុងនោះរួមមាន៖ ១.សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការបង្កើតលិខិតូបករណ៍អាស៊ាន ដើម្បីអនុវត្តន៍សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍
និង២.សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីមុខងារនៃសេវាសាធារណៈ ដែលជាកាតាលីករ ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។

ក្រៅពីនេះ នៅមានកិច្ចការមួយចំនួនទៀត សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដូចជា ការរៀបចំឯកសារពាក់ព័ន្ធផ្សេងៗ ការពិនិត្យមើលពង្រាងរបាយការណ៍នៃ ASCC, ការពិភាក្សានិងអនុម័តលើសេចក្តីព្រាងប្រកាសរួមនៃ ASCC ។

លោកបណ្ឌិតរដ្ឋមន្រ្តី បានបន្ថែមថា អង្គប្រជុំបានពិភាក្សា និងអនុម័ត លើរបាយការណ៍នៃកិច្ចប្រជុំរបស់ ASCC លើកទី១៧ និងបានព្រមព្រៀងគ្នាកំណត់កាលបរិច្ឆេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំ ASCC លើកទី១៨ ផងដែរ៕