(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ ក្រុមហ៊ុន C.H World Travel បានបង្ហាញពីឆន្ទៈគាំទ្រដល់ គោលនយោបាយបើកចំហរជើងមេឃ របស់រាជរដ្ឋាភិបាល ដែលអនុគ្រោះដល់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ អាចចូលមកបណ្ដាក់ទុនវិនិយោគ និងទស្សនា នៅកម្ពុជាបាន ព្រោះគោលនយោបាយនេះ បានបង្កឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍។
ក្រុមហ៊ុន C.H World Travel បង្កើតតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ជាក្រុមហ៊ុនទេសចរណ៍ធំមួយ ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា ហើយការលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធី «Thank you Party» ដែលក្រុមបានរៀបចំជូនដល់បុគ្គលិក និងអតិថិជនរបស់ខ្លូន។
លោក តាំង កក់ អគ្គនាយកក្រុមហ៊ុន C.H World Travel «រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគោលនយោបាយបើកចំហជើងមេឃ ដែលធ្វើឲ្យការហោះហើរ ទៅកាន់ប្រទេសដ៏ទៃទៀត កាន់តែមានភាពងាយស្រួល និងទូលំទូលាយ ដូច្នេះហើយ ទើបធ្វើឲ្យវិស័យទេសចរណ៍ កាន់តែមានភាពរីកចម្រើន ដែលអាចបង្កើនចំណូលថវិកាជាតិ និងប្រជាជនផ្ទាល់ ដែលជាអ្នកផ្ដល់សេវាកម្មពាក់ព័ន្ធ និងវិស័យទេសចរណ៍»។
ជាមួយនឹងភាពរីកចម្រើន លើវិស័យទេសចរណ៍នេះ ក៏ក្រុមហ៊ុនទេសចរណ៍ជាច្រើន បានបង្កើតឡើងដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់គោលនយោបាយល្អប្រសើរជាច្រើន សម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចង់មកបណ្ដាក់ទុនវិនិយោគ នៅកម្ពុជា។
លោក តាំង កក់ ក៏បានបញ្ជាក់ថា ដើម្បីឲ្យក្រុមហ៊ុននេះ ដំណើរការល្អគឺក្រុមហ៊ុនលោក បានប្រកាន់ភ្ជាប់នូវការផ្ដល់សេវាកម្មយ៉ាងឆាប់រហ័សទាន់ពេលវេលា និងមិនប្រើល្បិចកលភូតកុហកផ្សេងៗ ដល់អតិថិជនឡើយ ទើបធ្វើឲ្យពួកគាត់មានទំនុកចិត្តគាំទ្ររហូតមក។
លោកអគ្គនាយកបានឲ្យដឹងថា ការដែលលោក រៀបចំពិធីជួបជុំគ្នានាពេលនេះ គឺស្របពេលពិភពលោក ប្រារព្ធខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី ៨មីនា ដែលជាទិវាមួយរំលឹកពី វីរភាពរបស់នារី ក្នុងការតស៊ូរើបម្រាស់ពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម តាមគ្រប់រូបភាព ដើម្បីទទួលបានសិទ្ធិសេរីភាពពេញលេញ ដូចបុរសដែរ។ ម្យ៉ាងទៀតការជួបជុំគ្នានេះ ក៏ដើម្បីលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ខិតខំបំពេញការងារផ្ដល់សេវាកម្មជូនដល់អតិថិជន នាពេលកន្លងមក។
ក្នុងពិធីជួបជុំនេះ ក្រុមហ៊ុន C.H World Travel ក៏បានផ្ដល់រង្វាន់អនុស្សាវរីយ៍ដល់បុគ្គលិក និងអតិថិជនដែលបានចូលរួម ក្នុងនោះរួមមាន ឆ្នាំងអ៊ុតអគ្គិសនី ឆ្នាំងដាំបាយអគ្គិសនី ដុំផ្ទុកថាមពល (Power Bank) កាបូបស្ពាយ នាឡិកាដៃ ទូរស័ព្ទដៃ ទូរទស្សន៍៣២អ៊ីង សំបុត្រយន្តហោះផងដែរ៕