(សៀមរាប)៖ សមាគមសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិបឹងពារាំង អាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ បានដាំកូនឈើព្រៃលិចទឹក ក្នុងតំបន់អភិរក្ស បឹងពារាំង (បឹងទន្លេសាទ) ចំនួន៦.០០៥ដើម នៅសង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។
កម្មវិធីដាំដើមឈឺនេះរៀបចំឡើងដោយមានការសហការជាមួយ អាជ្ញាធរខេត្តដែលមានមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម មន្ទីរធនធានទឹក មន្ទីរអភិវឌ្ឍជនបទ អាជ្ញាធរសង្កាត់ជ្រាវ សហគមន៍មូលដ្ឋាន និងព្រះសង្ឃសរុបចំនួនជាង១០០អង្គ/នាក់ នាថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៧នេះ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ បានលើកឡើងថា ការដាំកូនឈើ ការរក្សាព្រៃឈើ អភិរក្សព្រៃឈើ ធនធានធម្មជាតិ ជីវ:ចម្រុះ គឺជាជីវិត នៃមនុស្ស សត្វ រុក្ខជាតិ ដ៏សំខាន់បំផុត ហើយជាតួនាទី ដែលយើងទាំងអស់គ្នាត្រូវមានចំណែកចូលរួម។ សមាគម/សហគមន៍ នឹងបន្តការដាំដុះកូនឈើ ការពាររក្សាអភិរក្ស ធនធានធម្មជាតិ បរិស្ថាន និងការចូលរួមចំណែកការអភិវឌ្ឍវិស័យទេសចរណ៍។
លោកប្រធានមន្ទីរខេត្ត បានបន្ថែមទៀតថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា «ជាមាសបៃតង» ជាផ្នែកសំខាន់នៃសេដ្ឋកិច្ចបៃតង ដែលនាំចំណូលទៅក្នុងចរន្ដសេដ្ឋកិច្ចជាតិ និងបានរួមចំណែកជំរុញកំណើនផលិតផលក្នុងស្រុកសរុប។
ទាក់ទងនឹងបញ្ហានេះលោកបានបញ្ជាក់ថា លោកនឹងបន្ដពិភាក្សា រៀបចំទីកន្លែងនៃតំបន់ទេសចរណ៍ វប្បធម៌ធម្មជាតិបឹងពារាំង ឱ្យមានសួនអាពាហ៍ពិពាហ៍ និងទេសចរម្នាក់ ដើមឈើមួយដើមផងដែរ។
លោកបន្ថែមថា ការអភិវឌ្ឍទេសចរណ៍របស់ខេត្ត ត្រូវជំរុញអនុវត្តផ្ដោតទៅលើ យុទ្ធសាស្ត្រ ជាអាទិភាព រួមមាន ការងារអភិវឌ្ឍផលិតផលទេសចរណ៍, ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍, ការតភ្ជាប់ និងសម្របសម្រួលការធ្វើដំណើរដឹកជញ្ជូនភ្ញៀវទេសចរ, ការងារសន្ដិសុខ សុវត្ថិភាពដល់ភ្ញៀវទេសចរ និងអ្នកដំណើរ, ពង្រឹងការអនុវត្តប្រព័ន្ធច្បាប់ និងយន្ដការគ្រប់គ្រងរមណីយដ្ឋានធម្មជាតិ/ សហគមន៍ទេសចរណ៍, និងការអភិវឌ្ឍន៍ធនធានមនុស្ស ទាក់ទងនិងវិស័យទេសចរណ៍៕