(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យការស្នាក់ និងធ្វើការរបស់ជនបរទេស
ជាលទ្ធផល លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា នៅពេលចុះត្រួតពិនិត្យនោះ ជនជាតិស្រ្តីចិនចំនួន៥នាក់ ត្រូវបានឃាត់ខ្លួន ដោយសារគ្មានឯកសារត្រឹមត្រូវ នៅហាងម៉ាសាបាតជើងពេញចិត្ត ស៊ិនអ៊ី និងម៉ាសាអ៊ីវយ៉ាវ ស្ថិតនៅផ្លូវ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា «ពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ និងគ្មានសៀវភៅការងារ»។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ជនជាតិចិនទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕