(សៀមរាប)៖ មន្រ្តីនគរបាលចំនួន១០នាក់ ក្នុងស្រុកវារិន ខេត្តសៀមរាប បានប្រមូលគ្នាផ្ដិតស្នាមមេដៃ ប្ដឹងទៅស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សត ឌីណា ដើម្បីស្នើសុំដកអធិការនគរបាលស្រុកវារិនចេញ គឺលោកវរសេនីយ៍ទោ ណុប សារ៉ាក់ ដោយសារកិបកែងលុយសំណងរបស់មន្រ្តីនគរបាល ដែលជាជនរងគ្រោះ ត្រូវក្រុមក្មេងស្ទាវវាយឲ្យរបួសក្នុងពេលបំពេញការងារ។
ពាក្យបណ្ដឹងសុំផ្លាស់ប្ដូរអធិការនគរបាលស្រុកវារិន ចេញនេះ ត្រូវធ្វើឡើងដោយលោកអនុសេនីយ៍ឯក កែ សំរ៉ាវង្ស អធិការរងស្រុក រួមជាមួយមន្រ្តីនគរបាលប៉ុស្តិ៍ប្រាសាទ ចំនួន៩នាក់ទៀត។
ពាក្យបណ្ដឹងផ្ដិតដោយស្នាមមេដៃមន្រ្តីនគរបាលទាំង១០ ខាងលើ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ លោកអនុសេនីយ៍ឯក កែ សំរ៉ាវង្ស បាននាំកម្លាំងចុះទៅការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងកម្មវិធីប្រគំតន្រី្តមួយ នៅភូមិកាប់ដៃ ឃុំប្រាសាទ ស្រុកវារិន ខណៈនោះ មានក្រុមក្មេងស្ទាវ២ក្រុម បានបង្កហិង្សាវាយតប់គ្នា កម្លាំងរបស់លោកអនុសេនីយ៍ឯក កែ សំរ៉ាវង្ស បានចេញទៅហាមឃាត់បញ្ឈប់ភ្លាម ស្រាប់តែមានបងធំក្មេងស្ទាវម្នាក់ ស្រែកប្រាប់ឲ្យគ្នីគ្នាសម្រុកចូលវាយលើ លោកអនុសេនីយ៍ឯក និងមន្រ្តីនគរបាល២នាក់ទៀត បណ្ដាលឲ្យរងរបួសកន្លែងមួយចំនួន ភ្លាមនោះដែរ ក៏មានមន្រ្តីនគរបាលដទៃទៀត ចូលទៅជួយឃាត់ និងចាប់បានក្មេងស្ទាវចំនួន២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវារិន តែម្ដង។
លិខិតបានបន្តថា លុះដល់ស្អែកឡើង ជនសង្ស័យត្រូវលោកអធិការ ណុប សារ៉ាក់ បានបញ្ជាឲ្យដោះលែងវិញ ដោយមានលោកអធិការរងម្នាក់ទៀត ទទួលបន្ទុកការងារយុត្តិធម៌ បានប្រាប់ថា ជនសង្ស័យបានបង់លុយសំណងជំងឺចិត្តចំនួន ១,៥០០,០០០រៀល ទៅឲ្យលោអធិការ តែដល់ពេលលោកអនុសេនីយ៍ឯក សំរ៉ាវង្ស ដែលជាជនរងគ្រោះនោះ ទទួលបានយដល់ដៃតែ២៥០,០០០រៀល ហើយចែកគ្នាស្មើជាមួយលោកអធិការរង ទទួលការងារយុត្តិធម៌នោះទៀត។ ដោយឡែក នាយរងប៉ុស្ដិ៍៣នាក់ទៀត ដែលជាជនរងគ្រោះដូចគ្នាដែរនោះ ក៏ទទួលបានលុយសំណងជំងឺចិត្ត តែ២៥០,០០០រៀល ចែកគ្នាបីនាក់ដែរ។
មិនតែប៉ុណ្ណោះ លោកអធិការ ណុប សារ៉ាក់ ក៏មិនសូវបង្ហាញវត្តមាន នៅក្នុងអធិការដ្ឋាននគរបាលស្រុកវារិនដែរ ទៅតែពេលប្រជុំនៅសាលា និងប្រជុំនៅអធិការដ្ឋានស្រុក ម្ដងៗប៉ុណ្ណោះ ព្រោះរវល់នៅតែក្នុងផ្ទះ នៅខេត្តសៀមរាប។
ទង្វើទាំងនេះ បានបង្កការមិនពេញចិត្តជាបន្តបន្ទាប់ ដល់មន្រ្តីក្រោមឱវាទ ទើបមន្រ្តីនគរបាលទាំង១០នាក់ខាងលើ មូលមតិគ្នាសម្រេចចិត្តផ្ដិតមេដៃដាក់ពាក្យបណ្ដឹង ប្ដឹងទៅថ្នាក់លើ ស្នើសុំផ្លាស់ប្ដូរអធិការនគរបាលថ្មី ដើម្បីពង្រឹងស្មារតីខិតខំបំពេញការងារ ជូនប្រជាពលរដ្ឋបន្តទៀត។
មន្រ្តីនគរបាលដែលចូលរួមផ្ដិតមេដៃ លើពាក្យបណ្ដឹងខាងលើ រួមមាន លោកអនុសេនីយ៍ឯក កែ សំរ៉ាវង្ស អធិការរងនគរបាលស្រុកវារិន, លោក ម៉ៃ បូរី, លោក ឈួន ក្លូ, លោក យ៉ន ហាយ, លោក ហូក គក់, លក អ៉ិត សាវី, លោក បិន ណន់, លោក យឿម ភ្លុក, លោក ហំ ហាត់, លោក រឿង សុខុម៕