(បន្ទាយមានជ័យ)៖ ពិតជាប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានហូបសាច់មាន់ ឆ្អឹងមាន់ និងប្រហិតសាច់មាន់ខូច គុណភាពនាំចូលពីថៃ។ ជាក់ស្តែង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក មាស​ ច័ន្ទពិសិដ្ឋ និងព្រះរាជរង សុខ កែវបណ្ឌិត បានស្ទាក់ចាប់បានសាច់មាន់ ឆ្អឹងមាន់ និងប្រហិតសាច់មាន់រហូតដល់ ជាង១តោនឯណោះ ដែលឈ្មួញនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុក ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះថា មន្រ្តីរបស់លោកក្រោមការបញ្ជាផ្ទាល់ពីលោក ស៊ាន​ ស៊ីណាត បានចុះទៅស្ទាក់ចាប់បាននូវសាច់មាន់ និងឆ្អឹងមាន់ចំនួន៦០០គីឡូក្រាម និងប្រហិតមាន់ដែលខូចគុណភាពចំនួន៧០០គីឡូក្រាម នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោក ហុង លៀង បានបញ្ជាក់ទៀតថា សម្រាប់សាច់មាន់ដែលខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីកាំកុងត្រូលរបស់លោក សហការជាមួយកម្លាំងនគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្រ្តីគយ សហការគ្នាយកទៅដុតកម្ទេចចោលនៅក្នុងបរិវេណកាស៊ីណូផ្កាយ៥ នៅវេលាម៉ោងប្រមាណ៤៖៣០នាទីរសៀលថ្ងៃនេះ។

មន្រ្តីកាំកុងត្រូលបានអំពាវនាវដល់ ប្រជាពលរដ្ឋ ជាពិសេសអាជីវករឲ្យបញ្ឈប់ការនាំចូលរួមសាច់ បន្លែ និងផ្លែឈើ ព្រមទាំងទំនិញទាំងឡាយ ដែលខូចគុណភាព និងហួសដឺឡេ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋខ្មែររបស់យើង៕