(ភ្នំពេញ)៖ ដូចការគ្រោងទុកនៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាផ្តល់ថវិកា ១៦០,៨០០ដុល្លារសហរដ្ឋអាមេរិក ជាជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយសាណូណិ) ដើម្បីពង្រឹងសមត្ថភាពលើការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋតាមទីជនបទ និងផលិតទឹកស្អាត។ តាមរយៈគម្រោងនេះ ត្រូវបានរំពឹងថា នឹងជួយពង្រឹងទំនាក់ទំនងប្រជាជនកម្ពុជា-ជប៉ុន កាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយដែលធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ លោក ហូរីណូអ៊ុនជិ ហ៊ីដេហ៉ីសា ឯកអគ្គរដ្ឋ ទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា គម្រោងដែលជប៉ុនផ្តល់ជូននោះរួមមាន គម្រោងពង្រឹងសហគមន៍កសិកម្ម ក្នុងស្រុកត្បែងមានជ័យ និងស្រុកគូលេន ខេត្តព្រះវិហារ ដោយមានការផ្តល់ជូនម៉ាស៊ីនច្រូតស្រូវចំនួនពីរគ្រឿង និងអគារមជ្ឈមណ្ឌលកសិកម្មចំនួន២ ដល់សហគមន៍កសិកម្មទាំងពីរ។ គម្រោងនេះ ត្រូវចំណាយថវិកាចំនួន ៨២,៩៦០ដុល្លារអាមេរិក។
លោក ហូរីណូអ៊ុនជិ ហ៊ីដេហ៉ីសា រំពឹងថា គម្រោងនេះ នឹងលើកកម្ពស់គុណភាពអង្ករសរីរាង្គសម្រាប់នាំចេញ និងធ្វើឲ្យជីវភាពរបស់កសិករប្រមាណ ៤៦០នាក់កាន់តែល្អប្រសើរ។ គម្រោងនេះ នឹងធានាបាននូវទឹកស្អាតប្រកបដោយសុវត្ថិភាព និងស្មើភាពសម្រាប់ប្រជាពលរដ្ឋ និងរួមចំណែកក្នុងការកាត់បន្ថយជំងឺឆ្លងតាមទឹកមិនស្អាត។
សម្រាប់គម្រោងមួយទៀត គឺគម្រោងផលិតទឹកស្អាត ក្នុងឃុំចំនួន៦ នៅខេត្តតាកែវ នឹងមានការផ្តល់ជូនស្ថានីយផលិតទឹកស្អាតខ្នាតតូចចំនួន៦ និង ម៉ាស៊ីនចាំបាច់សម្រាប់ផលិតទឹកស្អាត។ គម្រោងទី២ ចំណាយថវិកាចំនួន ៧៧,៨៤០ដុល្លារអាមេរិក។
តាមរយៈគម្រោងទាំងពីរខាងលើនេះ មិនត្រឹមតែផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជានោះទេ លោកឯកអគ្គរដ្ឋទូត ក៏រំពឹងថា នឹងជួយពង្រឹងជាបន្តទៅទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបញ្ជាក់ឲ្យដឹងថា គម្រោងពង្រឹងសហគមន៍ កសិកម្ម ក្នុងស្រុកត្បែងមានជ័យ និងស្រុកគូលេន ខេត្តព្រះវិហារ នឹងជួយផ្តល់ឧបករណ៍កសិកម្មដល់សហគមន៍កសិកម្មចំនួនពីរ នៅខេត្តព្រះវិហារ។ លោក ក៏បានធានាដែរថា សមិទ្ធផលដែលនឹងចាប់ដំណើរការនៅពេលខាងមុខនេះ នឹងត្រូវបានថែទាំ និងគ្រប់គ្រងដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព។
លោក ចៃ ឡូ នាយកប្រតិបត្តិទឹកស្អាត១០០១ បានលើកឡើងថា ការសហប្រតិបត្តិការ និងការផ្តល់ជំនួយរបស់ប្រទេសជប៉ុន នាពេលនេះ អាចបង្កើនការដោះស្រាយបញ្ហាទឹកស្អាត និងបានផ្តល់ឱកាសដ៏ល្អសម្រាប់ធ្វើការផ្លាស់ប្តូរលើអ្វីដែលទទួលបានជោគជ័យ ក្នុងការដោះស្រាយបញ្ហានាពេលអនាគត។
លោក ចៃ ឡូ បានបន្ថែមថា តាមរយៈជំនួយរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងដៃគូសំខាន់ៗ នឹងអាចធ្វើឲ្យមានលទ្ធភាពផ្តល់ទឹកពិសារ មានសុវត្ថិភាពជារៀងរាល់ថ្ងៃដល់អ្នកទទួលផលចំនួន ១លាននាក់នៅបំណាច់ឆ្នាំ២០២០៕