(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍បារាំង(AFI  KLM  E&M: Air France Industries  KLM Engineering  and Maintenance)បានឈ្នះការដេញថ្លៃ ទៅលើកិច្ចព្រមព្រៀងរយៈពេលវែង ក្នុងការជួសជុល ថែរក្សា និងផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះ ប្រភេទអ៊ែរប៊ឺស A៣២០ របស់ក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអង្គរអ៊ែរ។

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ក្រុមហ៊ុនអាកាសចរអង្គរអ៊ែរ និងអាកាសចរបារាំង ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជួសជុល និងថែរក្សាយន្តហោះនេះ នាសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ហើយដោយបច្ចុប្បន្នក្រុមហ៊ុនមានយន្តហោះប្រភេទ អ៊ែរប៊ឺស ចំនួន៣គ្រឿងហើយ តែនឹងកើនឡើងដល់១០គ្រឿងនៅរយៈពេលដ៏ខ្លីខាងមុខនេះ ហើយក្រុមហ៊ុនទាំងពីរ។

លោកហ្វាប្រ៊ីក ឌីហ្វ្រេន អគ្គនាយករងជាន់ខ្ពស់ ផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនAFI  KLM E&M បានថ្លែងថា លោកមានមោទភាពយ៉ាងខ្លាំង ដែលបានក្លាយជាដៃគូថ្មី របស់ក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអង្គរអ៊ែរ ក្នុងរយៈពេលវែង ដើម្បីចូលរួមចំណែកបង្កើនទំនុកចិត្ត លើប្រតិបត្តិការនិងគាំទ្រដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន នៅទីផ្សារកម្ពុជា ដែលកំពុងរីកចម្រើនខ្លាំង។

លោកបន្ដថា «តាមរយៈការឈ្នះលើការដេញថ្លៃយ៉ាងស្វិតស្វាញនេះ យើងមានមោទនភាពក្នុងការបង្ហាញថាការជួសជុល និងថែរក្សាយន្តហោះដោយផ្ទាល់ របស់ក្រុមហ៊ុនដើរតួនាទីយ៉ាងសំខាន់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៃភាពជាដៃគូរនេះ ពិសេស ចាប់ពីពេលនេះតទៅ ក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអង្គរអ៊ែរ អាចចូលទៅកាន់គ្រប់សាខាផ្ទុកគ្រឿងបន្លាស់យន្តហោះA៣២០ របស់ក្រុមហ៊ុនអាកាសចរបារាំង AFI  នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកអគ្គនាយករងជាន់ខ្ពស់ ផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនAFI បានឲ្យដឹងថា ក្រុមហ៊ុនអាកាចរណ៍បារាំង ជាក្រុមហ៊ុនផ្តល់សេវាកម្មជួសជុល ថែរក្សា និងគ្រឿងបន្លាស់ម៉ាស៊ីនយន្តហោះ ហើយ ក្រុមហ៊ុនមានបុគ្គលិកជាង១៤,០០០នាក់ ដើម្បីបម្រើការសេវាកម្មដូចជា ជំនួយផ្នែកបច្ចេកទេស ជួសជុល ផ្គត់ផ្គង់គ្រឿងបន្លាស់ និងសេវាកម្មផ្សេងៗទៀត ហើយបច្ចុប្បន្ន កំពុងធ្វើការជាមួយយន្តហោះជិត២,០០០គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ជិត២០០នៅលើពិភពលោក។

លោក ង្វៀន មិញហៃ(Gguyen Minh Hai)នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអង្គរអ៊ែរ បានថ្លែងថា​តាមរយៈកិច្ចព្រមព្រៀងនេះ នឹងជួយឱ្យសេវាកម្ម និងបច្ចេកទេស របស់អាកាសចរជាតិកម្ពុជាអង្គរអ៊ែរ កាន់តែល្អប្រសើរ និងសុវត្ថិភាព។

លោកបន្ដថា ក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអង្គរអ៊ែរ បានបង្កើតឡើងក្នុងឆ្នាំ២០០៩ បច្ចុប្បន្នក្រុមហ៊ុនធ្វើការហោះហើរក្នុងស្រុករវាងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងក្រៅស្រុកជាច្រើនទៀត ទៅកាន់ប្រទេសវៀតណាម ថៃ ចិន កូរ៉េ និងម៉ាកាវដោយប្រើប្រាស់យន្តហោះចំនួន៧គ្រឿង។ ហើយនៅឆ្នាំ២០២០ ក្រុមហ៊ុននឹងបង្កើនចំនួនយន្តហោះរហូតដល់១០គ្រឿងថែមទៀតផងដែរ៕