(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃកន្លងមកនេះគេសង្កេតឃើញថា មានសារជាសំលេងមានសារ ជាអក្សររបស់អ្នកនយោបាយមួយចំនួន ពាក់ព័ន្ធទៅនឹងរឿងនយោបាយ ឬរឿងអាស្រូវផ្ទាល់ខ្លួនជាដើម ត្រូវបានបែកធ្លាយចេញជាបន្តបន្ទាប់ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម Facebook។
ក្រោយការបែកធ្លាយនូវសំលេងសន្ទនាក៏ដូចជា សារឆ្លងឆ្លើយគ្នាជាសម្ងាត់ របស់អ្នកនយោបាយតាមបណ្ដាញសង្គម Facebook បែបនេះមានបណ្ដាញ ព័ត៌មានជាច្រើន បានដកស្រង់នូវសំលេងសន្ទនា ឬសារសំលេងទាំងអស់នោះយកទៅធ្វើការចុះផ្សាយបន្តដោយយោងទៅតាមប្រភពពី Account Facebook នោះ បើទោះជាសំលេងក៏ដូចជា សារជាអក្សរខ្លះម្ចាស់ទទួលស្គាល់ ខ្លះទៀតម្ចាស់នៅស្ងៀមមិនឆ្លើយតបយ៉ាងណាក៏ដោយ។
ប៉ុន្តែអ្វីដែលជារឿងចំឡែកនោះ ខណៈអ្នកដែលគេអះអាងថា ជាម្ចាស់សំលេង ឬម្ចាស់សារបែកធ្លាយទាំងអស់នោះគេមិនមានប្រតិកម្មអ្វីផង ស្រាប់មាន ម្សៀជាក្រុមអ្នកវិភាគនយោបាយដូរបាយ ឬក្រុមអ្នកវិភាគបិទភ្នែកនៅក្នុងមុងមួយចំនួន ចេញមុខភ្លេតមកឈឺឆ្អាបកស្រាយជំនួសម្ចាស់សំលេង ឬម្ចាស់សារថា អ្នកសារព័ត៌មានណាយកសំលេងសន្ទនា ឬសារឯកជនរបស់គេទៅផ្សព្វផ្សាយ ជាសាធារណៈបន្តដោយគ្មានការអនុញ្ញាតគឺជារឿងខុសច្បាប់, គ្មានវិជ្ជាជីវៈ និងគ្មានសីលធម៌។
ម៉្យាងដែរស្រុកខ្មែរ បើព័ត៌មានណាចេញផ្សាយទៅតម្រូវចិត្តពួកគេ ផ្ដល់ផលចំណេញដល់ពួកគេ, ពួកគេនាំគ្នាវិភាគនាំគ្នាបញ្ចេញមតិថា ព័ត៌មាននោះ ការផ្សាយនោះត្រឹមត្រូវហើយ ផ្សាយបានល្អណាស់ តែបើព័ត៌មានណាដែរ ផ្សាយចេញទៅមិនផ្ដល់ផលចំណេញ ឬមិនត្រូវចិត្តពួកគេវិញ ម្សៀអ្នកវិភាគត្បាញអាយទាំងនោះថា ការផ្សាយនោះខុសច្បាប់ ផ្សាយលំអៀង សរសេរមិនមានវិជ្ជាជីវៈជាដើម។ល។
ជាក់ស្ដែងប៉ុន្មានថ្ងៃនេះ ពេលដែលអាកខោនហ្វេសប៊ុកមួយចំនួនផ្សាយពីសំលេង និងសាររបស់អ្នកនយោបាយមួយចំនួនដូចជា សំលេងនិងសាររបស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងលោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្ររបស់គណបក្សប្រឆាំងនៅកម្ពុជា, ទាក់ទងគ្នាជាមួយសម្ដេចតេជោ ហ៊ុន សែន ដែលសំលេងឆ្លងឆ្លើយទាំងអស់នោះ មិនបានផ្ដល់ផលចំណេញដល់គណបក្សប្រឆាំង ហើយពេលអ្នកព័ត៌មានយកមកផ្សាយបន្តទាំងស្រុង ដោយដកស្រង់ ប្រភពពី Facebook នោះ ស្រាប់មានក្រុមអ្នកដែលតាំងខ្លួនឯងថា ជាអ្នកវិភាគឯករាជ្យមួយដំបរស្វានោះបានចេញមុខភ្លាមមកធ្វើការវិភាគ ខ្លះទាំងកំពុង នៅក្នុងមុង ខ្លះមិនទាន់ទាំងស្វាងស្រាសផងចេញមុខមកអះអាងថា ការផ្សាយនោះវាខុសច្បាប់ ផ្សាយគ្មានវិជ្ជាជីវៈ សរសេរយោងតែម្ខាងជាដើម។
ប៉ុន្តែពេលនេះមានវេបសាយខ្នាតអន្តរជាតិមួយឈ្មោះ Wikileaks បានចេញផ្សាយជាសាធារណៈនូវសារសំលេង និងឯកសារសម្ងាត់ៗបំផុតរបស់រដ្ឋាភិបាល និងឯកជនជាថ្នាក់ដឹកនាំនៅលើពិភពលោកជាច្រើនដោយទាំងសំលេង និងឯកសារសម្ងាត់ទាំងអស់នោះសុទ្ធតែបានមកពីប្រភពអនាមឹក ហើយមានបណ្ដាញ ព័ត៌មានអន្តរជាតិធំៗដកស្រង់យកទៅផ្សាយបន្តព្រោងព្រាតដូចជា បណ្ដាញព័ត៌មាន CNN របស់អាមេរិក, BBC របស់អង់គ្លេស, Reuters របស់អង់គ្លេស, AP របស់អាមេរិក....ជាដើម។ល។ តែគេមិនដែលឃើញមានអ្នកវិភាគខ្នាតអន្តរជាតិណាចេញមុខចោទប្រកាន់ថា បណ្ដាញព័ត៌មានទាំងអស់នោះផ្សាយ ខុសច្បាប់, ផ្សាយគ្មានវិជ្ជាជីវៈនោះឡើយ ហើយសូម្បីតែពួកអ្នកវិភាគត្បាញអាយនៅស្រុកខ្មែរមួយចំនួនក៏មិនដែរបញ្ចេញប្រតិកម្មចោទបណ្ដាញ ព័ត៌មានអន្តរជាតិធំៗទាំងអស់នោះដូចគ្នា។
ចុះចំលែកអីតែព័ត៌មាននៅស្រុកខ្មែរ ឲ្យតែសរសេរខុសពីគំនិតដែរពួកគេចង់បាន គឺដឹងតែចោទថា ផ្សាយលំអៀង ផ្សាយគ្មានវិជ្ជាជីវៈ ផ្សាយខុសច្បាប់ជាដើម ចុះត្រង់ខ្លួនឯងវិភាគនៅតែក្នុងមុង វិភាគទាំងបិទភ្នែក វិភាគផ្កាប់មុខគាំទ្រតែបក្ខពួកខ្លួននោះ ម្ដេចមិនចោទខ្លួនឯងវិភាគល្មើសច្បាប់ វិភាគគ្មានវិជ្ជាជីវៈ វិភាគលំអៀងផងទៅ។
ឱ! ម្សៀអ្នកវិភាគផ្កាប់មុខ អ្នកវិភាគនៅក្នុងមុង និងអ្នកវិភាគបិទភ្នែកទាំងឡាយអើយ កុំតាំងខ្លួនជាអ្នកចេះវិភាគ១០០មុខពេក អ្នកខ្លះរៀនចេះខាងដាំខ្ទឹម អ្នកខ្លះរៀនចេះខាងចាក់ថ្នាំជ្រូក អ្នកខ្លះរៀនចេះខាងធ្វើធ្មេញសោះ មិនព្រមនាំគ្នាវិភាគនិងបរិយាយទៅតាមមុខជំនាញដែលខ្លួនចេះទេ ឲ្យតែមានអ្នកសួរ ឲ្យតែបានក្បាលមេក្រូ គឺដឹងតែចេះវិភាគ១០០មុខ ចង់វិភាគពីនយោបាយក៏ចេះ ចង់វិភាគពីព័ត៌មានក៏ចេះ យូរៗទៅចង់ចេះជាងអ្នកព័ត៌មានទៅទៀត ទាំងខ្លួនឯងមិនចេះវិជ្ជាជីវៈព័ត៌មានផង៕