(ភ្នំពេញ)៖ ជាងម្ភៃឆ្នាំមុនអ្នកភូមិទំនប់ ដែលរស់នៅប៉ែកខាងលិចផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពិបាកក្នុងការធ្វើដំណើរព្រោះតែគ្មានផ្លូវ ហើយកាន់តែលំបាកជាងនេះ គឺនៅពេលរដូវវស្សាមកដល់ ត្រូវទឹកលិចធ្លាប់ បណ្ដាលឲ្យមានក្មេងលង់ទឹក និងជម្ងឺដង្កាត់ថែមទៀត ប៉ុន្តែថ្ងៃនេះ ពេលនេះ វាផ្ទុយគ្នាស្រឡះតំបន់នេះ ត្រូវបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយផ្លូវដែលមានក្នុងប្លង់អិលម៉ាប ត្រូវបានកសាងស្ថាបនា ជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ។
ថ្លែងនៅក្នុងពិធីបើកផ្លូវថ្មីគឺផ្លូវលេខ១៩៧៨ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ លោក ប៉ិល កុសល អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ឲ្យដឹងថា ការបើកផ្លូវលេខ១៩៧៨ និងស្ថាបនាជាបេតុងនេះ ធ្វើឡើងបានដោយសារតែការចូលរួមពីប្រជាពលរដ្ឋនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ផ្លូវលេខ១៩៧៨ ដែលទើបបើកឲ្យដំណើរការនេះ មានប្រវែង៤៤៨ម៉ែត្រ ទទឹង១៥ម៉ែត្រ តបតាមការស្នើរសុំរបស់ប្រជាពលរដ្ឋ។
លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃ ទៅមួយថ្ងៃ ក្នុងមូលដ្ឋាន តួយ៉ាងផ្លូវខាងលើនេះ ដែលទើបបានបើក និងចាក់ដីបង្ហាប់ និងគ្រោងចាក់បេតុងនាពេលខាងមុខ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូន និងធ្វើឲ្យមានផាសុខភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។
គួរបញ្ជាក់ផងដែរថា ផ្លូវ១៩៧៨នេះ ត្រូវបានបើកឲ្យដំណើរការនៅថ្ងៃនេះ បន្ទាប់ពីផ្លូវ ១៩៧៤ បានបើកឲ្យប្រើប្រាស់ កាលពីដើមឆ្នាំ២០១៧ ពោលផ្លូវថ្មីចំនួន០២ខ្សែរនេះ ហើយដែលសង្កាត់ភ្នំពេញថ្មី ទទួលបានពីកិច្ចខិតខំ របស់លោកអភិបាលខណ្ឌ ប៉ិល កុសល ដែលផ្លូវទាំងពីខ្សែរគឺមានក្នុងប្លង់អិលម៉ាប៕