(កណ្តាល)៖ លោក ឆេង គឹមស៊ុន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ បាននាំនិស្សិតជប៉ុនមួយក្រុមចុះពិនិត្យមើលការសិក្សាសិស្ស និងរៀបចំសាងសង់អាងទឹកនៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្រៅពីពិនិត្យពីការរៀបចំសាងសង់អាងទឹកហើយនោះ ក្រុមនិសិ្សតជប៉ុន ក៏បាននាំយកសៀវភៅអាន ក្រដាសបត់រូប និងឲ្យសិស្សរៀនបត់ក្រដាស់ជារូបភាពផ្សេងៗ។
សូមបញ្ជាក់ថា តាមរយៈក្រុមការងារគណៈពង្រឹងភូមិថ្មី ធ្លាប់បានជួយសម្ភារៈសិក្សា និងសាងសង់អាទឹក បន្ទប់ទឹកផងដែរ ដើម្បីជួយឲ្យ ការសិក្សារៀនសូតរបស់សិស្សបានល្អប្រសើរ។ ខាងក្រោមគឺជារបាយការណ៍ ដែលក្រុមការងារបានជួយដល់សិស្សក្នុងសាលាបឋមសិក្សាស្វាយអំពារនាពេលកន្លងមក។
លើកទី១៖ ថ្ងៃទី ១៦ ដល់ ២១ ខែមីនា ឆ្នាំ២០១៤ បានជួយសំភារៈសិក្សាដល់សិក្សានុសិស្សនៃសាលាបឋមសិក្សាស្វាយអំពារ សរុបជាទឹកប្រាក់ប្រមាណ ៤០០ដុល្លារ។
លើកទី២៖ ថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៤៖ បានជួយសំភារៈសិក្សា និងសម្ភារៈកីឡាមួយចំនួន ដល់សិក្សានុសិស្សនៃសាលាបឋមសិក្សាស្វាយអំពារ និងកាតាប និងប៊ិច ជូនលោកគ្រូ អ្នកគ្រូ សរុបជាទឹកប្រាក់ប្រមាណ ៣០០ដុល្លារ។
លើកទី៣៖ ថ្ងៃទី ១៥ ដល់២១ ខែមីនា ឆ្នាំ២០១៥៖ បានជួយសំភារៈសិក្សាដល់សិក្សានុសិស្ស នៃសាលាបឋមសិក្សាស្វាយអំពារ និងបន្ទប់ទឹកចំនួន ២បន្ទប់ សរុបជាទឹកប្រាក់ប្រមាណ ១,៣០០ដុល្លារ។
លើកទី៤៖ ថ្ងៃទី ១ដល់ ៥ ខែកញ្ញា ឆ្នាំ២០១៥ បានជួយសំភារៈសិក្សាដល់សិក្សានុសិស្ស នៃសាលាបឋមសិក្សាស្វាយអំពារ សរុបជាទឹកប្រាក់ប្រមាណ ៣០០ដុល្លារ។
លើកទី៥៖ ថ្ងៃទី ២៦ ដល់ ២៩ ខែសីហា ឆ្នាំ២០១៦ បានជួយសំភារៈសិក្សាដល់សិក្សានុសិស្សនៃសាលាបឋមសិក្សាស្វាយអំពារ និងផ្តល់ថវិកាសរុបចំនួន ៣២០០ ដុល្លារសម្រាប់ធ្វើអាងស្តុកទឹក ទំហំ ២ ម x៣ម x២.៥ម និងរៀបចំទរទឹកចូលបន្ទប់ទឹកផងដែរ៕