(ភ្នំពេញ)៖ លោក លី ឡេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត ត្បូងឃ្មុំ បានលើកឡើងថា «ប្រសិនបើម្ដាយសំរាលកូន ប្រកដោយសុវត្ថិភាព កូននឹងមានសុខភាពល្អ លូតលាស់ចម្រើនវ័យ មានបញ្ញាស្មារតីរឹងមាំ និងបានទៅសាលារៀន ក្រេបយកចំណេះដឹងសម្រាប់អនាគត»

ការលើកឡើងរបស់ លោក លី ឡេង ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមការរៀបចំពី សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ នៅមណ្ឌល សុខភាពរការខ្នុរ៥ ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ដោយមានការចូលរួម ពីមាតាចំនួន៧៧គ្រួសារ ។

លោក លី ឡេង បានសម្ដែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយកចិត្តទុកដាក់ ចំពោះសុខភាពមាតា ទារក និងកុមារទូទាំងប្រទេស ដោយឡែក ក្នុងរយៈពេលពីរទស្សវត្សកន្លងមកនេះ អត្រាមរណភាពមាតា ទារក និងកុមារបានធ្លាក់ចុះជាបន្តបន្តាប់ ជាក់ស្តែង ប្រទេសកម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង១០ ដែលសម្រេចបានជោគជ័យ គួរអោយកត់សម្គាល់ ក្នុងការជួយសង្គ្រោះជីវិតស្ត្រី និងកុមារ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ សហស្សវត្សទី៤ និងទី៥ របស់កម្ពុជា ។

លោកបញ្ជាក់ទៀតថា «ប្រសិនបើមាតា សំរាលបុត្រដោយសុវត្ថិភាព បុត្រនោះនឹងលូតលាស់ចម្រើនវ័យ មានបញ្ញា ស្មារតីរឹងមាំ និងបានទៅសាលារៀន ក្រេបយកចំណេះដឹងសម្រាប់អនាគត  ដូចនេះ ការថែទាំសុខភាពរបស់ស្ត្រី ចាប់ពីពេលពេញវ័យ រហូតដល់ពេលមានគភ៌ ពេលសម្រាលបុត្រ ពេលក្រោយសម្រាល រួមទាំងការពន្យារកំណើត ពីកូនមួយទៅកូនបន្ទាប់ គឺជាអន្តរាគមន៍ចាំបាច់  ដែលចាប់ពីពេលទារកទើបនឹងកើត ដល់កុមារមានអាយុ២ឆ្នាំ បន្តដល់ពេលកុមារធំអាចចូលរៀន និងរហូតដល់ចម្រើនវ័យ»

ឆ្លៀតក្នុងឳកាសនោះលោកប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងសហការី បានចែកអំណោយជូន ដល់មាតាដែលចូលរួម ដោយក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិការចំនួន៣ម៉ឺនរៀលផងដែរ៕