(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំលោក សុខ លូ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំសហការី ចុះជួបជាមួយអាជីវករ និងអ្នកលក់ដូរ តាមកញ្ច្រែង កញ្ជើ និងល្អី នៅក្នុងផ្សារកំពង់ថ្ម ផ្សាររំលង និងផ្សារតំាងគោក ស្រុកបារាយណ៍ ដើម្បីនាំសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅប្រាប់ដល់បងប្អូនអាជីវករថា «រដ្ឋលែងយកថ្លៃភាស៊ី​ទៀតហើយ សូមបងប្អូនលក់អស់មួយជីវិត»

នៅចំពោះមុខក្រុមអាជីវករទាំងនោះ អភិបាលខេត្តកំពង់ធំ បានពន្យល់អំពីការបង់ភាស៊ី និងទីតំាងលក់របស់បងប្អូន គឺអាចលក់បានតកូនតចៅ គ្មានអ្នកណាមកដេញបងប្អូនទេ ចំពោះបងប្អូនអាជីវករលក់ក្នុងផ្សារ ក៏មិនមានការបង់ពន្ធ រីឯបងប្អូនដែលលក់ផលិតផលរបស់គាត់ ដែលយកមកលក់តាម កញ្ជើ កញ្ច្រែង ល្អី ម្តងម្កាល ក៏មិនតម្រូវឲ្យបង់ភាស៊ី ហើយអាជ្ញាធរស្រុក ធ្វើការងារប្រចាំនៅទីនោះ។

លោក សុខ លូ បានបញ្ជាក់ថា «ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានលុបបំបាត់ការបង់ថ្លៃលក់តាម កញ្ជើ កញ្ច្រែង និងល្អី ដោយបានសម្រួលដល់បងប្អូន ក៏ដូចជា បង្កភាពងាយស្រួលដល់បងប្អូនផងដែរ»

តែយ៉ាងណាក៏ដោយនោះ លោកអភិបាលខេត្ត បានសំណូមពរបងប្អូនជាអាជីវករទាំងអស់ ត្រូវតែជួយថែរក្សានូវសណ្កាប់ធ្នាប់ និងអនាម័យក្នុងការលក់ដូរ។ ជាមួយគ្នានេះលោក ក៏បានប្រជុំជាមួយគណៈកម្មការផ្សារ ដើម្បីរៀបចំធ្វើហេដ្ឋរចនាសម្ព័ន្ធ ដូចជា៖ រៀបចំប្រព័ន្ធសុវត្ថិភាព ទឹក ភ្លើង ផ្លូវចេញចូល លូ ចាក់បេតុងជុំវិញផ្សារ តូបលក់ដូរ ដើម្បីការពារមានគ្រោះ​អគ្គិភ័យជាដើម ប៉ុន្តែបញ្ហាទាំងអស់នេះគឺអាស្រ័យលើបងប្អូន ចូលរួមសហការណ៍ដើម្បីរកដំណោះស្រាយ។

នៅថ្ងៃដដែលនេះ លោកអភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ការសាងសង់អគារសិក្សាវិទ្យាល័យ ហ៊ុន សែន តាំង គោគ ដែលជាអំណោយរបស់សម្តេចតេជោហ៊ុន សែន ដោយបានជួយឧបត្ថម្ភអគារសិក្សាពីរខ្នង មាន៤៨បន្ទប់ អគារទីចាត់ការមួយខ្នង៣បន្ទប់ និងធ្វើការកែសម្រួលរបងតារាងបាល់ទាត់ បាល់ទះ បាល់បោះ និងចាក់បេតុងផ្លូវចូលផងដែរ ហើយការសាងសង់នេះចាប់ផ្តើមនៅខែតុលា ឆ្នាំ ២០១៦ និងបញ្ចប់នៅខែកក្តដា ឆ្នាំ២០១៧ ដោយក្រុមវិស្វកម្មសម្តេចតេជោ៕