(ភ្នំពេញ)៖ បណ្តាតំណាងការិយាល័យនានារបស់ ក្រុមហ៊ុន Century21Cambodia នៅក្នុងប្រទេសកម្ពុជា ប្រមាណ១៣រូប នៅសប្តាហ៍នេះ ត្រូវបានអញ្ជើញ ឱ្យទៅចូលរួមក្នុងមហាសន្និបាត Century21 នៅសហរដ្ឋអាមេរិក រយៈពេល៥ថ្ងៃ។ សន្និបាតនេះ បានចាប់ផ្តើមពីថ្ងៃទី០៥ ដល់០៩ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុង Las Vegas ដោយមានអ្នកចូលរួមជាង ៥ម៉ឺននាក់ ពីបណ្តាប្រទេសចំនួន៧៨នៅទូទាំងពិភពលោក ជាពិសេសគឺមាន វត្តមានរបស់ថ្នាក់ដឹកនាំកំពូលរបស់មហាគ្រួសារ Century 21 ទាំងអស់ជុំវិញពិភពលោក ជួបប្រជុំគ្នា។
មហាសន្និបាតនេះ មិនត្រឹមតែជាការប្រមូលផ្តុំគ្នាសម្រាប់តែការបង្កើតបណ្តាញ Network ដ៏ធំប៉ុណ្ណោះទេ វាត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្សេងៗទៀត ដូចជា វគ្គបណ្តុះបណ្តាលពី វាគ្មិនជាង ៧០នាក់ ដែលពោរពេញដោយបទពិសោធន៍ និង មានជំនាញវិជ្ជាជីវៈ សិក្សាពីការសម្របខ្លួនទៅនឹង ទីផ្សារអចលនទ្រព្យ ដែលបានផ្លាស់ប្តូរ តាមសម័យកាល និងចំណេះដឹងក្នុងការរីកលូតលាស់អាជីវកម្មជាដើម។ល។
លោក គុយ វ៉ាត នាយកប្រតិបត្តិ Century 21 Cambodia ដែលដឹកនាំតំណាងនានារបស់ខ្លួនទៅចូលរួមសន្និបាតនេះ បានចាត់ទុកថា ការដែល Century21Cambodia នៅក្នុងប្រទេសកម្ពុជា ត្រូវបានអញ្ជើញឱ្យទៅចូលរួមក្នុង មហាសន្និបាតនៅសហរដ្ឋអាមេរិកនេះ គឺជាមោទនភាពមួយរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក។ លោកថ្លែងថា «យើងមានមោទនភាព ដែលបានក្លាយជាផ្នែកមួយ នៃមហាគ្រួសារ Century 21 ដ៏ធំមួយនេះ ហើយយើងមានការសប្បាយរីករាយ ដែលអាចចូលរួមក្នុងព្រឹត្តិការណ៍ធំដូចនេះ ដែលក្លាយជាអ្នកតំណាង Century 21 នៅក្នុងប្រទេសកម្ពុជា»។
នាយកប្រតិបត្តិរូបនេះ បានបន្ថែមថា «ក្រៅពីបណ្តាញដ៏ធំជាសកល និង វត្តមានម៉ាកយីហោអន្ដរជាតិដ៏ល្បី (International Brand) របស់Century 21 ក្នុងប្រទេសកម្ពុជា យើងនឹងបង្កើនស្តង់ដារវិជ្ជាជីវៈ ក្នុងការផ្តល់សេវាកម្មរបស់ភ្នាក់ងារអចលនទ្រព្យ នៅក្នុងវិស័យអចលនទ្រព្យទាំងមូល ក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរនៅក្នុងទីផ្សារអន្តរជាតិទៅតាមសហសម័យកាល»។
ដោយបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ ក្រុមហ៊ុន Century21 នៅកម្ពុជា មានការិយាល័យចំនួន១២ នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ក្នុងនោះរួមមាន
Century 21 Dream Property, Century 21 Mekong, Century 21 Fortuna Investment, Century 21 Imperial Realty និង Century 21 World Trust។ Century21Cambodia គឺជាប្រទេសទី៧៥ សម្រាប់ Century 21 ពិភពលោក។ Century21Cambodia មិនត្រឹមតែទាញយកផលប្រយោជន៍ពីម៉ាកល្បីអន្តរជាតិ ជូនដល់ការិយាល័យ (Century 21Franchise Offices) ក្នុងការធ្វើអាជីវកម្មក្នុងប្រទេសប៉ុណ្ណោះទេ, បន្ថែមពីនេះ Century21Cambodia ក៏បានជំរុញឱ្យមាន បណ្តាញជាសកលដែលអាចជាកំលាំងចលករជំរុញឱ្យមានប្រតិបត្តិការទិញលក់ជាសកល ដែលជាអ្នកតំណាង Century 21 ក្នុងប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ក្រៅពីការចូលរួមក្នុងសន្និបាតខាងលើ Century 21 Cambodia និងគណៈប្រតិភូរបស់ខ្លួនក៏ធ្វើទស្សនាកិច្ចទៅកាន់ទីក្រុងមួយចំនួន នៅសហរដ្ឋអាមេរិក ដូចជា Los Angeles, New York, California និងរដ្ឋដ៏ទៃទៀតដើម្បីសិក្សារបន្ថែមទៀត អំពីការគ្រប់គ្រងភ្នាក់ងារអចលទ្រព្យប្រកបដោយប្រសិទ្ធភាព និងការប្រើបា្រស់ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិ ព្រមទាំងបទពិសោធន៍ជាក់ស្តែងដទៃជាច្រើនទៀត៕