(ភ្នំពេញ)៖ ស្ត្រីចំណាស់ម្នាក់ បានកាន់រូបថតកូនស្រីវ័យជំទង់ ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង០៩៖៤៥ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ ដើម្បីសុំឲ្យជួយស្វែងរកកូនស្រី ដែលបានលួចចាកចេញពីផ្ទះ បាត់រយៈពេល២ថ្ងៃកន្លងមកហើយ ដោយនាំយកទាំងមាស ទៅជាមួយជាង២តម្លឹងផងដែរ ហើយមិនដឹងថា នាងទៅណានោះឡើយ។

មន្រ្តីនគរបាលបានឲ្យដឹងថា ស្រ្តីខាងលើនេះ ឈ្មោះ សៀង អូន អាយុ៥២ឆ្នាំ បានបាត់កូនស្រីឈ្មោះ វណ្ណារ៉ា សៀវម៉ី អាយុ១៤ឆ្នាំ ជាសិស្ស សព្វថ្ងៃរស់នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ។

ស្ត្រីចំណាស់ម្នាក់ខាងលើនេះ បាននិយាយថា កូនស្រីគាត់បានលួចចាកចេញពីផ្ទះ នៅវេលាម៉ោងប្រហែល០២៖៣០នាទី រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ដោយនាងបាននាំយកទៅជាមួយមាស ចំនួន២តម្លឹង និង១ជីផងដែរ ដោយគាត់មិនបានដឹងថា នាងទៅទីណានោះឡើយ ព្រោះទូរស័ព្ទ ក៏ខលមិនចូលថែមទៀត ដោយមានការព្រួយបារម្ភពីសុវត្ថិភាពនាង និងសង្ស័យថា នាងចាញ់ល្បិចអូសទាញរបស់ជនណាម្នាក់ និងខ្លាចនាំទៅកាន់កន្លែងដែលមានគ្រោះថ្នាក់ ទើបគាត់ជាម្ដាយបានប្ដឹងសុំឲ្យនគរបាលជួយធ្វើការស្រាវជ្រាវរកកូនស្រី
គាត់ផង។

ស្ត្រីរូបនោះបានបន្ថែមទៀតថា ព្រោះក្រោយពេលដែលបាត់ខ្លួនកូនស្រី គាត់បានព្យាយាមខលរកនាងដែរ ប៉ុន្តែទូរស័ព្ទនាងខលមិនចូលសោះ មិនដឹងថា នាងបិទទូរស័ព្ទឬក៏មានបញ្ហាអ្វី កើតឡើងចំពោះនាងនោះឡើយ ហេតុនេះទើបធ្វើឲ្យគាត់មានការព្រួយបារម្ភ ខ្លាចនាងមានគ្រោះថ្នាក់ ម្យ៉ាងក៏សង្ស័យថា នាងមានអ្នកអូសទាញផងដែរ ទើបហ៊ានលួចចាកចេញពីផ្ទះដោយស្ងាត់ៗបែបនេះ។

ស្រ្តីខាងលើបានបន្តទៀតថា ដោយសារតែមិនដឹងថា ត្រូវទៅរកកូននៅទីណា គាត់ក៏បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ នគរបាលដើម្បីសុំឲ្យជួយអន្តរាគមន៏ស្វែងរក ដោយគាត់បាននាំយកនៅរូបថតកូនស្រីគាត់ ទៅបង្ហាញដល់នគរបាលមើលពីភិនភាគដើម្បីងាយស្រួលរក មិនតែប៉ុណ្ណោះគាត់ក៏បានប្ដឹងសុំឲ្យនគរបាលជួយចាត់ការ ទៅលើជនសង្ស័យដែលគាត់មានការសង្ស័យថា ជាអ្នកប្រើល្បិចអូសទាញកូនស្រីគាត់ទៅជាមួយផងដែរ៕