(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកក្រគរ ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ប្រពន្ធ ដោយសារបុរសម្នាក់នោះ បានផឹកស្រាស្រវឹង យកកៅអីជ័រវាយធ្វើបាបនាង បណ្តាលឲ្យរងរបួសជាំខ្នង។ ករណីហិង្សាខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យជាប្តី ដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ ងួន ហុង អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ។ រីឯជនរងគ្រោះជាប្រពន្ធ មានឈ្មោះ ឡុង ចាន់ថុន អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ទាំង២នាក់ប្តីប្រពន្ធ មានកូនក្នុងបន្ទុក៦នាក់ ក្នុងនោះស្រី២នាក់ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកអធិការបានឲ្យដឹងថា នៅយប់មុនពេលកើតហេតុ ជនសង្ស័យជាប្តី ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ទំនងជាទាស់ពាក្យសម្តីជាមួយគ្នា រួចបានយកកៅអីជ័រវាយពីក្រោយខ្នងប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរងរបួសជាំខ្នង។ ស្ថិតក្នុងស្ថានភាពបែននេះនាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ ជនរងគ្រោះជាប្រពន្ធ ក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ភ្លាមនោះកម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ក្បាលត្រាច បានទៅយកបុរសដែលប្រើអំពើហឹង្សាលើប្រពន្ធនោះ មកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់ គ្រប់៤៨ម៉ោង។
ចំពោះករណីមិនរាងចាល ត្រូវកសាងសំណុំរឿងបញ្ឈូនទៅកាន់ផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕