(ភ្នំពេញ)៖ គិតមកទល់ពេលនេះ ក្រុមហ៊ុននាំខ្សែភាពយន្តខ្មែរទៅកាន់ទីផ្សារអន្តរជាតិ «ពូព្រហ្ម» មានអាយុកាលរយៈពេល១ឆ្នាំ មកហើយ។ ដូចការសន្យារបស់ខ្លួន កាលពីចាប់បដិសន្ធិ បេសកកម្មមួយរបស់ក្រុម៊ហ៊ុន គឺនាំខ្សែភាពយន្តខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ នៅថ្ងៃអនាគតដ៏ខ្លីនេះ ក្រុមហ៊ុន «ពូព្រហ្ម» បានជ្រើសរើសភាពយន្តខ្មែរជាង១០ ដែលមានចំណងជើងរឿង ដើម្បីចូលរួមក្នុង ព្រឹត្តិការណ៍អន្តរជាតិ នៅក្នុងទីក្រុងហុងកុង មានឈ្មោះថា «Hong Kong Filmart 2017» ដែលជាមោទនភាពយន្ត ដ៏អស្ចារ្យមួយ របស់វិស័យភាពយន្តខ្មែរ ដែលកំពុងតែរីកលូតលាស់ ជាលំដាប់នេះ។
ភាពយន្តខ្នាតធំ ដែលពេញនិយមនៅកម្ពុជា និងត្រូវបានផលិតឡើង ដោយផលិតករខ្មែរទាំងអស់នៅរួមមានដូចជា រឿង «ប៉ុបពីទៅហូលីវូឌ» (ដឹកនាំដោយលោក សុខ វិសាល) រឿង «វិកលចរិត» (ដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង) រឿង«ស្នេហ៍ស្វ័យគុណ៤» (ដឹកនាំដោយកញ្ញា សុធា អ៊ីណេស) រឿង «Jailbreak: ការពារឧក្រិដ្ឋជន» (ដឹកនាំដោយលោក ជីមី ហែនឌ័រសុន),រឿង «សេ្នហាសិស្សច្បង» (ដឹកនាំដោយ សុខ លក្ខិណា), រឿង «ខូចចិត្ត» (ដឹកនាំដោយ លោក មង្គល), រឿង «នារីវេទមន្ត» (ដឹកនាំដោយលោក ជីមី ហែនឌ័រសុន), រឿង «មេកប់ស៊េរី» (ដឹកនាំដោយ លោក ឆន ឆដាភក្រ្ត), រឿង «កំណប់ឪខ្ញុំ» (ដឹកនាំដោយ លោក ឆន ឆដាភក្រ្ត) និងរឿង «៣.៥» (ដឹកនាំដោយ លោក ឆាយ បូរ៉ា)។
លោកស៊ុ ស៊ីថែន អ្នកចាត់ការទូទៅរបស់«ពូព្រហ្ម» បានឲ្យដឹងថា «នេះជាឆ្នាំទី២ ហើយដែល "ពូព្រហ្ម" នាំយករឿងខ្មែរទៅទីផ្សារភាពយន្តអាស៊ី ដ៏ធំជាងគេមួយនេះ។ ក្រុមហ៊ុនដែលចូលរួមទីផ្សារ ឬពិព័រណ៍នេះមួយចំនួន បានធ្វើការណាត់ជួបជាមួយយើងខ្ញុំ ជាបន្តបន្ទាប់ ស្តីពីការចរចាទិញលក់រួចទៅហើយ»។ លោកក៏បានបង្ហើបថា «យ៉ាងហោចណាស់ មានភាពយន្ត១រឿងនឹងសម្រេចការលក់ខ្នាតធំ ជាមួយភាគីបរទេស នៅទីផ្សារនោះតែម្តង។ ដំណឹងច្បាស់ការនឹងផ្តល់ជូន បន្ទាប់ការចុះហត្ថលេខារួច»។
អ្វីដែលអស្ចារ្យជាងនោះ ទៅទៀត គឺ «Hong Kong Filmart» ឆ្នាំនេះយល់ព្រមបញ្ចាំងភាពយន្តខ្មែរ២រឿង ជាលក្ខណៈទីផ្សារអន្តរជាតិ (International Market Screening) គឺរឿង« Jailbreak: ការពារឧក្រិដ្ឋជន» និង«ស្នេហ៍ស្វ័យគុណ៤» ។ ការបញ្ចាំងបែបនេះ មានលក្ខណៈអំណោយផលច្រើន ដល់ការលក់ ដោយសារអ្នកចាប់អារម្មណ៍ទិញ អាចទស្សនារឿងបានទាំងមូល និងសម្រេចតម្លៃបានភា្លមៗ។
គួរបញ្ជាក់ដែរថា «Hong Kong Filmart ២០១៧» នឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ខែមិនា ខាងមុខនេះ នៅទីក្រុងហុងកុង (ប្រទេសចិន)។ Filmart ជាទីផ្សារដ៏ធំបផុតនៅទ្វីបអាស៊ី សម្រាប់ឧស្សាហកម្មផ្នែកកម្សាន្ត។ កម្មវិធីលើកទី២០ នៅឆ្នាំ២០១៦ទាក់ទាញបានក្រុមហ៊ុនពិព័រណ៍ជាង ៨០០ មកពី៣០ប្រទេស និងតំបន់ និងអ្នកទស្សនាជាង ៧៣០០នាក់មកពី ៦០ប្រទេស និងតំបន់។ ផលិតករ អ្នកចែកចាយ វិនិយោគិន និងជំនាញការភាពយន្តល្បីៗលើឆាកអន្តរជាតិ ប្រើ Filmart ដើម្បីសម្ពោធការផ្សព្វផ្សាយ ភ្ជាប់បណ្តាញជាមួយក្រុមហ៊ុនធំៗ ក្នុងវិស័យនេះ ក៏ដូចជាចរចាការលក់ ដូរ ផ្សេងៗលើស្នាដៃ ឬគម្រោងរបស់ខ្លួន។ ព័ត៌មានបន្ថែមពី Filmart អាចរកបានតាម៖ www.hktdc.com/hkfilmart !។
ចង់ដឹងថា រឿងខ្មែរមួយណាដែលសម្រេចការលក់ជាអន្តរជាតិ ចាំតាមដានទាំងអស់គ្នានៅចុងខែ មិនា នេះ?