(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ផ្ទះថ្មី១ខ្នង ធ្វើពីថ្មប្រក់ស័ង្កសី មានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ និងតសំយ៉ាបមុខផ្ទះប្រវែង ២.៥ម៉ែត រួមជាមួយបន្ទប់ទឹកមួយទំហំ ១.៨ម៉ែត គុណ ២.៣ម៉ែត ជូនស្ត្រីមេម៉ាយឈ្មោះ ម៉ី សារិន អាយុ៥៣ឆ្នាំ ដែលមានទុក្ខផ្ទួនៗគ្នា ដោយប្តីឈឺស្លាប់កូនប្រុសម្នាក់ស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ ស្របពេលកំពុងជំពាក់បំណុលគេ ហើយត្រូវទទួលរងគ្រោះដោយសារ ដើមអំពិលដួលរលំសង្កត់ផ្ទះ ខូចខាតទាំង ស្រុងទៀត កាលពីអំឡុងខែតុលា ឆ្នាំ ២០១៦ កន្លងទៅនេះ ដែលបច្ចុប្បន្នគាត់រស់នៅភូមិសោកមោក ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋរងគ្រោះជួបការលំបាកដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកស្រីអគ្គលេខាធិការរងទី១ បានផ្តាំផ្ញើដល់អ្នកស្រី ម៉ី សារិន ត្រូវថែទាំសុខភាពឱ្យបានល្អ ប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងអប់រំកូនឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួន។

ទន្ទឹមនឹងនោះ អំណោយដែលនាំយកទៅប្រគល់ជូន ក្នុងពិធីប្រគល់ផ្ទះនោះរួមមាន ៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មុង ភួយ សារុង ក្រមា កន្ទេល ខ្នើយ ចាន ឆ្នាំង សម្ភារៈផ្ទះបាយ និងថវិកាមួយចំនួន។

ជាមួយគ្នានោះ ប្រតិភូកាកបាទក្រហមកម្ពុជា ក៏បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌រួមមាន អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា និងថវិកាមួយចំនួន ជូនដល់ចាស់ជរាឥតទីពឹងចំនួន ១៦គ្រួសារ ដែលរស់នៅក្បែរនោះទៀតផង៕