(សៀមរាប)៖ វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា របស់ប្រទេសជប៉ុន ក្រោមកិច្ចសហការជាមួយ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលប្រាង្គខាងជើង នៃប្រាសាទតុបខាងលិច ក្នុងជំហានទី២របស់ខ្លួន ចាប់ពីខែកញ្ញា ឆ្នាំ២០១៥មក ហើយគម្រោងប្រាង្គនេះ អាចនឹងបញ្ចប់ការជួសជុលនៅអំឡុងខែមិថុនា ឆ្នាំ២០១៧ នឹងបន្តជួសជុលប្រាង្គកណ្តាលតទៅទៀត។
ក្នុងដំណើរចុះពិនិត្យការដ្ឋានអន្តរជាតិ របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៩ មីនា ឆ្នាំ២០១៧នេះ អគ្គនាយករង នៃវិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា លោក Hiroshi SUGIYAMA ដែលទទួលបន្ទុកគ្រប់គ្រងការដ្ឋាននេះពន្យល់ថា ការជួសជុលប្រាង្គខាងជើងនេះ បានដំណើរទៅយ៉ាងរលូន ក្រោមកិច្ចសហការសម្របសម្រួល យ៉ាងល្អពីអាជ្ញាធរជាតិអប្សរា។
លោក SUGIYAMA ក៏បានពន្យល់ថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា អំពីបច្ចេកទេសនៃការអភិរក្សជួសជុល ការចងក្រងឯកសារ និងចុះបញ្ជីសារពើភណ្ឌជាដើម។
លោកក៏បានសន្យា បន្តជួសជុលប្រាសាទនេះ ឲ្យបានរួចរាល់តាមគម្រោង ដោយគោរពតាមបទដ្ឋានបេតិកភណ្ឌពិភពលោក និងទទួលយកការផ្លាស់ប្តូរគំនិតជាមួយអ្នកជំនាញផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការងារជួសជុលនេះបានជោគជ័យ និងរក្សាបាននូវតម្លៃដើមនៃបេតិកភណ្ឌ។
លោក ហន រិត្ថា អ្នកជំនាញការប្រចាំការដ្ឋាននេះបញ្ជាក់ថា ដោយសារប្រាសាទនេះ មានភាពទ្រុឌទ្រោមស្ទើរតែ៩០% ដូច្នេះការជួសជុល គឺបានធ្វើឡើងស្ទើរទាំងស្រុង។ ការជួសជុលប្រាង្គខាងជើងនេះ ក្រុមការងារបានរៀបចំគ្រឹះឡើងវិញ និងបន្តរៀបចំរចនាសម្ព័ន្ធផ្សេងៗ ដោយយកថ្មចាស់ដែលមានស្រាប់ និងជំនួសថ្មថ្មីខ្លះត្រង់ចំណុចណា ដែលស្វែងរកមិនបាន ហើយមានភាពចាំបាច់ខ្លាំង។
លោក ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណ ចំពោះវិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា ដែលបានបំពេញការងារ បានយ៉ាងល្អប្រសើរ។ លោកក៏បានផ្តាំផ្ញើចំពោះប្រធានគម្រោង ដើម្បីផ្តល់ដំណឹងដល់ថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរាឲ្យបានទាន់ពេលវេលា ករណីមានសំណូមពរ ឬសំណើណាមួយ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរជាតិអប្សរា។
ប្រាសាទតុបខាងលិច ត្រូវបានកសាងឡើង ក្នុងរវាងសតវត្សទី១០ ដែលមានរចនាប័ទ្មបន្ទាយស្រី ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ចាប់ពីសតវត្សទី១៣ដល់ទី១៧ ប្រាសាទនេះ ត្រូវបានកែបន្ថែមបន្ថយខ្លះៗ ដែលយើងឃើញដល់សព្វថ្ងៃដូចជា ការកសាងប្រាង្គពីរអមសងខាង ព្រមទាំងរានហាលខាងមុខប្រាសាទបន្ថែមទៀត ជារោងឧបោសថ សម្រាប់ព្រះសង្ឃព្រះពុទ្ធសាសនា ថេរវាទជាដើម។
ចាប់ពីឆ្នាំ២០១១មក វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា សហការជាមួយអាជ្ញាធរជាតិអប្សរា បានធ្វើការអភិរក្សជួសជុល។ ក្នុងជំហានដំបូង ក្រុមការងារបានជួសជុល ប្រាង្គខាងត្បូងរួចរាល់នៅចុងឆ្នាំ២០១៥ ហើយបន្តជួសជុលប្រាង្គខាងជើង ថែមទៀតក្នុងជំហានទី២។ ក្នុងជំហានទី៣ ក្រុមការងារនឹងជួសជុលប្រាង្គកណ្តាល នៃប្រាសាទ ដែលតាមគម្រោងនឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ៕