(ភ្នំពេញ)៖ អំឡុងខែកុម្ភៈ ឆ្នាំ២០១៧នេះ សមត្ថកិច្ចចរាចរ បានឃាត់យានយន្តប្រមាណ ៣៧.៥៩៩គ្រឿង និងពិន័យប្រាក់ចំនួន ៨៧០.៣៦៥.០០០រៀល ពីបទល្មើសចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមការបង្ហាញក្នុងរបាយការណ៍ត្រួតពិនិត្យការងារអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ ដែលបង្ហាញនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុងចំណោមយានយន្តដែលត្រូវបានឃាត់ក្នុងខែកុម្ភៈនោះ មានរថយន្ត៣៨% និងម៉ូតូ៦២%។

របាយការណ៍នេះ បានបញ្ជាក់ទៀតថា ក្នុងខែកុម្ភៈនោះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង២៨៤លើក បណ្តាលឱ្យស្លាប់ចំនួន១៤០នាក់ និងរបួស ៤១៨នាក់ ដែលភាគច្រើននៅរាជធានីភ្នំពេញស្លាប់១៥នាក់ ខេត្តពោធិ៍សាត់ស្លាប់១២នាក់ បន្ទាយមានជ័យស្លាប់១១នាក់។ មូលហេតុនៃគ្រោះថ្នាក់ចរាចរទាំងនេះ គឺដោយសារបើក បកលើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិអាទិភាព១៨% បត់១០% មិនប្រកាន់ស្តាំ១៤% ស្រវឹង១១% វ៉ាជែង១០% កត្តាយានយន្ត៤% ងងុយ១% និងកត្តាផ្លូវ១% ។

ក្នុងខែកុម្ភៈ ឆ្នាំ២០១៧ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនជាអ្នកជិះម៉ូតូកម្លាំង១២៥CC ចុះក្រោម ក្នុងនោះភាគច្រើនមិនពាក់មូកសុវត្ថិភាព។ ក្នុងគ្រោះ ថ្នាក់ចរាចរណ៍ទាំងនោះ សមត្ថកិច្ចបានដោះស្រាយចំនួន៨៦ករណី បញ្ជូនទៅតុលាការចំនួន៩២ករណី និងកំពុងអង្កេត៧២ករណី ។

របាយការណ៍ដដែលបង្ហាញ សរុបប្រាក់ពិន័យចាប់ពីថ្ងៃទី១ ខែមករា មកទល់ថ្ងៃទី២៨ ខែកុម្ភៈ បានចំនួន២.០៤៥.៤៥៥.០០០រៀល៕