(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅ សហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញម្ចាស់អាជីវកម្ម មណ្ឌលកំសាន្តទេសចរណ៍ រង្គសាល ឌីស្កូតេក បៀរហ្គាឌិន និងខារ៉ាអូខេ ដើម្បីផ្សព្វផ្សាយស្តីពីច្បាប់ទេសចរណ៍ និងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។
លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅបានថ្លែងថា គោលដៅនៃការផ្សព្វផ្សាយច្បាប់ស្តីពីច្បាប់ទេសចរណ៍ មានគោលបំណង ដើម្បីឲ្យប្រតិបត្តិករណ៍ទាំងអស់ បានយល់ដឹងអំពីគោលបំណង ដែលមានចែងក្នុងច្បាប់ ដែលរៀបចំដោយរាជរដ្ឋាភិបាល។
លោកថា «ដើម្បីធ្វើឲ្យប្រសើរឡើង មាននិរន្តរភាព លើវិស័យទេសចរណ៍ និងចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងយោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី យើងបានណែនាំដល់ម្ចាស់អាជីវកម្ម និងជំរាបដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន មុនអនុញ្ញាត ឬសុំច្បាប់ ធ្វើអាជីវកម្មមណ្ឌលកំសាន្តនានា ត្រូវយល់ដឹងពីច្បាប់ទេសចរណ៍ ដូចជា ត្រូវមានចម្ងាយយ៉ាងតិច២០០ម៉ែត្រ ពីបរិវេណក្រសួង ស្ថាប័ន គ្រឹះស្ថានរដ្ឋបាល សាធារណៈ ស្ថានទូត មន្ទីរពេទ្យ សាលារៀន ទីតាំងសាសនា ឬទីតាំងបេតិកភ័ណវប្បធម៌ជាដើម»។
ចំពោះរង្គសាល ឌីស្កូតេក និងបៀរហ្គាឌិន ចាប់ដំណើរការពីម៉ោង៤រសៀលដល់ម៉ោង១២យប់ ហើយខារ៉ាអូខេ ចាប់ដំណើរការពីម៉ោងប១០ព្រឹក ដល់ម៉ោង១២យប់ជាកំហិត។
ជាមួយគ្នានេះ លោកអភិបាលរង បានណែនាំដល់ម្ចាស់អាជីវកម្មក្លឹបកំសាន្ត ឲ្យបំពាក់ឧបករណ៍ពន្លត់អគ្គិភ័យ ចៀសវាងការកើតឡើងគ្រោះមហន្តរាយផ្សេងៗ បើកច្រកសុវត្ថិភាពឲ្យបានច្រើន ត្រូវរៀបចំឧបករណ៍បំពងសំឡេងមិនឲ្យឮចេញមកក្រៅ រំខានផ្ទះអ្នកជិតខាង និងកំណត់មនុស្សពេញវ័យចូលលេងកំសាន្តហើយ។
លោក ប៊ូ វឌ្ឍនា នាយករងរដ្ឋបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា អាជីវកម្មទេសចរណ៍នៅក្នុងខណ្ឌច្បារអំពៅ មានចំនួន២០០ទីតាំង ប៉ុន្តែអាជីវកម្មមានច្បាប់ត្រឹមត្រូវមានចំនួន៣០%ប៉ុណ្ណោះ ដូចនេះទើបរដ្ឋបាលខណ្ឌច្បារអំពៅ ទៅសុំច្បា់ប់អាជីវកម្ម ឲ្យបានត្រឹមត្រូវ ចៀសវាងគណ:កម្មចម្រុះ ចុះធ្វើអធិការកិច្ច រកលិខិតស្នាម ពិសេសដើម្បីឲ្យប្រតិបត្តិករយល់ពីច្បាប់៕