(ភ្នំពេញ)៖ ខ្សែភាពយន្តចំនួន៣ បង្ហាញពីចំណងទំនាក់ទំនងរវាងប្រទេសជប៉ុន កម្ពុជា និងហ្វីលីពិន ដែលជាប្រទេសក្នុងតំបន់អាស៊ីត្រូវបានលើកយកមកបង្ហាញព្រមគ្នានៅសាលមហោស្រពចតុមុខនារាត្រីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ។ ខ្សែភាពយន្តទាំង៣ «ស្ពាននិស្ស័យ» ដែលជាស្នាដៃរបស់អ្នកស្រី សុទ្ធោ គុល្លិការ បានបង្ហាញពីចំណងទំនាក់ទំនងដ៏ស៊ីជម្រៅរបស់កម្ពុជា-ជប៉ុន និង បានបង្ហាញផងដែរនូវទុក្ខវេទនារបស់ពលរដ្ឋខ្មែរក្នុងភ្លើងសង្រ្គាមទសវត្សរ៍ឆ្នាំ៧០។
ការចាក់បញ្ចាំងខ្សែភាពយន្តទាំង ៣រឿងនេះ ទទួលបានការអញ្ជើញចូលរួមទស្សនាដោយផ្ទាល់ពីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណុអ៊ុជិ លោកស្រី ភឿង សកុណា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងភរិយា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជា George Edgar លោកស្រី Julie Chung ភារធារីស្ថានទូតអាមេរិកនៅកម្ពុជា រួមនិងសិល្បករ ផលិតករ ប្រជាពលរដ្ឋ សិស្សនិស្សិត និងអ្នកស្នេហាវិស័យភាពយន្តជាច្រើនរូបផ្សេងទៀត។
ខ្សែភាពយន្តទាំង៣រឿង បានបង្ហាញពីប្រវត្តិសាស្រ្ត និងវប្បធម៌រៀងៗខ្លួនរបស់ប្រទេសជប៉ុន ហ្វីលីពិន និងកម្ពុជា។ ខ្សែភាពយន្ត «សេះងាប់របស់ស៊ីនុម៉ា» របស់ហ្វីលីពិន ដែលនិពន្ធដោយផលិតករល្បីឈ្មោះ ប្រ៊ីយ៉ង់ មែនដូហ្សា បានបង្ហាញពីជីវិតសត្វសេះ ដែលត្រូវបានគេយកទៅប្រណាំងធ្វើជាល្បែងភ្នាល់ ហើយទីបំផុតក៏ត្រូវបានគេបាញ់សម្លាប់។ ខ្សែភាពយន្តក៏បានរំលេចពីទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជនហ្វីលីពិនផងដែរ។
ខ្សែភាពយន្ត «សត្វព្រាប» របស់ផលិតករ អ៉ីសាវ យូគីសាដា វិញ បានបង្ហាញពីភាពឯកោរបស់ប្រជាពលរដ្ឋជប៉ុន នៅពេលចាស់ជរា ដោយខ្វះនូវភាពកក់ក្តៅ និងការមើលថែពីកូនៗរបស់ពួកគេ។ ខ្សែភាពយន្តក៏បានបង្ហាញពីលក្ខណៈសម្បត្តិធម្មជាតិរបស់សត្វព្រាបផង ដែរ។
សត្វព្រាប ដែលត្រូវបានគេចាត់ទុកជាសត្វតំណាងឲ្យសន្តិភាពនោះ គឺមានសភាវៈចងចាំមិនភ្លេចឡើយ ចំពោះកន្លែងពួកគេធ្លាប់បានរស់នៅ បើទោះបីម្ចាស់ព្យាយាមយកទៅលែងចោលនៅទីឆ្ងាយយ៉ាងណាក្តី តែទីបំផុតពួកគេក៏នៅតែហើវិលទៅរកទ្រនំចាស់របស់ពួកគេ។
ខ្សែភាពយន្តនិយាយពីទំនាក់ទំនងរបស់ប្រទេសក្នុងតំបន់អាស៊ីជប៉ុន កម្ពុជា និងហ្វីលីពិននេះ ខ្សែភាពយន្ត «ស្ពាននិស្ស័យ» ស្នាដៃរបស់អ្នកស្រី សុទ្ធោ គុល្លិការ ដែលជាអ្នកផលិតភាពយន្តដ៏ល្បីមួយរូបនៅកម្ពុជា ហាក់ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកទស្សនា។
«ស្ពាននិស្ស័យ» របស់អ្នកស្រី គុល្លិការ ទទួលបានការសម្តែងដោយអ្នកសម្តែងដ៏ល្បីឈ្មោះប្រចាំនៅប្រទេសជប៉ុន លោក Kenji Isizaka និងអ្នកសម្តែងដោយអ្នកស្រី ជុំវណ្ណ សូដាជីវី ដែលជាអ្នករបាំខ្មែរល្បីឈ្មោះមួយរូប។ «ស្ពាននិស្ស័យ» បានបង្ហាញពីចំណងស្នេហាដ៏ស៊ីជម្រៅរវាងកម្លោះជនជាតិជប៉ុន និងនារីកម្ពុជា គ្រាដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០។
ក្នុងខ្សែភាពយន្តអ្នកស្រី គុល្លិការ បានបង្ហាញពីការផ្តាច់ចំណងស្នេហាដ៏ស្មោះស្ម័គ្ររវាងកម្លោះជនជាតិជប៉ុន ដែលមានឪពុកជាមន្រ្តីទូតជប៉ុនប្រចាំនៅកម្ពុជា ជាមួយនារីដ៏ស្រស់សោភារបស់កម្ពុជា ដោយសារតែភ្លើងសង្រ្គាម។ គូស្នេហ៍ទាំងពីរមិនបានបន្តចំណងស្នេហារបស់ពួកគេវិញឡើយ បើទោះបីពួកគេបានជួបគ្នាជាថ្មី ក្រោយពេលសង្រ្គាមបានបញ្ចប់ក៏ដោយនោះ។
តាមរយៈខ្សែភាពយន្តមានចំណងជើងថា «ស្ពាននិស្ស័យ» នេះ អ្នកស្រី គុល្លិការ ក៏បានឆ្លៀតបង្ហាញពីទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសកម្ពុជា និងជប៉ុន តាមរយៈសមិទ្ធផលស្ពានមិត្តកម្ពុជា-ជប៉ុន ជ្រោយចង្វា។ អ្នកស្រី បានរំលេចថា ស្ពានជ្រោយចង្វា ត្រូវបានកាត់ ផ្តាច់ដោយគ្រាប់ផ្លោងរបស់ខ្មែរក្រហម ពេលព្យាយាមវាយដណ្តើមកាន់កាប់រាជធានីភ្នំពេញ ពីរដ្ឋាភិបាលសាធារណរដ្ឋរបស់លោក លន់នល់ ដែលមានអាមេរិកជាបង្អែកនោះ។
ការកាត់ផ្តាច់ស្ពានដោយភ្លើងសង្រ្គាម វាបន្សល់នូវទុក្ខលំបាកសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្រោយពេលបញ្ចប់សង្រ្គាមក្នុងការប្រាស្រ័យទាក់ទងគ្នា ពោលគឺវាប្រៀបដូចជាកាត់ផ្តាច់នូវចំណងស្នេហាកម្លោះជប៉ុន និងនារីកម្ពុជាយ៉ាងដូច្នោះដែរ។
ខ្សែភាពយន្ត ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការជួយជ្រោមជ្រែងក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ពីសំណាក់រដ្ឋាភិបាលជប៉ុន រួមទាំងការតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វាឡើងវិញផងដែរ ក្រោយពេលប្រទេសកម្ពុជា បានបិទបញ្ចប់ភ្លើងសង្រ្គាម។ ការតភ្ជាប់ស្ពានឡើងវិញ បានធ្វើឲ្យពលរដ្ឋកម្ពុជាទាំងចាស់ក្មេងបង្ហាញស្នាមញញឹម និងអំណរសាទរយ៉ាងរីករាយ។
ក្រៅពីការបង្ហាញចំណងទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងកម្ពុជា និងជប៉ុនហើយនោះ អ្នកស្រី គុល្លិការ តាមរយៈស្នាដៃភាពយន្តរបស់អ្នកស្រី ក៏បានរំលេចឲ្យឃើញពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរដោយសារភ្លើងសង្រ្គាម និងបង្ហាញពីការទម្លាក់គ្រាប់បែកដ៏ធំៗរបស់អាមេរិកនៅ លើទឹកដីកម្ពុជា។
អ្នកស្រី គុល្លិការ បានថ្លែងតបជាមួយសំណួររបស់អ្នកទស្សនាថា ការនិពន្ធខ្សែភាពយន្ត «ស្ពាននិស្ស័យ» គឺចង់ឆ្លុះបញ្ចាំងពីចំណងទំនាក់ទំនងកម្ពុជា-ជប៉ុន តាមរយៈការសាងសង់ស្ពានឆ្លងទន្លេ ហើយខ្សែភាពយន្ត ក៏បានកើតចេញពីជីវិតពិតបស់អ្នកស្រីផងដែរ ដែលបានជួបការលំបាកដោយផ្ទាល់កាលពីនៅកុមារភាព ដោយសារគ្មានស្ពានឆ្លង។
អ្នកស្រី គុល្លិការ បានបន្តថា អ្នកស្រីតែងតែងើយមើលស្ពានរាល់ពេលអ្នកស្រីជិះទូកឆ្លងទន្លេ ហើយតែងស្រមៃ និងព្រួយបារម្ភជានិច្ចពីហានិភ័យ និងគ្រោះថ្នាក់ក្នុងពេលជិះទូកឆ្លងទន្លេម្តងៗ៕